ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រីអនុប្រធានទី ១ អាជ្ញាធរមីនលី ធុជបានស្នើសុំបន្ថែមឱ្យសហគមន៍អឺរ៉ុបជួយដល់អាជ្ញាធរមីន ក្នុងការអនុវត្តសកម្មភាពបញ្ជ្រាបយែនឌ័រក្នុងវិស័យសកម្មភាពមីន និងការសិក្សាអំពីគុណភាពជីវិតរបស់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ការស្នើសុំនេះត្រូវបានធ្វើឡើងនាថ្ងៃទី ២៤ ខែសីហា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាជាមួយលោកស្រី María del Carmen Moreno ប្រធានគណៈប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា មុននឹងលោកស្រីបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ នេះបើយោងតាមអាជ្ញាធរមីន។
គម្រោងខាងលើនេះបានបញ្ចប់ការសិក្សាវាយតម្លៃទៅលើជនរងគ្រោះដោយសារគ្រប់មីនបានជាង ១០ ០០០ នាក់រួចមកហើយ។
ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សហគមន៍អឺរ៉ុប ដែលបានក្លាយជាផ្នែកមួយដល់ដំណើរការនៃវឌ្ឍនភាពកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាប្រទេសជាសមាជិកនៃសហគមន៍អឺរ៉ុបមួយចំនួន ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ ១៩៩២ ក្នុងការផ្តល់ដីមានសុវត្ថិភាព ការបន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លើសពីនោះ លោកក៏បានថ្លែងអំណរគុណដល់សហគមន៍អែរ៉ុបតាមរយៈគម្រោងសកលរបស់សហភាពអឺរ៉ុប ដែលបានគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃ«សន្និសីទសកលស្តីពីជំនួយ ដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងសិទ្ធិជនពិការ» លើកទី ៣ គ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែតុលា ឆ្នាំ ២០២៣ ក្រោមកិច្ចសហការជាមួយ ISU-APMBC និងមានគណៈប្រតិភូប្រមាណជាង ៤០ ប្រទេសចូលរួមផងដែរ។
អាជ្ញាធរមីនចាប់តាំងពីឆ្នាំ ១៩៩២ ដល់ខែមិថុនា ឆ្នាំ ២០២៣ នេះ បានបោសសម្អាតមីនសម្រេចបានលើផ្ទៃដី ២.៧៩៤.៧០៣.២២៨ ម៉ែត្រក្រឡា រឺ ២.៧៩៥ គីឡូម៉ែត្រក្រឡា។ ក្នុងនោះបានដោះមីនប្រឆាំងមនុស្សចំនួន ១ ១៦៧ ៧១៥ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦ ២២២ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣ ០៧០ ៥២៦ គ្រាប់ផងដែរ៕