ភ្នំពេញៈ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានយាងធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
ថ្នាក់ដឹកនាំកំពូលនៃព្រឹទ្ធសភា រដ្ឋសភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកអគ្គរដ្ឋទូតចិន រាជវង្សានុវង្ស បានមានវត្តមាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញអមព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី។
យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ទ្រង់ប្រគល់ភារកិច្ចជូនលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួយព្រះអង្គបំពេញតួនាទីជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមព្រះរាជសារព្រះមហាក្សត្របានឱ្យដឹងថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និងសម្តេចព្រះមហាក្សត្រី នឹងអវត្តមានពីមាតុប្រទេសចាប់ពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព»។
លោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឱ្យដឹងតាមរយៈតេឡេក្រាមរបស់លោកនៅថ្ងៃទី ២៨ ខែសីហាថា នេះជាលើកទី១ សម្រាប់រដ្ឋាភិបាលអាណត្តិថ្មីទី៧ ក្រោយពីបានប្រកាសសុពលភាពជាផ្លូវការកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ដែលបានចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្ដេចម៉ែ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកបានបញ្ជាក់ថា៖ «ការចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្ដេចម៉ែ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃនេះ មានការចូលរួមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស ដែលបង្ហាញពីការរួបរួមសាមគ្គីក្រោមម្លប់ព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី»៕