
បុគ្គលិកអង្គការ Norwegian People’s Aid ចូលរួមដាំកូនឈើនិងស្មៅ នៅតំបន់រមណីយដ្ឋានអង្គរកាលពីថ្ងៃទី ២៤ សីហា។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ អង្គការ Norwegian People’s Aid ដែលជាអង្គការដោះមីននៃប្រទេសន័រវេស ក្នុងឱកាសដឹកនាំបុគ្គលិកធ្វើដំណើរកម្សាន្តក្នុងខេត្តសៀមរាបកាលពីថ្ងៃទី ២៤ សីហា បានចូលរួមដាំកូនឈើ នៅខាងត្បូងកសិន្ធុអង្គរវត្ត។
យោងតាមអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការ Norwegian People’s Aid ចំនួន ៩០ នាក់ បានចូលរួមដាំកូនឈើចំនួន ១៨០ ដើម និងស្មៅ ៣០០ ម៉ែត្រការ៉េ នៅក្នុងរមណីយដ្ឋានអង្គរ។
ដើមឈើដែលដាំនៅពេលនេះរួមមាន ដើមបេង ធ្នង់ រំដួល និងគគីរ។ សកម្មភាពនេះកំពុងចូលរួមលើកតម្លៃ បរិស្ថាន និងបង្កើតភាពបៃតង ក្នុងតំបន់រមណីយដ្ឋានអង្គរ ស្របពេលអាជ្ញាធរជាតិអប្សរារៀបចំ កែលម្អ តំបន់ពុំមានរបៀបរៀបរយ ដោយដាំបំពេញដើមឈើ និងស្មៅឡើងវិញ។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា គិតពីឆ្នាំ ២០២២ មក អាជ្ញាធរជាតិអប្សរាបានដាំកូនឈើបានជាង ៤៨ ៧៨៨ ដើម និងដាំស្មៅបាន ៣៥ ៥៣១ ម៉ែត្រការ៉េ គឺដាំនៅតាមដីដែលបានសម្អាតលើទីតាំងចាស់ ពលរដ្ឋរស់នៅ បន្ទាប់ពីពួកគេព្រមទទួលយកគោលនយោបាយពីរាជរដ្ឋាភិបាល ចេញទៅរស់នៅ តំបន់រុនតាឯក និងពាក់ស្នែង៕