​ភ្នំពេញ​: លោក​ឧបនាយក​រដ្ឋ​​មន្ត្រី ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្ដែង​អំណរគុណ​ចំពោះ​មាតាបិតា​អ្នកគ្រប់គ្រង​សាលា​លោកគ្រូ​អ្នកគ្រូ និង​អង្គការ​សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (KAPE)​ ដែល​បាន​ជួយ​គាំទ្រ​សាលា​ជំនាន់​ថ្មី​និង ចង់ឱ្យ​សាលា​បែបនេះ​កើតមាន​កាន់តែច្រើន​ថែមទៀត​។​

​ការលើកឡើង​របស់លោក​ដូចនេះ​ធ្វើឡើង​ក្នុងពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​ពិព័រណ៍​ស្នាដៃ​សិស្ស​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ពីថ្ងៃ​ទី​ ២៦ ខែសីហា ឆ្នាំ ​២០២៣​។ អ្វីដែល​លោក ណា​រ៉ុ​ន សរសើរ​នោះ​ គឺ​ការចូល​​រួម​ដ៏​គួរឱ្យកត់សម្គាល់​ពី​ឪពុកម្តាយ និង​អាណាព្យាបាល​ដែល​ផ្តល់​វិភាគទាន​ពី​ ៣០​ ទៅ ៥០​ ដុល្លារ​ក្នុង ​១ ​ខែ ក៏ដូចជា ការ​បរិច្ចាគ​អភិវឌ្ឍន៍​សាលា​ជំនាន់​ថ្មី​ជាច្រើន​ទៀត​ដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​ចង់ឱ្យមាន​សាលា​ជំនាន់​ថ្មី​នេះ​កើតមាន​កាន់តែច្រើន​ទៀត​។ ខ្ញុំ​សូមឱ្យ​អង្គការ ​(KAPE) និង​មន្ទីរអប់រំ យុវជន និង​កីឡា សិក្សា​អំពី​លទ្ធភាព​បង្កើត​នៅ​កន្លែង​ផ្សេងទៀត ដោយ​មិន​ចាំ​បាច់​សុំ​ថវិកា​ពី​ក្រសួង​ហិរញ្ញវត្ថុ​ទេ តែ​ឱ្យ​ឪពុកម្ដាយ​ចូលរួម​»​។

​លោក​បាន​ថ្លែង​ចំពោះមុខ​មាតាបិតា​និង​អាណាព្យាបាល​សិស្ស​ដែល​កូនៗ​កំពុង​សិក្សា​នៅ​សាលា​ជំនាន់​ថ្មី​ថា​៖ «​ឯក​​ឧត្ដម​បណ្ឌិត​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានដាក់​ចេញ​ជា​គំនិត​ផ្ដួចផ្ដើម​មួយ គឺ​ភាពជា​ដៃគូ​រវាង​សាលា​រដ្ឋ និង​មាតា​​បិតា​នៅតាម​សហគមន៍​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​»​។

​ស្ថិតក្នុង​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទិដ្ឋភាព​អ៊ូអរ​ដ៏​រស់​រវើក ត្រូវបាន​រៀបចំ​ឡើងជា​វេទិកា​បង្ហាញ​ស្នាដៃ​សិ​ស្សា​នុ​-​សិស្ស​សាលារៀន​ជំនាន់​ថ្មី​ទាំង ​២ ​ទីតាំង​គឺ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​វិទ្យាល័យ​ព្រះ​យុគន្ធ​។ ជា​មួយកន្លែង​រៀបចំ​ពិព័រណ៍​ស្នាដៃ​ជាង​ ៤០០​ ស្ដង់ សិស្សានុសិស្ស​មកពី​ក្លិប​នានា​បានបង្ហាញ​សមិទ្ធ​ផល​របស់​ពួកគេ​ទៅតាម​ជំនាញ​រៀងៗ​ខ្លួន​។

