ភ្នំពេញៈ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​អប់រំ បាន​ស្នើឱ្យ​អង្គការ​រូ​មធូ​រីដ (Room to Read) បន្ដ​សហការ​ជាមួយ​ក្រសួង​ធ្វើយ៉ាងណា​ឱ្យ​គ្រប់​សាលារៀន​មាន​បណ្ណាល័យ និង​បន្ដ​បណ្តុះបណ្តាល​គ្រូបង្រៀន​ប្រកបដោយ​ស្ដង់ដា​។​

​ការស្នើ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការអនុវត្ត​លើ​ការលើកកម្ពស់​សម្ភារ​អំ​ណាន និង​អំ​ណាន​ក្នុង​បណ្ណាល័យ​របស់​អង្គការ Room to Read ក្រោម​អធិបតីភាព​លោក ហង់​ជួន ណា​រ៉ុ​ន ដែលជា​ឧបនាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៥ ខែសីហា រាជធានី​ភ្នំពេញ​។​

​ក្រសួង​អប់រំ​បញ្ជាក់​នា​ថ្ងៃទី​២៦ ខែសីហា ថា នៅក្នុង​កិច្ចប្រជុំ​នេះ មានការ​ពិភាក្សា​អំពី​ការពង្រឹង​បំ​ណិ​ន​អាន និង​សរសេរ​ក្នុង​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៣ ការអភិវឌ្ឍ​វិជ្ជាជីវៈ​គ្រូបង្វឹក គរុកោសល្យ នាយក​សាលា គ្រូបង្រៀន និង​បណ្ណារក្ស​។​

​ក្រសួង​បន្តថា កិច្ចប្រជុំ​នេះ​ក៏​ពិភាក្សា​អំពី​ការណែនាំ​សហគមន៍​មូលដ្ឋាន​ឱ្យឃើញ​លទ្ធផល​រៀនសូត្រ​របស់​កូនៗ និង​អនុវត្ត​ជាមួយ​សាលា​កម្រង​សម្រាប់​ធ្វើជា​គំរូ​សម្រាប់​កសាង​ធនធាន​បច្ចេកទេស​រប​ស់​កម្រង និង​ស្រុក «​ដែលជា​គន្លឹះ​ជោគជ័យ​» ក្នុងការ​ពង្រីក​វិសាលភាព​អនុវត្តន៍​ទៅ​សាលា​ដទៃ​ក្នុង​កម្រង និង​ពេញ​ស្រុក​ក្នុង​ឆ្នាំ​បន្តបន្ទាប់​។​

​ក្រសួង​អប់រំ​បន្ថែមថា​៖ «​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើ​សុំឱ្យ​អង្គការ​រូ​មធូ​រីដ​បន្ដ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើយ៉ាងណា​ឱ្យ​គ្រប់​សាលារៀន​មាន​បណ្ណាល័យ ជំរុញឱ្យមាន​ការចូល​រួម​ពី​សំណាក់​សិស្សានុសិស្ស គ្រូបង្រៀន ក៏ដូចជា​មជ្ឈដ្ឋាន​ជុំវិញ បន្ដ​បណ្តុះបណ្តាល​គ្រូបង្រៀន​ប្រកបដោយ​ស្ដង់ដា និង​ធ្វើ​ការចុះ​វាយតម្លៃ​ទៅតាម​ខេត្ត​គោលដៅ​នីមួយៗ​ជាដើម​»៕