ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចតែងតាំងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដោយជំនួសមុខតំណែងលោក ផៃ ស៊ីផាន។
សេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី២៥ ខែសីហា បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលសម្រេចតែងតាំង ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល។
សេចក្តីសម្រេចបញ្ជាក់ថា៖ «រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។
លោក ប៉ែន បូណា គឺអតីតប្រធានក្លិបអ្នកកាសែតកម្ពុជា ហើយក្រោយមកលោកបានក្លាយជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ លោកបានប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាច្រើនឆ្នាំផងដែរ៕