រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងលោក មាស សុភ័ណ្ឌ អតីតអ្នកនាំពាក្យក្រសួងព័ត៌មានធ្វើជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ដើម្បីសម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រីនិងទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ និងធ្វើសេចក្តីថ្លែងការណ៍នានា។
សេចក្តីសម្រេចស្តីពីការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣ បានសម្រេចបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។
តាមរយៈសេចក្តីសម្រេចនេះ ត្រូវបានចាត់តាំងលោក មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ សេចក្តីសម្រេចបញ្ជាក់ថា៖«ការតែងតាំង និងការផ្លាស់ប្តូរសមាសភាពនៃក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ត្រូវធ្វើឡើងតាមការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី អាចបង្កើតក្រុមការងារចំណុះតាមការចាំបាច់ តាមការសម្រេច របស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន»។
ប្រភពដដែលបន្តទៀតថា ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានភារកិច្ច សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រី,ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី។ ទំនាក់ទំនងជាមួយបណ្តាស្ថាប័ន និងអង្គភាពនានាសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី, ស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី, រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពី ព័ត៌មានរបស់នាយករដ្ឋមន្ត្រីឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់ និងបំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយករដ្ឋមន្ត្រី។
បើតាមសេចក្តីសម្រេចនេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួន ក្នុងកញ្ចប់ថវិកា របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
លោក មាស សុភ័ណ្ឌ មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញការចាត់តាំងនេះបាននៅឡើយទេ នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ។
សេចក្តីសម្រេចខាងលើ បញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