
សមាជិករាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី ១ នីតិកាលទី៧ កាលពីព្រឹកថ្ងៃទី ២៤ សីហា។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា កាលពីថ្ងៃទី ២៤ ខែសីហា ថា «ជាថ្ងៃប្រវត្តិសាស្ត្រមួយរបស់កម្ពុជា» និងបានថ្លែង «អំណរគុណយ៉ាងជ្រាលជ្រៅចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ដល់យុត្តិធម៌ ជំនឿ និងការគាំទ្រយ៉ាងរឹងមាំចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។ នេះបើយោងតាមក្រសួងមហាផ្ទៃ។
លោកហ៊ុន ម៉ាណែត បន្តថា៖«ជាការពិតណាស់ ការបោះឆ្នោតកន្លងទៅ បានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងជាពិសេស មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះកររហូតដល់ជាង ៨ លាននាក់ ត្រូវជាប្រមាណ ៨៤,៥៤ ភាគរយ នៃបញ្ជីឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)»។
លោកបន្ថែមទៀតថា ច្បាស់ណាស់ថា «លទ្ធផលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវឆន្ទៈ នៃការគាំទ្រដ៏ពេញទំហឹង និងមោះមុតពីប្រជាពលរដ្ឋច្រើនលើសលប់ និងពីគ្រប់មជ្ឈដ្ឋានលើកិច្ចដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងទៀងទាត់របស់កម្ពុជា»។
លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជាការពិត ការគាំទ្រជឿទុកចិត្តដ៏ធំធេង មានន័យមិនត្រឹមតែជាការលើកទឹកចិត្តដល់មហិមាចំពោះរាជរដ្ឋាភិបាលប៉ុណ្ណោះទេ «តែក៏ជាការទទួលខុសត្រូវធំបំផុតរបស់យើងទាំងអស់គ្នា នៅក្នុងការបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តម ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន ជាពិសេសការធានាបន្តរក្សាបានរឹងមាំនូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ ព្រមទាំងការបន្តជំរុញកែលម្អជីវិតជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍឈានឡើងឥតឈប់ឈររបស់ប្រទេសជាតិ»។
លោកបានគូសបញ្ជាក់ថា៖«អាស្រ័យហេតុនេះ យើងទាំងអស់គ្នាជាសហសេវិកក្នុងរាជរដ្ឋាភិបាល ត្រូវប្ដេជ្ញាប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុត ឱ្យអស់ពីសមត្ថភាពនៅក្នុងស្មារតីសាមគ្គីស្អិតរមួត និងសហប្រតិបត្តិការល្អ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបំពេញបេសកកម្មជាតិដ៏ឧត្តុងឧត្តមនេះ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងអាណត្កិ ដែលប្រជាពលរដ្ឋយើងដ៏ច្រើនកុះករ នៅទូទាំងប្រទេសបានប្រគល់ជូន»។
បើយោងតាមក្រសួងមហាផ្ទៃ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង នីតិកាលទី ៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី ២៤ សីហា បានពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៥ រួមមាន ៖ ទី១- ការប្រកាសឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ទី២- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្តីពីការកែសម្រួលឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា “ក្រសួងអធិការកិច្ច”, ទី៣- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, ទី៤- ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី និងទី៥- បញ្ហាផ្សេងៗ៕