ភ្នំពេញៈ កាយរឹទ្ធិជាតិកម្ពុជា (ក.ជ.ក.)បានស្នើឱ្យគណៈកម្មាធិការកាយរឹទិ្ធពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បន្តជួយអភិវឌ្ឍធនធានមនុស្សលើជំនាញកាយរឹទិ្ធកម្ម ជាពិសេសរៀបចំវគ្គបណ្តុះបណ្តាល និងផ្តល់ជំនួយបច្ចេកទេស ដើម្បីរៀបចំគោលនយោបាយ និងកម្មវិធីយុវជនឱ្យកាន់តែមានប្រសិទ្ធភាព។
ការស្នើរបស់ភាគីកម្ពុជា ធ្វើឡើងក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជា និងការិយាល័យអង្គការពិភពលោកនៃចលនាកាយរឹទ្ធិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញកន្លងមក។
ជំនួបនេះមានការចូលរួមពីលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ជាមួយលោក Somboon Bunyasiri អនុប្រធានទី២នៃគណៈកម្មាធិការកាយរឹទិ្ធពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, លោក J.R.C. Pangilinan នាយកការិយាល័យកាយរឹទិ្ធពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, លោក Atty Wendal Avisado ទីប្រឹក្សាគណៈកម្មាធិការកាយរឹទិ្ធពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលោក Prassanna Shrivastava នាយកផ្នែកអភិវឌ្ឍន៍នៃការិយាល័យកាយរឹទិ្ធពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
យោងតាមនាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ បានឱ្យដឹងថា លោកស្រី គឹម សេដ្ឋានី បានស្នើឱ្យថ្នាក់តំបន់បន្តជួយអភិវឌ្ឍធនធានមនុស្សលើជំនាញកាយរឹទិ្ធកម្ម ជាពិសេសរៀបចំវគ្គបណ្តុះបណ្តាល ពិសេសសម្រាប់ថ្នាក់ដឹកនាំ ក.ជ.ក. ដើម្បីទទួលបានសញ្ញាបណ្ណសញ្ញាឈើ២កំណាត់ ៣កំណាត់ និង៤កំណាត់ ស្របតាម ក្របខ័ណ្ឌបណ្តុះបណ្តាលរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ។
លោកស្រីបានបន្តថា៖ «សូមឱ្យថ្នាក់តំបន់បន្តផ្តល់ជំនួយបច្ចេកទេស និងគ្រូឯកទេសកាយរឹទ្ធិកម្ម ដើម្បីរៀបចំគោលនយោបាយ និងកម្មវិធីយុវជន ដែលមានប្រសិទ្ធភាពក្នុងការអនុវត្តការងារកាយរឹទ្ធិកម្មផ្សារភ្ជាប់ជាមួយកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា»។
ភាគីកម្ពុជា ក៏បានស្នើផងដែរឱ្យមានកិច្ចសហប្រតិបត្តិការ និងកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយមន្ត្រីជំនាញរបស់កាយរឹទិ្ធជាតិកម្ពុជា ដើម្បីរៀបចំកម្មវិធីអនុវត្តនៅតាមទីវាល (Out-door activity) ២ ម៉ោងក្នុង១សប្តាហ៍ ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
លោកស្រីអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ក៏បានស្នើឱ្យថ្នាក់តំបន់ជួយផ្តល់នូវឯកសារ និងអ្នកជំនាញឯកទេសភ្លេងកាយរឹទិ្ធ ដើម្បីរៀបចំកម្មវិធីប្រកួតភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៤ និងផលិតនូវចម្រៀងកាយរឹទិ្ធ ដើម្បីផ្សព្វផ្សាយក្នុងបណ្តាញសង្គមនានា។
ឆ្លើយតបទៅនឹងសំណើទាំងនេះដែរ តាមរយៈនាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិលោក J.R.C. Pangilinan បានទទួលយក និងសន្យាថានឹងសិក្សាលម្អិតបន្ថែមទៀត ដើម្បីរៀបចំកម្មវិធីលម្អិតលើខ្លឹមសារ បច្ចេកទេស និងតម្រូវការនានា។
សូមសម្រាបថា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះកាយរឹទ្ធិជាតិកម្ពុជាបានអនុម័តជាផ្លូវការនូវសេចក្តីព្រាងផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ក្នុងការជំរុញសកម្មភាពនៃសមាជិករបស់ខ្លួន ក្នុងសហគមន៍លើការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ដើម្បីឱ្យសមាជិកខ្លួនបានចូលរួមចំណែកយ៉ាងផុសផុលក្នុងស្មារតីកសាងសង្គមជាតិ និងពិភពលោក។
កាយរឹទ្ធិជាតិកម្ពុជា ជាស្ថាប័នមួយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានក្លាយជាសមាជិកនៃចលនាកាយរឹទិ្ធពិភពលោកនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨៕