
សៀមរាបៈ អង្គការរ៉ាក់នាថ្ងៃទី ២៥ ខែសីហានេះ បានរៀបចំកម្មវិធីជិះកង់ដែលមានអ្នកចូលរួមប្រមាណជា ១០០ នាក់ ដើម្បីជំរុញឱ្យយុវវ័យបានឈ្វេងយល់ពីចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវលើរឿងផ្លូវភេទរបស់ខ្លួន។
លោកស្រី សាផន សុមោលីរស្មី នាយិការងប្រតិបត្តិនៃអង្គការរ៉ាក់ បានថ្លែងក្នុងឱកាសនោះថា ការលើកកម្ពស់ក្នុងការផ្សព្វផ្សាយអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបានថា យុវវ័យលើសពី ៣,៥លាននាក់ទទួលបានព័ត៌មានទាក់ទងនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិស្របតាមអាយុរបស់ពួកគេ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
នៅអង្គការរ៉ាក់ ក្រុមយុវវ័យត្រូវបានចាត់ទុកជាក្រុមអាទិភាពមួយ ដែលពួកគេតែងតែត្រូវបានផ្តល់ឱកាសក្នុងការចូលរួមជាផ្នែកមួយ ដើម្បីលើកកម្ពស់ចំណេះដឹងអប់រំ ទាក់ទងទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅដល់យុវវ័យ ដោយរាប់បញ្ចូលទាំងក្រុមអ្នកមាននិន្នាការចម្រុះ ទាំងក្នុង និងក្រៅសាលារៀន។
លើសពីនោះ ក្រុមយុវវ័យរបស់រ៉ាក់ក៏បានធ្វើការដោះស្រាយលើបញ្ហាជាច្រើនដែលយុវវ័យបាននិងកំពុងជួបប្រទះ។ ក្នុងនោះរួមមានបញ្ហារៀបការវ័យក្មេង អំពើហិង្សាផ្លូវភេទ និងយេនឌ័រ ការទទួលបានសេវា និងព័ត៌មានត្រឹមត្រូវស្តីពីសេវាពន្យារកំណើត ការរំលូតដោយសុវត្ថិភាព និងជំនឿ បទដ្ឋានសង្គមអវិជ្ជមានមួយចំនួន ដែលជាឧបសគ្គរារាំងយុវវ័យមិនអាចឱ្យពួកគេទទួលបានចំណេះដឹងពេញលេញស្តីអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិបាន។ នេះបើយោងតាមប្រភពដដែលនេះ៕