ភ្នំពេញៈ កីឡាករជើងខ្លាំងរបស់កម្ពុជា ធឿន ធារ៉ា បានចំណាយពេលមិនដល់៣នាទីស្រួលបួលផង ដើម្បីផ្តួលអ្នកប្រដាល់ថៃ Pich Kvannaek ឱ្យសន្លប់ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀនថោន ប៉ុន្តែលោក Tommy Kim ទីប្រឹក្សាទូរទស្សន៍ថោនបានអះអាងថា នេះគ្រាន់តែជាការប្រកួតសាកល្បងរបស់ ធារ៉ា ដើម្បីត្រៀមចូលរួមការប្រកួតលំដាប់ពិភពលោកចំនួន ៥ ក្នុងឆ្នាំ ២០២៣ នេះ។
តាមរយៈប្រកួត កាលពីថ្ងៃទី២៦ ខែសីហា កីឡាករថៃ Pich Kvannaek ដែលមានសមត្ថភាពល្អដែរនោះ មិនបានចាត់ទុក ធឿន ធារ៉ា ជាជើងខ្លាំង នៅក្នុងក្រសែភ្នែករបស់គេទេ ។ មិនតែប៉ុណ្ណោះ រូបគេបានប្រលយពាក្យសម្តីបែបឌឺដងដោយនិយាយមុនការប្រកួតថា គេមានទំនុកចិត្ត ១០០ ភាគរយ ក្នុងការយកឈ្នះ ធឿន ធារ៉ា។ ប៉ុន្តែពេលប្រកួតជាក់ស្តែង Pich Kvannaek មិនទាន់ទាំងបានបង្ហាញស្នៀតអ្វីផង ក៏ត្រូវបាន ធារ៉ា វាយឱ្យអាជ្ញាកណ្តាលបញ្ឈប់បាត់ទៅហើយ។
សម្រាប់ការប្រកួតត្រឹម៣ទឹកនេះ Pich Kvannaek បានទាត់ទៅលើការឃុំរបស់ ធឿន ធារ៉ា ត្រឹម១ជើងគត់ ហើយក៏ត្រូវបាន ធារ៉ា ទាត់ជើងក្រោមឱ្យដួលទាំងជំហរ រួចក៏បានប្រើក្បាច់ថ្មី គឺការបង្វិលខ្លួនធាក់ជើងស្តាំទៅក្រោយចូលពោះ បណ្តាលឱ្យ Pich Kvannaek ចុករមួល និងត្រូវបានអាជ្ញាកណ្តាលរាប់នៅនាទីដំបូង ក្នុងទឹកទី១។ បន្ទាប់មក ធារ៉ា បានចូលចាប់ផ្តួល រួចបានប្រើក្បាច់ថ្មីធាក់ទៅលើពោះថៃម្នាក់នេះម្តងទៀត ធ្វើឱ្យដៃគូម្នាក់នេះ បង្ហាញអាការកាន់តែមិនស្រួល។
ស្ថិតក្នុងស្ថានភាពដ៏អំណោយផលនេះ ធឿន ធារ៉ា បានស្ទុះចូលម៉ាត់បន្ថែមទៅលើពោះរបស់ Pich Kvannaek បណ្តាលឱ្យកីឡាកររបស់ថៃម្នាក់នេះ ដួលទាំងឈឺចាប់ និងត្រូវបានអាជ្ញាកណ្តាលរាប់ម្តងទៀតនៅនាទីទី២ ហើយនៅនាទីទី៣ ចុងទឹកទី១នេះ ធារ៉ា បានម៉ាត់ ឆ្វេង-ស្តាំចូលចំរបួសចាស់ នាំឱ្យ Pich Kvannaek អស់លទ្ធភាពតដៃធ្វើឱ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។
យ៉ាងណាក៏ដោយ ការចាញ់សន្លប់យ៉ាងផុយស្រួយរបស់កីឡាករ Pich Kvannaek បានធ្វើឱ្យអ្នកទស្សនាមួយចំនួន ហាក់មិនអស់ចិត្ត ដោយអ្នកខ្លះបានលើកឡើងថា ជាការប្រកួតមិនល្អមើល ព្រោះថៃម្នាក់នេះមានសមត្ថភាពខ្សោយ មិនស័ក្តិសមដាក់ឱ្យប្រកួតជាមួយ ធឿន ធារ៉ា នោះទេ។
ទោះបីជាយ៉ាងណា លោក គឹម ស្រ៊ុនកុសល ហៅ Tommy Kim ទីប្រឹក្សាទូរទស្សន៍ថោន បានអះអាងថា ជំនួបរវាង ធឿន ធារ៉ា និង Pich Kvannaek វាគ្រាន់តែជាការប្រកួតសាកល្បង និងតេស្តសមត្ថភាពរបស់ ធារ៉ា ដើម្បីត្រៀមការប្រកួតពិភពលោកសំខាន់ៗ នៅចំពោះមុខ ដើម្បីបំបែកកំណត់ត្រា មានអ្នកតាមដានទស្សនាច្រើនជាង៥០ម៉ឺននាក់ ព្រោះការប្រកួត TECHO SANTEPHEAP Kun Khmer World Champion ដែលសង្វៀន ថោន បានរៀបចំ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា គឺមានអ្នកតាមដានការប្រកួតតាមការផ្សាយផ្ទាល់ជាង៥០ម៉ឺននាក់ (501K)។
លោក Tommy Kim ដែលជាតំណាងស្ថាប័នអន្តរជាតិ IPCC និងតំណាង Mas Fight ប្រចាំនៅកម្ពុជា បានបង្ហោះសារបែបនេះថា៖ «វាជាការតេស្តសមត្ថភាពរបស់កីឡាករ ធឿន ធារ៉ា ដោយសារមួយរយៈមុន គាត់មានបញ្ហាសុខភាព និងគ្រឿងអាវុធរបស់គាត់ ហើយការប្រកួតនេះ ជាការសាកល្បង! អបអរសាទរ ធឿន ធារ៉ា ត្រៀមខ្លួនចូលរួមកម្មវិធីលំដាប់ពិភពលោកចំនួន៥ ដើម្បីត្រៀមបំបែកកំណត់ត្រា 501k ចាប់ពីខែ៩ ដល់ខែ១២ឆ្នាំ២០២៣នេះ»។
បើទោះបីជា លោកគឹម ស្រ៊ុនកុសល មិនទាន់បង្ហាញឱ្យលម្អិតពីព្រឹត្តិការណ៍លំដាប់ពិភពលោកទាំង៥ ដែលសង្វៀនថោន នឹងរៀបចំឱ្យមានឡើងក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែនៅក្នុងចំណោមការប្រកួតលំដាប់ពិភពលោកទាំង៥នេះ លោកបានឱ្យដឹងថា គឺមាន២កម្មវិធី ត្រូវធ្វើនៅក្នុងខែកញ្ញា ចំណែក៣កម្មវិធីទៀត ត្រូវរៀបចំនៅក្នុងខែតុលា វិច្ឆិកា និងខែធ្នូ ដោយលោកបានសង្កត់ធ្ងន់ថា៖ «ព្រឹត្តិការណ៍ទាំង៥នេះ សុទ្ធតែវាយលំដាប់ពិភពលោក ក្នុងន័យផ្សព្វផ្សាយគុនខ្មែរឱ្យពិភពលោកបានស្គាល់»៕