
ក្រុមការងារភ្នាក់ងារទេសចរ បានលាបថ្នាំដល់ភ្ញៀវទេសចរដែលត្រូវបានស្វាខាំនៅតំបន់អង្គរនៅថ្ងៃទី២៥សីហា។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់ បង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ ពីព្រោះពួកវាបានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។
អាជ្ញាធរជាតិអប្សរា លើកឡើងថា ជាក់ស្តែងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារភ្នាក់ទេសចរបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ៣៩ឆ្នាំ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង។
លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍បានឱ្យដឹងថា ក្រោយពីមានករណីភ្ញៀវម្នាក់ត្រូវបានស្វាខាំ ភ្នាក់ងារទេសចរណ៍ប្រចាំនៅគោលដៅ បានសង្គ្រោះបឋម ដោយជូតសម្អាតមុខរបួសដែលស្វាខាំ ឬខ្វាចនោះ និងឱ្យអ្នករងរបួសទៅចាក់ថ្នាំបង្ការផង។
លោក ចាន់ សំណាង បញ្ជាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំងនឹងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរ៕