ភ្នំពេញៈ គ.ជ.ប នាថ្ងៃទី ២៥ ខែសីហានេះ បានប្រកាសជូនដំណឹងដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈោះ្មនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣។
យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ តម្រូវឱ្យពាក្យដែលសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាង នៃគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ។ ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយនេះគឺ ចាប់ផ្ដើម ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បញ្ចប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
គណបក្សនយោបាយត្រូវដាក់ពាក្យសុំចុះឈ្មោះជាភ្នាក់ងាររបស់ខ្លួនទៅក្រុមប្រឹក្សាឃុំ សង្កាត់តាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។ គណបក្សនយោបាយអាចថតចម្លងពាក្យសុំទម្រង់បែបបទលេខ ១០០៧ ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួន។
ចំពោះការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ គឺចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បញ្ចប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវបំពេញពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ឱ្យបានត្រឹមត្រូវ និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួននៅទីស្ដីការគ.ជ.ប។
អ្នកសង្កេតការណ៍ជាតិ ដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប និងបានទទួលបណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតរួចហើយ មានសិទ្ធិសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៣ ក្នុងរាជធានី ខេត្តដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតការណ៍ជាតិ នៃរាជធានី ខេត្តនោះ។
រីឯការដាក់ និងការទទួលពាក្យសុំចុះឈោះ្មអ្នកសង្កេតការណ៍អន្តរជាតិវិញគឺចាប់ផ្តើមពី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បញ្ចប់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវបំពេញពាក្យសុំ ចុះឈ្មោះអ្នកសង្កេតការណ៍ឱ្យបានត្រឹមត្រូវ និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ របស់ខ្លួននៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ។
អ្នកសង្កេតការណ៍អន្តរជាតិដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការ ហើយទទួលបណ្ណសម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប រួចហើយ មានសិទ្ធិសង្កេតមើលដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទាំងមូលក្នុងព្រះរាជាណាចក្រកម្ពុជា៕