ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោកនេត្រ ភក្ដ្រានាថ្ងៃទី ២៤ ខែសីហា បានបញ្ជាក់ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៅអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មានថា ការងារអាទិភាពដែលលោកត្រូវធ្វើ ក្នុងនាមជារដ្ឋមន្ដ្រីក្រសួងព័ត៌មាន គឺផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប។
លោកបានបន្តថា ការងារនេះ គឺដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយបុរេសកម្ម សកម្ម និងដោយគុណភាព និងប្រសិទ្ធភាព ដោយសំដៅធ្វើយ៉ាងម៉េចគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។ នេះបើយោងតាមក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រីក៏នឹងជំរុញបន្ដកិច្ចការងារដែលមានស្រាប់ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មានកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖«ការផ្សព្វផ្សាយពីការពិតរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ គឺដើម្បីឱ្យគេបានដឹងអំពីដំណើរវិវត្ដន៍របស់ប្រទេសកម្ពុជារបស់យើងក្រោមដំបូលនៃសុខសន្ដិភាព និងធ្វើយ៉ាងម៉េចឱ្យវិស័យសារព័ត៌មានរបស់យើងនេះ កាន់តែមានភាពរីកចម្រើនថែមទៀត ហើយធ្វើឱ្យប្រជាជនកម្ពុជា ទទួលបាននូវព័ត៌មានពិតអំពីកម្ពុជា និងសង្គមរបស់ខ្លួន»។ នេះបើយោងតាមក្រសួងព័ត៌មានដដែលនេះ៕