កំពតៈ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី ៣ សម្រាប់កសិករស្រូវមិត្តក្រៀល ស្តីពីផលិតកម្មពូជស្រូវពង្រោះ ឬ ការបន្សុទ្ធគ្រាប់ពូជ ដល់សមាជិកស្រូវមិត្តក្រៀលក្នុងភូមិចំនួន ៤ ជុំវិញតំបន់ការពារទេសអន្លង់ព្រីងស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
ភូមិទាំង ៤ នោះរួមមានភូមិ អន្លង់ព្រីង កោះចំការ កោះត្នោត និងភូមិជ្រេស។ វគ្គបណ្តុះបណ្តាលនេះគឺផ្តោតសំខាន់ទៅលើវិធីសាស្ត្រក្នុងការបន្សុទ្ធគ្រាប់ពូជស្រូវឱ្យបានសុទ្ធល្អដូចជាការជ្រើសរើសទីតាំងស្រែ ការថែទាំស្រូវការពារពីជំងឺផ្សេងៗ ការរៀបចំហាលនិងទុកដាក់គ្រាប់ពូជស្រូវឱ្យសមស្របទៅតាមបច្ចេកទេសដើម្បីរក្សាអត្រាដំណុះគ្រាប់ពូជឱ្យបានខ្ពស់ជាដើម។ នេះបើយោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជានាថ្ងៃទី ២៥ ខែសីហា។
សមាជិកស្រូវមិត្តក្រៀល ដែលចូលរួមជាមួយគម្រោងឈានដល់ឆ្នាំទី ៣ នឹងមិនទទួលបានស្រូវពូជពីគម្រោងទេ។ ដូច្នេះបន្ទាប់ពីចូលរួមវគ្គបណ្តុះបណ្តាលនេះ ពួកគាត់និងបន្សុទ្ធគ្រាប់ពូជសម្រាប់សាបព្រោះនាឆ្នាំក្រោយៗដោយខ្លួនឯង។
រហូតមកដល់ពេលនេះ គម្រោងស្រូវមិត្ដក្រៀលចូលដល់ឆ្នាំទី ៣ ហើយ។ ចំនួនកសិករស្រូវមិត្ដក្រៀលបានកើនឡើងពី ៤១ គ្រួសារដល់ ១១៩ គ្រួសារផងដែរ ខណៈពេលដែលផ្ទៃដីដាំស្រូវមិត្តក្រៀល មានការកើនឡើងពីជាង ៣៧ ហិកតាដល់ជាង ១២៥ ហិកតាផងដែរនៅជាប់តំបន់ការពារទេសភាពអន្លង់ព្រីង៕