​លោក ស​ម្យ កំ​សាន នាយករង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​ជា​ប្រធាន​សាលា​ជំនាន់​ថ្មី (NGS) បានឱ្យដឹងថា​៖ «​ពិព័រណ៍​ស្នាដៃ​សិស្ស ត្រូវបាន​ប្រារព្ធ​ឡើងជា​លើក​ទី​៥ ដែល​បានបង្ហាញ​ពី​ស្នាដៃ និង​លទ្ធផល​ការសិក្សា​ប្រចាំឆ្នាំ​របស់​សិស្សានុសិស្ស​។ គុណ​តម្លៃ​នៃ​សាលា​ជំនាន់​ថ្មី​ផ្ដោតលើ​ចំណេះដឹង បំ​ណិ​ន និង​ឥរិយាបថ​»​។

​ស្នាដៃ​របស់​យុវ​សិស្ស​សាលារៀន​ជំនាន់​ថ្មី​បាន​ឆ្លុះបញ្ចាំង​ពី​ចំណេះដឹង ភាព​ច្នៃប្រឌិត និង​សក្ដានុពល​បញ្ញា​របស់​យុវជន​កម្ពុជា​។​ទាំងនេះ​រួមបញ្ចូល​ផលិត​ផល​អនាម័យ​ដោយ​ក្លិប​គីមី​​មនុស្ស​យន្ត ស្ថាបត្យកម្ម​និង​បច្ចេកវិទ្យា​គ្រប់គ្រង​ឆ្លាត​វៃ​ដោយ​ផ្តោតលើ​អក្សរសិល្ប៍​ខ្មែរ ការស្រាវជ្រាវ​អំពី​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ការស្រាវជ្រាវ​អំពី​សារ​ធាតុគីមី​និង​សូម្បីតែ​ការធ្វើ​នំ ដែល​សុទ្ធតែ​បង្ហាញ​ពី​ទេព​កោ​ស​ល្យ​និង​ជំនាញ​របស់​ពួកគេ​។​

​ក្នុងចំណោម​សិស្សានុសិស្ស​ដែល​មក​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី​ពិព័រណ៍​នោះ មាន ច​ន ពៅ​ស៊ី​រ៉ាណូ ជា​សិស្ស​ថ្នាក់​ទី​ ៩ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជំនាន់​ថ្មី​សាខា​វិទ្យាល័យ​ព្រះ​យុគន្ធ​។​

​ដោយ​ប្រើ​កម្លាំង​ទឹក​ពី​រហាត់ទឹក​ដែល​រចនា​ជា​កាំ​រង្វង់​ភ្ជាប់​គម្រប​ដប​សម្រាប់​ទទួល​ទឹក​ដែល​ហូរ​ស្រ​ក់មក ដើម្បីឱ្យ​រង្វង់​រហាត់​វិល​វា​បង្កើតបានជា​ថាមពល​បញ្ចូល​ទៅកាន់​ម៉ូ​ទ័​រ​សម្រាប់​ការចែក​អគ្គិសនី​ប្រើប្រាស់​។ ថ្វីដ្បិតតែ​វា​មិនមែនជា​គម្រោង​ថ្មី​សម្រាប់​សិស្សានុសិស្ស​ទូទៅ​ប៉ុន្ដែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺ​ម្ចាស់​គម្រោង​នេះ ជា​យុវ​សិស្ស ពៅ​ស៊ី​រ៉ាណូ ដែលមាន​ដៃខ្លី​និង​ម្រាមដៃ​មិន​ប្រក្រតី​ទៀតផង​។

​យុវ​សិស្ស ពៅ​ស៊ី​រ៉ាណូ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ស្នាដៃ​របស់ខ្លួន​ថា​៖ «​ខ្ញុំ​មិន​ជួប​ការលំបាក​ចំពោះ​ការសិក្សា និង​រៀបចំ​គម្រោង​នេះ​ទេ ដោយសារ​ខ្ញុំ​មាន​ដុង​ខាង​នេះ​ស្រាប់​»​។

