​ភ្នំពេញៈ ឯកអគ្គរាជទូត​តែងតាំង​ថ្មី​របស់​កម្ពុជា ចំនួន​ ៧ ​រូប នា​ថ្ងៃទី ​២៦ ខែសីហា នេះ បាន​ចូល​ថ្វាយបង្គំ​លា​ព្រះមហាក្សត្រ​នៅក្នុង​ព្រះបរមរាជវាំង មុននឹង​ចេញទៅ​បំពេញបេសកកម្ម​ការទូត​នៅក្រៅ​ប្រទេស​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​កាលពី​ថ្ងៃទី​២៣ ខែសីហា ឯកអគ្គរាជទូត​តែងតាំង​ថ្មី​ទាំង​៧​រូបនេះ​ក៏បាន​ជួប​ជាមួយ​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា ដើម្បី​ទទួល​អនុសាសន៍ មុនពេល​ទៅ​បំពេញបេសកកម្ម​ការទូត​ប្រចាំ​នៅ​ប្រទេស​ជា​មិត្ត​នានា​ផងដែរ​។

​យោងតាម​ព្រឹទ្ធសភា​កម្ពុជា​បានឱ្យដឹងថា ឯកអគ្គរាជទូត​ថ្មី​របស់​កម្ពុជា​ទាំង​៧​រូប ដែល​ទើប​តែងតាំង​ថ្មី​នេះ​រួមមាន ទី​១​គឺ លោក លុយ ដា​វីត ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​បារាំង អ៊ីតាលី ព័រ​ទុយ​ហ្គា​ល់ ម៉ា​ល់តា អេ​ស្ប៉ា​ញ បូរី​ក្សត្រ​អង់​ដ័​រ និង​បូរី​ក្សត្រ​ម៉ូ​ណា​កូ​។​

​ទី​២​គឺ លោក ឡាយ សំកុល ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ចក្រភព​អង់គ្លេស អៀរ​ឡង់ ដា​ណឺ​ម៉ាក ស៊ុយអែត ន័​រ​វែ​ស និង​ហ្វាំ​ង​ឡង់​។ ទី​៣​គឺ លោក សុក ជា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​តួ​ក​គី តា​ហ្ស៊ី​គី​ស្ថាន អា​ស៊ែ​បៃ​ហ្ស​ង់ កា​ហ្សា​ក់​ស្ថាន ហ្ស​ក​ហ្ស៊ី កៀ​ហ្ស៊ី​ស៊ី​ស្ថាន សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន និង​អ៊ីស្រាអែល​។​

​ទី​៤​គឺ លោក ទាន សំណាង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី និង​ទី​ម័​រ​ខាងកើត​។ ទី​៥​គឺ លោក ហ៊ុល​ក្រង ផា​ណង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ឡាវ​។ ទី​៦​គឺ លោក ឈាង ធី​រ៉ា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​អាល្លឺម៉ង់ ប៉ូឡូញ ឆែក ក្រូ​អាត ហុង​គ្រី ស្លូ​វ៉ា​គី ស្លូ​វេ​នី និង​អ៊ុយ​ក្រែ​ន​។ ទី​៧​គឺ លោក តាន់ ប៊ុន​ប៉ា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​ស៊ែ​ប៊ី​៕