
អ្នកចូលរួមក្នុងវគ្គប្រកួតជម្រុះយក ៣ក្រុម នៃកម្មវិធី«យុវជន២១» កាលពីថ្ងៃទី១៤សីហា។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈ នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២៤ ខែសីហា បានរៀបចំវគ្គប្រកួតជម្រុះយក ៣ ក្រុម នៃកម្មវិធីយុវជន ២១ ក្រោមប្រធានបទ "សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម" ឆ្នាំ ២០២៣។ នេះបើយោងតាមក្រសួងអប់រំ។
នៅក្នុងពិធីនេះ លោក សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានយុវជន ដែលបានខិតខំប្រើប្រាស់អស់ថាមពលកម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការរៀបចំកម្មវិធី “យុវជន២១” ឆ្នាំ២០២៣ រដូវកាលទី៣ ក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម”»។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត និងជំរុញដល់និស្សិតតាមបណ្ដាសាកលវិទ្យាល័យនានា គួរគប្បីពង្រឹងសមត្ថភាព និងចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពក្នុងកម្មវិធីយុវជន២១ នាឆ្នាំបន្តបន្ទាប់ទៀត។
បើតាមក្រសួងអប់រំ ប្រធានបទសម្រាប់ឆ្នាំ២០២៣ មានខ្លឹមសារសំខាន់ផ្ដោតលើការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា ឱ្យមានគំនិតផ្ដួចផ្ដើមអាជីវកម្មថ្មី និងអភិវឌ្ឍអាជីវកម្មឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅប្រសើរជាងមុន ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅក្នុងបរិបទថ្មី និងមានបំណិនរៀបចំគម្រោងអាជីវកម្មបែបឌីជីថលដែលអនុវត្តបាននៅក្នុងសង្គមជាក់ស្ដែង៕