ភ្នំពេញៈ ក្រសួងសុខាភិបាល និងយូនីសេហ្វបានបង្ហាញរបកគំហើញពីហានិភ័យសុខភាពបរិស្ថានធំៗដែលកុមារប្រឈម ដោយសារការប្រែប្រួលអាកាសធាតុ និងការរេចរឹលបរិស្ថាន។ក្រសួងសុខាភិបាល ដោយមានការគាំទ្រពីយូនីសេហ្វ (UNICEF) កាលពីថ្ងៃទី ២៥ ខែសីហា បានបើកសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ ដើម្បីបង្ហាញពីរបកគំហើញ និងអនុសាសន៍សំខាន់ៗពីការវាយតម្លៃសុខភាពកុមារ និងបរិស្ថាន ដែលជាការវាយតម្លៃលើកដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។
យូនីសេហ្វបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ២៦ ខែសីហាថា៖ «ការវាយតម្លៃនេះបង្ហាញពីហានិភ័យសុខភាពបរិស្ថានធំៗដែលកុមារប្រឈមមុខដូចជាការប្រឈមនឹងការបំពុលខ្យល់ការបំពុលទឹក និងចំណីអាហារលោហធាតុពុល ថ្នាំសម្លាប់សត្វល្អិត និងសំណល់គ្រោះថ្នាក់»។
ការវាយតម្លៃសុខភាពកុមារ និងបរិស្ថាន ដែលបានធ្វើឡើងដោយក្រសួងសុខាភិបាលដោយសហការជាមួយយូនីសេហ្វ ផ្តល់នូវទិដ្ឋភាពទូទៅគ្រប់ជ្រុងជ្រោយអំពីស្ថានភាពសុខភាពបរិស្ថានរបស់កុមារនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។
កិច្ចខិតខំប្រឹងប្រែងនេះ មានការចូលរួមពីក្រសួង-ស្ថាប័នចំនួន ២៩ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមានក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោក វីល ផាកស៍ (Will Parks) តំណាងយូនីសេហ្វប្រចាំកម្ពុជាថ្លែងថា វិបត្តិអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារ។ បច្ចុប្បន្ននេះ កុមារប្រឈមមុខនឹងមុខសញ្ញាគ្រោះថ្នាក់បរិស្ថានធ្ងន់ធ្ងរ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ រួមទាំងសិទ្ធិរស់រានមានជីវិត និងលូតលាស់ផងដែរ។
លោកថ្លែងថា៖ «បញ្ហាក្នុងជីវិតដំបូងទាំងនេះ ធ្វើឱ្យថយចុះនូវសក្តានុពលរបស់កុមារក្នុងការក្លាយជាអ្នកដឹកនាំជំនាន់ក្រោយ និងអ្នករួមចំណែកដល់សេដ្ឋកិច្ចនិងវិបុលសុខរបស់ប្រទេស។ កាលណាយើងយល់ពីស្ថានការណ៍នេះកាន់តែច្រើន យើងកាន់តែអាចស្វែងរកការគាំទ្រ និងធ្វើសកម្មភាពបន្ទាន់ដើម្បីគាំទ្រសហគមន៍ដែលងាយរងគ្រោះបំផុត»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ និងការរេចរឹលបរិស្ថានកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិត សុខភាព ការអប់រំ កិច្ចការពារ និងសុខុមាលភាពរបស់កុមារ។ សេចក្តីប្រកាសព័ត៌មានបន្ថែមថា ការកើនឡើងទូទាំងសកលនៃជំងឺមហារីក ជំងឺទឹកនោមផ្អែម វិបត្តិអភិវឌ្ឍន៍ផ្នែកប្រព័ន្ធប្រសាទ និងជំងឺហឺតកើតឡើងព្រមពេលជាមួយនឹងការកើនឡើងយ៉ាងគំហុកនៃការបំពុលខ្យល់ សំណល់អេឡិចត្រូនិក និងការប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់នៅក្នុងផលិតផលប្រចាំថ្ងៃនានា ដូចជា ប្លាស្ទិក ម្ហូបអាហារ គ្រឿងអេឡិចត្រូនិកប្រដាប់ក្មេងលេងនិងក្រែមលាបស្បែកជាដើម។
យូនីសេហ្វបានប៉ាន់ស្មានថា កុមារចំនួន ៣០០ លាននាក់ នៅទូទាំងពិភពលោក រស់នៅក្នុងតំបន់ដែលមានកម្រិតជាតិពុលក្នុងខ្យល់ខ្ពស់ជាងគោលការណ៍ណែនាំអន្តរជាតិដល់ទៅ ៦ ដង។ អង្គការសុខភាពពិភពលោកប៉ាន់ស្មានថា ជាង ១ ភាគ ៤ នៃករណីស្លាប់ក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ អាចបង្ការបានតាមរយៈការដោះស្រាយហានិភ័យបរិស្ថាន។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ទិន្នន័យនៅក្នុងប្រទេសបង្ហាញថា «យើងត្រូវការសកម្មភាពរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានសិក្សា និងសង្គមស៊ីវិលដើម្បីកាត់បន្ថយហានិភ័យសុខភាពបរិស្ថាន ជាពិសេសចំពោះកុមារ»។
លោក កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាលថ្លែងថា គេមិនអាចព្រងើយកន្តើយចំពោះផលប៉ះពាល់ផ្នែកសុខភាពអវិជ្ជមានមកលើកុមារ ដោយសារតែការកើនឡើងនៃហានិភ័យបរិស្ថាន និងកត្តាបម្រែបម្រួលអាកាសធាតុនោះឡើយ។
លោកថ្លែងថា៖ «សកម្មភាពរួមគ្នាបន្ទាន់ និងការវិនិយោគបន្ថែមទៀតគឺជាការចាំបាច់ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងការពារកុមាររបស់យើង។ ការវាយតម្លៃនេះ នឹងផ្តល់ធនធានដ៏មានតម្លៃមួយសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការប្តេជ្ញាចិត្តឆ្ពោះទៅរកការបង្កើតបរិស្ថានមួយដែលកាន់តែមានសុខភាពល្អប្រសើរ ស្អាតជាងមុន និងកាន់តែមាននិរន្តរភាពថែមទៀតសម្រាប់កុមារ និងមនុស្សជំនាន់ក្រោយរបស់យើង»៕