ភ្នំពេញៈ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានសម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើកនិងបរិយាប័ន្នសម្រាប់គ្រប់គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។
ការបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់គណបក្សនយោបាយ ដែលមិនមានអាសនៈក្នុងរដ្ឋសភា និងបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃនេះ គឺសំដៅប្រមូលយកធាតុចូលដែលមានលក្ខណៈជាទស្សនៈពហុគំនិតពីបណ្ដាគណបក្សនយោបាយនានា ដើម្បីជាប្រយោជន៍ដល់ ការស្ថាបនាជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២៤ ខែសីហានេះ។
អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន ធ្លាប់បានមានប្រសាសន៍នាខែកក្កដា ឆ្នាំ២០២៣នេះថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នឹងត្រូវរៀបចំឱ្យមានជាបន្តទៀត នៅក្នុងនីតិកាលទី៧នេះ ដើម្បីប្រមូលនូវធាតុចូល ទាំងធនធានមនុស្ស ធនធានខួរក្បាល សម្រាប់បន្តការអភិវឌ្ឍប្រទេស ហើយក៏ជាស្មារតីបង្រួបបង្រួមជាតិមួយ ឆ្ពោះទៅរកអនាគតដ៏រុងរឿងផងដែរ។
លោកហ៊ុន សែនបានបញ្ជាក់បន្ថែមថា ការពិភាក្សាលើការបន្តនេះត្រូវបានធ្វើឡើងយ៉ាងល្អិតល្អន់ បន្ទាប់ពីការបោះឆ្នោតជាតិរួចមក ដែលតម្រូវឱ្យមានជាចាំបាច់ ដើម្បីប្រមូលនូវធាតុចូលទាំងអស់ និងចូលរួមក្នុងការកសាងប្រទេសជាតិ នៃបណ្ដាបក្សនយោបាយ បើទោះបីជាបក្សនយោបាយមានសន្លឹកឆ្នោត មានអាសនៈក្នុងសភា ឬគណបក្សនយោបាយដែលគ្មានអាសនៈនៅក្នុងសភាយ៉ាងណាក៏ដោយ។
នីតិកាលអាណត្តិរបស់ក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក៏នឹងចប់នៅពេលដែលរាជរដ្ឋាភិបាលត្រូវបានបញ្ចប់ ហើយរាជរដ្ឋាភិបាលថ្មី ក៏នឹងស្នើសុំព្រះរាជក្រឹត្យ ដើម្បីដាក់ឱ្យដំណើរការ នូវក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បន្តទៀតផងដែរ។ លក្ខខណ្ឌផ្សេងៗ ក៏នឹងត្រូវបានលើកឡើងនៅក្នុងព្រះរាជក្រឹត្យនោះដែរ ដែលក្នុងនោះហោចណាស់ ក្នុងគណបក្សនយោបាយមួយ មានឥស្សរជន៣រូបអាចចូលរួមផងដែរ៕