​រីឯ​យុវ​សិស្ស​ក្លិប​គី​មិ​វិទ្យា កញ្ញា ថោង បញ្ញា​នារី​,​កញ្ញា គុណ កែវ​,​សុគន្ធ ពិដោរ ,​លោក​ឡោ លី​ហួរ និង​កញ្ញា ឃួន ម៉ា​ឌី​ណា រៀន​ថ្នាក់​ទី​ ៩ នៃ​សាលា​ជំនាន់​ថ្មី​បាន​ផលិត​ក្រេ​ម​លាប​លើ​ដៃ ​(hand cream)​។​ក្រេ​មរ​បស់​យុវ​សិស្ស​ទាំង​​នោះ មាន​ ៣​ ក្លិន ដូចជា សាគូ​រ៉ា ម្លិះ និង​អ័​រ​គី​ដេ សម្រាប់​ការពារ​ស្បែក និង​បំបាត់​ស្លាកស្នាម​។​

យុវ​សិស្ស ថោង បញ្ញា​នារី បាន​រៀបរាប់ថា​៖ «​យើង​លាយ​គ្រឿងផ្សំ និង​បំបែក​រូបមន្ដ​ខ្លួនឯង រួច​បន្ថែម​សារធាតុ​បង្កើត​ក្លិន ដូចជា ក្លិន​ម្លិះ ក្លិន​អ័​រ​គី​ដេ និង​សាគូ​រ៉ា​។ វា​ជួយ​ឱ្យមាន​សំណើម ទន់​រលោង និង​បណ្ដុះ​សារធាតុចិញ្ចឹម​លើ​ស្បែក​»​។

​ការតាំងពិព័រណ៍​បញ្ច​ប់​ឆ្នាំ​សិក្សា ២០២២-២៣ នេះ មាន​ ៨០៩​ ក្លិប ដែលមាន​ជាង​ ៤០០​ ស្ដង់ រួមមាន ការពិសោធ​បង្ហាញ​សមិទ្ធផល​អប់រំ ស្ទែ​ម ផ្នែក​វិទ្យាសាស្ដ្រ រ៉ូ​បូត ចំណត​វៃឆ្លាត រូបវិទ្យា គីមីវិទ្យា ស្រាវជ្រាវ​បញ្ហា​សង្គម សៀវភៅ​អស្ចារ្យ និង​ការ​​សម្ដែង​សិល្បៈ​។

​លោក កំសាន្ដ បាន​ថ្លែងថា សាលារៀន​ជំនាន់​ថ្មី​ គឺជា​សាលារៀន​មួយ​ដែល​កែទម្រង់​ផ្ដោតលើ​គុណភាព​សិក្សា​របស់​សិស្ស​ជាការ​សិក្សា​បែប​សតវត្សរ៍​ទី២១ ការសិក្សា​បែប​ឌីជីថល និង​បច្ចេកវិទ្យា​។

​លោក​បានឱ្យដឹងថា​៖ «​ជា​សរុប​ចំនួន​លោកគ្រូ​-​អ្នកគ្រូ​នៅ​សាលា​ជំនាន់​ថ្មី​ទាំង​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ និង​វិទ្យាល័យ​ព្រះ​យុគន្ធ​មាន​ ១២៩​ នាក់ និង​សិស្ស​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ចំនួន ១ ៧៥៤ ​នាក់ ជាមួយ​ ៣៥ ​ថ្នាក់រៀន នៅ​វិទ្យាល័យ​ព្រះ​យុគន្ធ មាន​សិស្ស​ ៥៨៤ ​នាក់ ជាមួយ ១៧​ ថ្នាក់រៀន​»​។​

​ចំពោះ​សមិទ្ធផល សិ​ស្សា​នុ​-​សិស្ស​ដែល​មិនទាន់​បញ្ចប់​ការ​សិក្សា​ទុតិយភូមិ​ទទួលបាន​អាហារូបករណ៍​ចំនួន​ ២១ ​នាក់ ផ្នែក Software Engineering ផ្នែក Architecture ផ្នែក AI និង នៅ​ប្រទេស​ចិន ទៅតាម​មុខវិជ្ជា​ផ្សេងៗ​ទៀត​។

