បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានសម្រេចបន្ថែមអត្ថប្រយោជន៍ក្នុងផ្នែកថែទាំសុខភាព គឺការផ្ដល់វិភាជន៍បូជាសពចំនួន ២លានរៀល និងបានកែសម្រួលវិភាជន៍បូជាសពក្នុងផ្នែកហានិភ័យការងារពី ៤លានរៀល ទៅ១០លានរៀលផងដែរ។នេះបើតាមលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងនិងជាអ្នកនាំពាក្យនៃ ប.ស.ស។
នៅក្នុងពិធីផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គមសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារជូនដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន នៅខេត្តកំពង់ស្ពឺកាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោក ហេង សុផាន់ណារិទ្ធ បានថ្លែងថា គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ គឺជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក។
លោកបានបន្តថា នេះជាការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុក្រោម២ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទានិងបញ្ញាស្មារតីឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ប.ស.ស បើកផ្ដល់ជូនជា៣ដំណាក់កាលស្មើនឹងចំនួន១៥លើក។
លោកបានបញ្ជាក់ថា៖«ដើម្បីធានាគោលការណ៍ទូទៅនៃប្រព័ន្ធសន្តិសុខសង្គមលើទស្សនទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម និងធានាបាននូវសន្តិសុខប្រាក់ចំណូល ប.ស.ស បានសម្រេចបន្ថែមអត្ថប្រយោជន៍ក្នុងផ្នែកថែទាំសុខភាព គឺការផ្ដល់វិភាជន៍បូជាសពចំនួន ២លានរៀល និងបានកែសម្រួលវិភាជន៍បូជាសពក្នុងផ្នែកហានិភ័យការងារពី ៤លានរៀល ទៅ១០លានរៀលផងដែរ»។
នាឱកាសនោះដែរ លោក ស៊ីម រតនៈ អភិបាលរងខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ក្នុងខេត្តនេះដែលទើបបើកថ្មីៗ ឬបើកយូរហើយ តែមិនទាន់បានចុះបញ្ជី ត្រូវប្រញាប់ទៅចុះបញ្ជីជាមួយ ប.ស.ស ដើម្បីឱ្យកម្មករនិយោជិតក្លាយជាសមាជិក ប.ស.ស ចៀសវាងការខាតបង់អត្ថប្រយោជន៍របបសន្តិសុខសង្គម។
លោកបានបន្ថែមថា៖«ចំពោះសហគ្រាសដែលបានចុះបញ្ជីរួចត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន នឹងត្រូវចូលរួមសហការរាល់សកម្មភាពក្រុមការងារប.ស.សដែលបានចុះទៅផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងអំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គមនិងចំណេះដឹងផ្សេងៗទៀត»។
បើតាមប.ស.ស សាច់ញាតិគ្រួសារនៃសពដែលមានប្រាក់សោធននិវត្តន៍ នឹងទទួលបានប្រាក់យ៉ាងតិចបំផុត២លានរៀល ហើយអាចទទួលបានលើសនេះទៅតាមប្រាក់អតីតភាព៥ខែចុងក្រោយរបស់សមាជិកគ្រួសារ។បន្ទាប់ពីបុគ្គលដែលមានប្រាក់ចូលនិវត្តន៍បានស្លាប់ក្នុងរយៈពេល៣ខែនោះ សាច់ញាតិត្រូវយកលិខិត មរណភាពទៅបញ្ជាក់នៅបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ ប.ស.ស រួមទាំងឯកសារដែលពាក់ព័ន្ធមួយចំនួនទៀត ដែលទទួលស្គាល់ដោយ ប.ស.ស។
ប្រភពដដែលថា នៅពេលជនសោធនិកជរាភាពទទួលមរណភាពនោះ សិទ្ធិវន្តនៃវិភាជន៍បូជាសព ឬអ្នកចាត់ចែងបូជាសព ដែលត្រូវទៅទទួលប្រាក់អប្បបរមា២លានរៀលនេះ ត្រូវជូនដំណឹងទៅ ប.ស.ស ក្នុងរយៈពេល២សប្ដាហ៍។
យោងតាមច្បាប់ស្តីពីរបបសន្ដិសុខសង្គមតាវកាលិកនៅក្នុងផ្នែកប្រាក់សោធន តាមរបបភាគទានកាតព្វកិច្ចរួមមាន៖សោធនជរាភាព,សោធនទុព្វលភាព,សោធនឧត្តរជីវី និងវិភាជន៍បូជាសព ដោយសិទ្ធិវន្តនៃសោធនឧត្តរជីវី មានសិទ្ធិទទួលបានវិភាជន៍បូជាសព នៅពេលដែលសោធនិកជរាភាព ឬទុព្វលភាពសាមីទទួលមរណភាព។
សិទ្ធិវន្តនៃវិភាជន៍បូជាសព (សមាជិកគ្រួសារឬអ្នកចាត់ចែងបូជាសព) ដែលចាត់ចែងបូជាសពរបស់សោធនិកជរាភាព ឬសោធនិកទុព្វលភាព ត្រូវបំពេញទម្រង់ទាមទារវិភាជន៍បូជាសព ក្នុងអំឡុងពេល៣ខែ បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាពរបស់សោធនិក»។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងការងារចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ប្រសិនបើករណីយកិច្ចនេះមិនបានបំពេញដោយសិទ្ធិវន្តនៃសោធនឧត្តរជីវី វិភាជន៍បូជាសពអាចត្រូវបានផ្តល់ដល់ជនណាដែលជាអ្នកចាត់ចែងបូជាសពសាមីជនផ្ទាល់៕