រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលទើបចូលកាន់តំណែងលោក សុខ សូកេន ប្រកាសដាក់ចេញគោលដៅយុទ្ធសាស្ត្រចំនួន៣ និងមានសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៥ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅកាន់អនាគតថ្មី។
ការប្រកាសដាក់ចេញគោលដៅនេះ ធ្វើឡើងនៅជំនួបសំណេះសំណាលរវាងលោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍សរុបប្រមាណ៤០០នាក់ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។
ក្នុងឱកាសនោះដែរលោក សុខ សូកេន បានសម្តែងនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានផ្ដល់សេចក្តីទុកចិត្ត និងឱកាសក្នុងនាមជាថ្នាក់ដឹកនាំជំនាន់ក្រោយឱ្យបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨, យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, គោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍ លោក សុខ សូកេន បានដាក់ចេញនូវ គំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រ ក្រោមចក្ខុវិស័យ “អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅកាន់អនាគតថ្មី។ កម្មវិធីនេះ ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងការ រួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះលោក សុខ សូកេន បានប្រកាសថា នឹងដាក់ចេញគោលដៅយុទ្ធសាស្ត្រចំនួន៣ រួមមាន ១ភាពប្រកួតប្រជែងទេសចរណ៍ ២ចីរភាពទេសចរណ៍ និង៣បរិយាប័ន្នទេសចរណ៍ និងមានសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន៥ -BUILD” ព្រមទាំងមានសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣ -3Ds” ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ដែលមានតួនាទីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
ឆ្លៀតក្នុងជំនួបសំណេះសំណាលនោះលោក សុខ សូកេន បានសម្ដែងមនោសញ្ចេតនា និងសម្តែងនូវឧបការគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំនាវាកម្ពុជាក្នុងរយៈពេល ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ កន្លងមក។ ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញក្នុងតំបន់អាស៊ី។
ជាមួយគ្នានេះដែរ លោក សុខ សូកេន ក៏បានគោរព វាយតម្លៃខ្ពស់ កោតសរសើរ និងដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះលោក ថោង ខុន ជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាព និងទេពកោសល្យ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការចូលរួមយ៉ាងសកម្មដើម្បីសម្រេចបានសមិទ្ធផលជាច្រើនអនេកក្នុងវិស័យទេសចរណ៍។
បន្ថែមពីនេះលោករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយឈរលើអភិក្រមភាពជាដៃគូចតុភាគី «រដ្ឋ-ឯកជន- ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍» ធ្វើយ៉ាងណាបង្កើនសកម្មភាពវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងបរិយាប័ន្ន៕