
ភ្នំពេញៈ កាកបាទក្រហមកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
អ្នកចូលរួមក្នុងវេទិកាយុវជន នឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញាមានយុវជន ៣នាក់ មកពីសមាគមជាតិនីមួយៗ។ ដោយឡែក កាកបាទក្រហមកម្ពុជា បានចាត់យុវជន ១០នាក់ ចូលរួម ជាប្រតិភូ និងយុវជន ១០នាក់ទៀត ចូលរួមអនុវត្តជាអ្នកសម្របសម្រួលការងារជូនគណៈប្រតិភូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ស្តីពី ការចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា របស់ លោកស្រីប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានាសុក្រទី ២៥ ខែសីហានេះ។
វេទិកាយុវជននេះ មានគោលបំណង បំប៉នចំណេះដឹងស្តីពីការងារមនុស្សធម៌ដល់យុវជន រួមទាំងកសាងសមត្ថភាព យុវជនក្នុងភាពជាអ្នកដឹកនាំវ័យក្មេងនៅក្នុងចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ យុវជន ទាំងអស់ នឹងបន្តចូលរួមក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ ក្នុងឋានៈជាអ្នកសង្កេតការណ៍។
បន្តពីវេទិកាយុវជន គឺកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ថ្ងៃទី ២១ និង ២២ ខែកញ្ញា ដែលមានគណៈប្រតិភូមកពីសមាគមជាតិទាំង ១១ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ចូលរួម។ ក្នុងនោះ គណៈប្រតិភូដឹកនាំដោយ ប្រធានសមាគមជាតិមានចំនួន៦ និងដឹកនាំដោយអគ្គលេខាធិការមានចំនួន៥។
កិច្ចប្រជុំនេះ នឹងមានកិច្ចពិភាក្សារវាងប្រតិភូថ្នាក់ដឹកនាំ និងប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំភូមិភាគ អាស៊ីអាគ្នេយ៍ ក្រោមប្រធានបទ ការចូលរួមរបស់យុវជនកាកបាទក្រហម ដើម្បីអនាគត កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងដំណោះស្រាយថ្មីក្នុងការងារមនុស្សធម៌។
ទន្ទឹមនឹងនេះ កិច្ចប្រជុំថ្នាក់ដឹកនាំ នឹងពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តសេចក្តីសម្រេច និងការប្តេជ្ញាចិត្តរួមគ្នាកាលឆ្នាំ២០២២ និងបន្តពិភាក្សាស្វែងរក ដំណោះស្រាយថ្មីៗលើបញ្ហាប្រឈមនានាដែលកើតមានជាបន្តបន្ទាប់ រួមជាមួយការពង្រឹងកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព សាមគ្គីភាព នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និងនៅលើសកលលោក ទៅតាមរបៀបវារៈខ្លឹមសារ នៃសម័យប្រជុំចំនួន៩ ដែលលទ្ធផលសម្រេចបាន នឹងចេញជាសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។
ក្នុងព្រឹត្តិការណ៍ខាងលើនេះ ក្នុងនាមជាម្ចាស់ផ្ទះ លោកស្រីប៊ុន រ៉ានី ហ៊ុនសែន នឹង ចូលរួមជាអធិបតីក្នុងកម្មវិធីសំខាន់ៗជាច្រើន៕