ភ្នំពេញៈអង្គការមូលនិធិទំពាំងស្នងឫស្សី ជាមួយក្រុមនិស្សិតស្ម័គ្រចិត្ត ចាប់ផ្តើមអនុវត្តគម្រោងស្លាបចក្របឹងទន្លេសាបដែលជាយុទ្ធនាការថ្មី១ នៅតាមសហគមន៍បឹងទន្លេសាប ដើម្បីចុះប្រមូលទិន្នន័យពីអ្នកបើកកាណូតទេសចរណ៍ ទូកនេសាទ និងប្រជាសហគមន៍ជុំវិញបញ្ហាសំរាមប្លាស្ទិកនៅក្នុងទន្លេ។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៧ សីហាថា គម្រោងស្លាបចក្របឹងទន្លេសាបនេះ គឺជាគម្រោងថ្មី១ ដែលមាននិស្សិតស្ម័គ្រចិត្តចុះទៅធ្វើទស្សនកិច្ចសិក្សាដើម្បីសិក្សា និងប្រមូលព័ត៌មានជុំវិញបញ្ហារបស់អ្នកបើកកាណូតទេសចរណ៍ ទូកនេសាទ និងប្រជាសហគមន៍អំពីសំរាមប្លាស្ទិកដែលពួកគាត់បានប្រទះក្នុងទឹកទន្លេ។
ចំពោះជំហានដំបូង លោកបានអះអាងថា និស្សិតស្ម័គ្រចិត្តនៃសាកលវិទ្យាល័យអង្គរ ចាប់ផ្តើមចុះប្រមូលទិន្នន័យ និងសម្ភាសអ្នកបើកកាណូតទេសចរណ៍ ទូកនេសាទ និងប្រជាសហគមន៍ចំនួន១៥០នាក់ នៅសហគមន៍កំពង់ភ្លុកមុនគេ។
លោកបានបញ្ជាក់ថា៖ «គម្រោងស្លាបចក្របឹងទន្លេសាប ជាយុទ្ធនាការថ្មី១ទៀត នៅតាមសហគមន៍បឹងទន្លេសាប។ យើងចាប់ផ្តើមអនុវត្តនៅកំពង់ភ្លុកនៅថ្ងៃទី២៧ សីហា និងបន្តបន្ទាប់ទៅសហគមន៍ដទៃទៀត ដូចជាកំពង់ឃ្លាំង មេជ្រៃ និងចុងឃ្នៀស។ គម្រោងថ្មីនេះ សម្រាប់ដើមរដូវទឹកឡើង ដើម្បីដាស់ស្មារតីឱ្យយើងគ្រប់គ្នាយល់ដឹងពីការបំពុលបរិស្ថានដោយសារប្លាស្ទិក និងចាប់ផ្តើមគិតគូរពីសុខភាពបឹងទន្លេនៃយើង»។
លោក ស៊ា សុផល បានឱ្យដឹងដែរថា ក្រុមនិស្សិត ដែលមានចំនួន ១៦ រូប នឹងបែងចែកជា៣ក្រុម ដើម្បីចុះទៅតាមខ្នងផ្ទះ និងកន្លែងប្រកបរបររបស់អ្នកនេសាទ ឬដឹកភ្ញៀវតាមទូក នៅក្នុងសហគមន៍នីមួយៗ ដើម្បីប្រមូលព័ត៌មានជាក់ស្តែងជុំវិញបទពិសោធន៍ពេលជិះកាណូតទេសចរណ៍កម្សាន្តនៅតាមសហគមន៍បឹងន្លេសាប ហើយស្លាបចក្រកាណូត បានទាក់ជាប់សំរាមប្លាស្ទិកឬអត់? ហើយដើម្បីដឹងថា នៅពេលជួបហេតុការណ៍បែបនេះ តើម្ចាស់ទូកប្រើប្រាស់មធ្យោបាយ ឬទុកដាក់សំរាមនោះរបៀបណា?
លោកបានបញ្ជាក់ថា៖«ថ្ងៃនេះ យើងធ្វើនៅកំពង់ភ្លុក។ អ៊ីចឹងប្រហែលជាខែ៩ យើងនឹងធ្វើនៅកំពង់ឃ្លាំង។ ខែ១០ យើងអាចធ្វើនៅសហគមន៍មេជ្រៃ ហើយខែ១១ យើងធ្វើនៅចុងឃ្នៀស។ អ៊ីចឹងយើងអាចសិក្សាឱ្យចប់ក្នុងសហគមន៍ទាំង៤ហ្នឹងឱ្យបានមុនទឹកស្រក ព្រោះយើងនឹងមានព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់យើង ពេលចុងឆ្នាំហ្នឹង នៅពេលទឹកស្រកទៅវិញ ដើម្បីយើងធ្វើស្របគ្នាក្នុងថ្ងៃទិវាអនាម័យជាតិ២៣ វិច្ឆិកាដែរ»។
លោក អ៊ិន បុញ្ញាភត្ត្រា សាស្ត្រាចារ្យដឹកនាំក្រុមនិស្សិតចុះប្រមូលទិន្នន័យបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គម្រោងនេះ គឺកិច្ចសហការរវាងអង្គការ និងសាកលវិទ្យាល័យ ដើម្បីរួមគ្នាសិក្សាពីផលប៉ះពាល់ពីសំរាមប្លាស្ទិកនៅក្នុងទន្លេ។ លោកបន្តថា តាមរយៈការចូលរួមនេះ គឺផ្នែកមួយនៃកម្មវិធិសិក្សារបស់និស្សិតដែលកំពុងសិក្សានៅឆ្នាំទី១ផងដែរ ព្រោះពួកគេនឹងទទួលបានបទពិសោធន៍ផ្ទាល់ដើម្បីជាចំណែកក្នុងការការពារបរិស្ថាន។
លោកបានបញ្ជាក់ថា៖«គម្រោងនេះគឺល្អមែនទែន ទី១ បានបំពេញកិច្ចសិក្សារបស់និស្សិត ហើយទី២ នាំឱ្យនិស្សិតចាប់ផ្តើមមានមូលដ្ឋានគ្រឹះក្នុងចុះសិក្សាស្រាវជ្រាវ ហើយនេះជាគម្រោង១ ដែលចូលរួមតម្រង់ទិស ដើម្បីឱ្យពួកគាត់ត្រៀមខ្លួនក្នុងការបញ្ចប់ការសិក្សា ហើយគម្រោងនេះ ថែមទាំងឱ្យពួកគាត់ បានស្វែងយល់ពីបញ្ហាថង់ប្លាស្ទិកឬសំណាញ់ ដែលត្រូវបានបោះចោលក្នុងទឹក តើវាមានប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃយ៉ាងម៉េចរបស់ប្រជាពលរដ្ឋ ជាពិសេសវាជាប់នឹងស្លាបចក្រហ្នឹងតែម្ដង»។
លោក អ៊ិន បុញ្ញាភត្ត្រា រំពឹងថា លទ្ធផលនៃការសិក្សា នឹងបានទៅជាប្រយោជន៍ដល់សង្គម ជាពិសេសបានចូលរួមផ្សព្វផ្សាយទៅដល់ប្រជាសហគមន៍នៅក្នុងតំបន់បឹងទន្លេសាប និងសាធារណជនដើម្បីឱ្យមានការគិតគូរឡើងវិញអំពីផលប៉ះពាល់ពីសំរាមប្លាស្ទិកនៅក្នុងទឹកទន្លេ៕