​នាយក​សាលា​ជំនាន់​ថ្មី លោក កំសាន្ដ បានឱ្យដឹង​ដែរ​ថា សិ​ស្សា​-​នុ​សិស្ស​ ១៧៧​ នាក់ ដែលមាន​ស្រី​ ៨៨​ នាក់ ​បាន​ចូលរួម​ប្រកួត​លក្ខណៈ​ថ្នាក់ជាតិ​និង​អន្ដរជាតិ​។​

​ជា​លទ្ធផល​ពួកគេ​ទទួលបាន​មេដាយមាស​ ២៣១ មេដាយប្រាក់​ ២១៤ និង​មេដាយសំរិទ្ធិ​ ១០២ រួមជាមួយ​ពាន​កិ​ត្ដិ​យស ​១៩​ ពាន ជយលាភី ​២២​ជាដើម​។ ជាមួយគ្នានេះ លោក ​ហង់​​ជួន ណា​រ៉ុ​ន បានស្នើ​ឱ្យ​អនុវត្ដ​កម្មវិធីសិក្សា​ពី​សាលា​ជំនាន់​ថ្មី​មួយចំនួន​នៅ​សាលាដ​ទៃទៀត ដោយ​ផ្ដើម​ពី​សាលា​ក្នុង​រាជធានី​ភ្នំពេញ​មួយចំនួន​រយៈពេល​ ២-៣ ​ឆ្នាំ​ខាងមុខ និង​ឈាន​ទៅតាម​បណ្ដា​ខេត្ដ​ជាមួយ​ស្ដង់ដា​ដែល​អាច​ទទួលយកបាន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កម្ម​វិធី​សិក្សា​ពី ​NGS​ គួរតែ​ត្រូវបាន​អនុវត្ដ​នៅក្នុង​សាលា​មួយចំនួន​ផ្សេងទៀត​ដែល​ឪពុកម្តាយ​អាច​បង់ថ្លៃ​សិក្សា​បាន​ប្រហែល ៣០០​ ឬ​ ៤០០ ​ក្នុង ​១​ ឆ្នាំ ហើយ​ពួកគេ​អាច​ទទួលបាន​ស្តង់ដា​ដែល​អាច​ទទួលយកបាន​ស្រដៀង​នឹង​សាលា​ NGS នៅក្នុង​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ​»​។​

​សម្រាប់​សិស្ស​មាន​ចំណាប់​អារម្មណ៍​លើ​ជំនាញ​ដុត​នំ​អាច​ចុះឈ្មោះ​ចូលរៀន​ក្នុង​ក្លិប​ Bakery​ ដែល​ក្នុង ​១ ​សប្ដាហ៍ ពួកគេ​អាច​រៀន​ធ្វើ​នំ​ចំនួន ​២​ ម៉ោង​។

​យុវ​សិស្ស ទ្រី គឹម​លៀប សិស្ស​ថ្នាក់​ទី ​១១ បាន​និយាយថា​៖ «​ខ្ញុំ​ទើប​រៀន​បាន​រយៈពេល​ខ្លី ដោយសារ​ក្លិប​នេះ​ទើប​បើក​ថ្មី​។​ពួក​ខ្ញុំ​អាចធ្វើ​នំ​មួយចំនួន ដូចជា crab cake, hot dog នំប៉័ង​សាប នំប៉័ង​បាក់​យ៉ុង និង​ឃុ​ក​គី​»​។​

​ការពង្រីក​កម្មវិធីសិក្សា​សាលារៀន​ជំនាន់​ថ្មី​ និង​ភាព​ជោគ​ជ័យ​របស់​សិស្សានុសិស្ស​ទាំងនេះ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការជំរុញ​វិធីសាស្ត្រ​អប់រំ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​ផ្តល់​អំណាច​ដល់​សិស្ស​ ​និង​សហគមន៍​៕