សៀមរាបៈ អភិបាលរង​ខេត្ត និងជា​ប្រធាន​លេខាធិការដ្ឋាន​នៃគណ:​កម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ខេត្ត (គ.ខ.ប.ជ)លោកស្រី យូ សុភា បានជំរុញ​ឱ្យគ្រប់​អ្នកពាក់ព័ន្ធ​បន្តកិច្ច​សហការគ្នា​ឱ្យកាន់តែ​ស្អិតរមួត​លើការអនុវត្ត​នីតិ​វិធី​នានា ការបង្ក្រាប​បទ​ល្មើស ការជួយ​សង្គ្រោះ​ជនរង​គ្រោះ​ឱ្យបាន​ទាន់ពេលវេលា​ក្នុង​បទល្មើស​ជួញដូរ​មនុស្ស។

ការជំរុញ​នេះ​ត្រូវបាន​ធ្វើ​ឡើងក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ប្រចាំខែ​សីហា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សាលា​ខេត្ត​សៀមរាប ដែលមានការ​ចូលរួម​ពីថ្នាក់​ដឹកនាំ មន្ទីរ អង្គភាព​ពាក់ព័ន្ឋ រដ្ឋបាល​ក្រុង ស្រុក មន្ត្រី​នគរបាល​យុត្តិធម៌ តំណាង​ព្រះរាជ​អាជ្ញា​អមសាលា​ដំបូង​ខេត្ត ព្រមទាំង​តំណាង​អង្គការ ដៃគូ​ពាក់ព័ន្ធ​សរុប ៦២ នាក់​ផងដែរ។ នេះបើយោងតាម​ក្រសួង​ព័ត៌មាន​នាថ្ងៃ​ទី២៥ ខែសីហា។

លោកស្រី​ក៏បានណែនាំ​ឱ្យមាន​ការពងឹ្រង​សមត្ថភាព និងពង្រីក​ការផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស ​នៅតាម​គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ ឱ្យបាន​ទូលំទូលាយ​ថែមទៀត ដើម្បី​បង្រ្កាប និងផ្តន្ទាទោស​ដល់ជន​ល្មើស​ឱ្យ​ខាងតែបាន។ ជាពិសេស​សហការ​ពង្រីក​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​អំពី​ការឆបោក ការបៀតបៀន និងការរំលោភ​បំពាន​គ្រប់រូបភាព​តាម​ប្រព័ន្ធ​អនឡាញ និងធ្វើ​ការបណ្តុះបណ្តាល​ទៅដល់​លោកគ្រូ អ្នកគ្រូ​ក្រុម​ប្រឹក្សា​កុមារ ឱ្យ​ក្លាយជា​ជន​បង្គោល ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​បន្តទៅ​ដល់​សិក្សានុសិស្ស​ឱ្យ​បាន​ទូលំទូលាយ។

ផ្អែកតាម​លទ្ធផល​នៃរបាយ​ការណ៍​ប្រចាំខែសីហា ក្រុមការងារ​ដែលមាន​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងស្ថាប័ន​រដ្ឋ និងអង្គការ​ដៃគូ​ជាតិ អន្តរជាតិ បានធ្វើ​ការផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការបង្ក្រាប​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និងអំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និងច្បាប់​ពាក់ព័ន្ធ គោលនយោបាយ​ភូមិ-ឃុំ មាន​សុវត្ថិភាព វេទិកា​សាធារណៈ ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និងកិច្ចការពារ​ជនរងគ្រោះ ការធ្វើ​ចំណាក​ស្រុក​ប្រកបដោយ​សុវត្ថិភាព នៅតាម​សហគមន៍ និងផ្សព្វផ្សាយ​តាម​ប៉ុស្តិ៍វិទ្យុ ទូរទស្សន៍ បានចំនួន៥៧៣លើក។ ក្នុងនោះមានអ្នកចូលរួមសរុប ២៦ ៦៥៣ នាក់ ស្រី ១៦ ៤២៨ នាក់។

លើសពីនោះ ក្រុមការងារ​ក៏បានធ្វើ​ការចែក​ខិត្តប័ណ្ណ​ស្តីពី ការធ្វើ​ចំណាក​ស្រុក​ប្រកបដោយ​សុវត្ថិភាព និងការទប់ស្កាត់​អំពើ​ហិង្សាក្នុង​គ្រួសារ បានចំនួន ២ ៣០៦ ខិត្តប័ណ្ណ និងបាន​ធ្វើការផ្សព្វផ្សាយ​អំពីស្ពត​អប់រំអំពី​គ្រឿងញៀន និងការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​បានចំនួន ៧ ៩៥០ លើក​ផងដែរ។

សមត្ថកិច្ចបាន​ដាក់កម្លាំង​ជំនាញ​ចុះល្បាត​ក្នុងការគ្រប់គ្រង​គោលដៅ​តាម​សួន​សាធារណៈ តំបន់​ផាប់ស្ទ្រីត តាមមាត់​ស្ទឹង​សៀមរាប ដើម្បី​ការពារ និងត្រួតពិនិត្យ​ជាប្រចាំ​តាមគោលដៅ​ដែល​ប្រឈម អាចកើតមាន​បទល្មើស ព្រមទាំង​បានចុះ​ធ្វើកិច្ចសន្យា​តាមគោលដៅ​សង្ស័យ​មានប្រព្រឹត្ត​បទ​ល្មើស នៅកន្លែង​អាជីវកម្ម​ម៉ាស្សា ភោជនីយដ្ឋាន និងខារ៉ាអូខេ​បានចំនួន ២៥ កន្លែង និងបាន​បង្រ្កាបបទ​ល្មើសពាក់ព័ន្ធ​នឹងច្បាប់​ស្តីពី ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និងអំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ បានចំនួន ២ ករណី។ ក្នុងនោះរួមមាន ករណី​រូបភាព​និងសម្ភារ​អាសអាភាស​នៃកុមារ និងរំលោភ​សេពសន្ថវៈ ១ ករណី និងករណី​ញុះញង់​ឱ្យ​អនីតិជន​សុំទាន ១ ករណី​ផងដែរ ដោយបាន​កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់។ ចំណែកជន​រងគ្រោះ​បានប្រគល់​ទៅមន្ទីរ​សង្គមកិច្ច ដើម្បី​ធ្វើការ​កំណត់ និងប៉ាន់​ប្រមាណ​ដើម្បី​ផ្តល់​សេវា។ នេះបើយោងតាម​រដ្ឋបាល​ខេត្ត​សៀមរាប៕