ភ្នំពេញៈអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោក លី ធុជ បានលើកឡើងថា ការចូលរួមចំណែកពីសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះ នៅតាមសហគមន៍។
លោកបានលើកឡើង កាលពីថ្ងៃទី២៥ ខែសីហា តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា អាជ្ញាធរមីន ជាមួយប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធ តែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់។
រយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត បានជំរុញឥតឈប់ឈរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយសម្រេចបានសមិទ្ធផលយ៉ាងធំធេង ក្នុងការផ្តល់ដីសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនប្រជាជនតាមមូលដ្ឋាន។
លោក លី ធុជ បានលើកឡើងថា ៖ «ក្រៅពីការបោសសម្អាតមីន កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ការអប់រំយល់ដឹងអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ ក៏ជាសកម្មភាពមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ និងទប់ស្កាត់ជនរងគ្រោះថ្នាក់ផងដែរ»។
បើតាមអាជ្ញាធរមីន គិតត្រឹមឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួនជាង ៥លាននាក់ បានទទួលសារអប់រំ ពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះពីប្រតិបត្តិករ បណ្តាញអប់រំតាមសហគមន៍ និងអាជ្ញាធរមានសមត្ថកិច្ច។
ជាមួយគ្នានេះចំនួនជនរងគ្រោះបានធ្លាក់ចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅក្រោមចំនួន១០០នាក់ ក្នុង១ឆ្នាំជាមធ្យមក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។
លោក លី ធុជ បញ្ជាក់ថា ៖ «ទោះបីមានកិច្ចខិតខំប្រឹងប្រែង លើការងារបោសសម្អាតមីន និងគ្រាប់យ៉ាងណាក៏ដោយ ការគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតែមានជាប្រចាំ ដោយកត្តាមួយចំនួនរួមមាន ការលេង ឬកែច្នៃគ្រាប់ ឈរមើលគេលេងគ្រាប់ សម្អាតដីធ្វើកសិកម្ម ចូលព្រៃកាប់ឈើ រកស្បៀងអាហារ ធ្វើកសិកម្ម ដុតព្រៃ និងធ្វើដំណើរឆ្លងកាត់តំបន់មិនស្គាល់ច្បាស់ ជាដើម»។
រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្តប្តេជ្ញាចិត្តធ្វើការដោះស្រាយហានិភ័យដែលនៅសេសសល់ពីគ្រាប់មីនឱ្យអស់ពីទឹកដីកម្ពុជាត្រឹមឆ្នាំ២០២៥ និងគ្មានប្រជាពលរដ្ឋណាម្នាក់បន្តរងគ្រោះដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥។ នេះបើតាមលោក លី ធុជ ។
លោកថ្លែងថា ៖ «យើងទាំងអស់គ្នា ត្រូវរួមគ្នាជាមួយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដើម្បីលុបបំបាត់ចោលឱ្យអស់សោកនាដកម្មដ៏សែនឈឺចាប់ ដោយសារគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ពីទឹកដីកម្ពុជា»។
សូមរំឭកផងដែរថា មន្រ្តីនៃអាជ្ញាធរមីន បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការផ្តល់សារអប់រំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ជូនដល់លោកគ្រូ អ្នកគ្រូ និងគរុសិស្សនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែសីហា។
យោងតាមអាជ្ញាធរមីន នៅទូទាំងប្រទេសកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ១៩៧៩ ដល់ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន ៦ ៥០២៨នាក់ ក្នុងនោះមានកុមារា កុមារីចំនួន ៧ ៥០៣ នាក់។
ប្រភពដដែលថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ មានជនរងគ្រោះចំនួន ២៣នាក់ ដែលតួលេខនេះ មានការថយចុះ ៤៣% បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ដែលមានជនរងគ្រោះចំនួន ៤០នាក់៕