កំពង់ស្ពឺៈ គិតមកទល់ពេលនេះវឌ្ឍនភាពនៃការដាំកូនឈើក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅឧទ្យានជាតិព្រះកុសុមៈគិរីរម្យ សម្រេចបានជិត ២ ម៉ឺនដើមហើយ ខណៈបច្ចុប្បន្នក្រសួងបរិស្ថានកំពុងពន្លឿនការងារនេះឱ្យរួចនៅសប្តាហ៍ទី១ នៃខែកញ្ញា ឱ្យបាន ៣ ម៉ឺនដើម។ នេះបើតាមប្រកាសរបស់ក្រសួងបរិស្ថាន។
ការប្រកាសនេះក្រោយពេលលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចុះសំណេះសំណាលជាមួយមន្ត្រីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលថ្ងៃទី២៧ ខែសីហា។
បើតាមក្រសួងបរិស្ថាន ដំណើរទស្សនកិច្ចរបស់លោក អ៊ាង សុផល្លែត ធ្វើឡើងក្នុងគោលបំណងចុះពិនិត្យទីតាំងដាំកូនឈើ ពិនិត្យមើលតំបន់អនាធិបតេយ្យក្នុងឧទ្យានជាតិគិរីរម្យ ចុះមើលទីតាំងឧទ្យានបោះតង់គិរីរម្យ និងចុះពិនិត្យមើលសហគមន៍ចំបក់និងសិប្បកម្មកែច្នៃឫស្សីជាដើម។
ក្រសួងបានបញ្ជាក់ថា៖ «ការដាំកូនឈើក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅឧទ្យានជាតិព្រះកុសុមៈគិរីរម្យជាលទ្ធផលគឺបានសម្រេចដាំដើមឈើប្រមាណជិត២ម៉ឺនដើមនៃផែនការសរុប»។
ប្រភពដដែលបានឱ្យដឹងថា ក្រសួងដាំដើមឈើបានប្រមាណជិត២ម៉ឺនដើមនៃផែនការសរុបប្រមាណ៣ម៉ឺនដើម លើផ្ទៃដីជាង២ហិកតា ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ហើយការងារដាំស្មៅ និងដើមឈើ នៅទីតាំងនេះនឹងសម្រេចឱ្យបានត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។
ទាកទិននឹងរឿងនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានឱ្យដឹងដែរថា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធការដាំកូនឈើនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅតំបន់ឧទ្យានជាតិគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាពេលខាងមុខ។
លោកបានបញ្ជាក់ថា ៖«នៅពេលគម្រោងដាំកូនឈើនេះបានបញ្ចប់ ឧទ្យានជាតិព្រះកុសុមៈគិរីរម្យ នឹងកាន់តែក្លាយជារមណីយដ្ឋានទេសចរណ៍ ដែលប្រកបដោយសក្តានុពលកាន់តែខ្លាំងថែមទៀត សម្រាប់ពុកម៉ែមាមីងបងប្អូនគ្រប់ទិសទី មកសម្រាកលម្ហែកម្សាន្ត»។
សូមរំឭកថា កាលពីខែឧសភា ឆ្នាំ២០២២ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ធ្លាប់បានលើកឡើងថា ការដាំកូនឈើនៅទីតាំងនោះគឺដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ បរិស្ថាន និងដើម្បីទាក់ទាញភ្ញៀវទេសចរ។ ម្ស៉ាងទៀតក៏ដោយសារមើលឃើញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្ដៅផែនដី គ្រោះរាំងស្ងួត ទឹកជំនន់ ភាពរេចរឹលដីកសិកម្ម និងការរីករាលដាលនៃជំងឺឆ្លងសត្វល្អិតចង្រៃលើដំណាំជាដើម៕