ភ្នំពេញៈ កិច្ចប្រជុំត្រីភាគីលើកទី២ រវាងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ជាមួយភាគីសហជីព និងនិយោជកនៅមិនទាន់បានកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាច្បាស់លាស់ទេ ខណៈភាគីកម្មករនិយោជិតដែលតំណាងដោយសហជីពបានឱ្យដឹងថា ក្រុមសហជីពកំណត់តួលេខ ២ ជម្រើស គឺ ២១២ ដុល្លារ និង ២២០,២០ ដុល្លារ ដើម្បីយកទៅពិភាក្សានាកិច្ចប្រជុំលើកទី៣។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ លើកទី២ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ ២០២៤ បានរៀបចំឡើងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ ដែលកិច្ចប្រជុំនេះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ នៅទីក្រសួងការងារ។
លោករដ្ឋមន្ត្រី ហេង សួរ បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការពិភាក្សាគ្នាថា កិច្ចពិភាក្សាអស់ពេលជាង ៣ ម៉ោង ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មិនទាន់ទទួលបានតួលេខពីភាគីណាមួយនៅឡើយទេដោយសារតែកិច្ចប្រជុំបានផ្តោតជាសំខាន់ទៅលើការវិភាគពីស្ថានភាពនៃវិស័យកាត់ដេរ និងតម្រូវការអ្នកបញ្ជាទិញនៅតាមប្រទេសនានាលើពិភពលោក ខណៈពេលនេះ ជាដំណាក់កាលនៃការថយចុះតម្រូវការផ្នែកសម្លៀកបំពាក់ស្បែកជើង និងកាបូប។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីបានឱ្យដឹងថា ភាគីសហជីពដែលតំណាងឱ្យកម្មករនិយោជិត និងភាគីតំណាងនិយោជកនៅតែមានការយោគយល់គ្នាច្រើន ដោយភាគីនិយោជកបានមើលឃើញថា ចំណូលរបស់កម្មករ-និយោជិតក្នុងរយៈពេលចុងក្រោយនេះមានការធ្លាក់ចុះ ដោយសារការនាំចេញសម្លៀកបំពាក់មានការថយចុះ ដែលការធ្លាក់ចុះនេះ មិនត្រឹមតែនៅកម្ពុជាទេ តែមានបណ្តាប្រទេសផ្សេងទៀតធ្លាក់ចុះដូចគ្នាដែរ ដូចជា វៀតណាម ឥណ្ឌូនេស៊ី បង់ក្លាដែស ស្រីលង្កា ជាដើម។
លោក ហេង សួរ បានថ្លែងថា៖ «ទន្ទឹមនឹងនេះបងប្អូនខាងសហជីពរបស់យើង ក៏ទទួលស្គាល់ថា តម្រូវការក្នុងវិស័យនេះ ពិតជាទាបជាងក្នុងឆ្នាំកន្លងទៅ ប៉ុន្តែភាគីទាំង ២ នៅមិនបានទាន់ឯកភាពគ្នាត្រង់ថា តើគួររក្សាគោលជំហរប្រាក់ឈ្នួលនៅដដែលឬបង្កើនឬក៏យ៉ាងណានោះទេ តែយើងឃើញតម្រុយមួយចំនួនដែលខាងសហជីពគាត់បានលើកឡើង ដែលហាក់បីដូចជា គាត់មានភាពចាស់ទុំ ហើយយើងក៏រំពឹងថា គម្លាតនៃភាគីទាំង ២ មិនខុសគ្នាឆ្ងាយពេក»។
បន្ទាប់ពីកិច្ចប្រជុំនេះ លោក អាត់ ធន់ប្រធានសហភាពការងារកម្ពុជា (CLC) បានថ្លែងដែរថា ថ្វីដ្បិតតែភាគីមិនទាន់កំណត់ប្រាក់ឈ្នួលអប្បបរមាច្បាស់លាស់ក៏ដោយ តែខាងក្រុមសហជីពបានពិភាក្សាគ្នារួចហើយ ដោយគ្រោងនឹងកំណត់ស្នើឱ្យមានជម្រើស ២ គឺបង្កើន ១២ ដុល្លារ និង ២០,២០ដុល្លារពីលើប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០២៣ ដែលមាន ២០០ ដុល្លារ សរុបគឺ ២១២ ដុល្លារ និង ២២០,២០ ដុល្លារសម្រាប់ឆ្នាំ ២០២៤។
លោកបានបញ្ជាក់ថា៖ «កាលពីថ្ងៃទី ២១ ខែសីហា កន្លងទៅក្រុមសហជីពបានជួបប្រជុំគ្នា ដោយកាលនោះមានសហជីព ១ ក្រុមបានស្នើបន្ថែម ១២ ដុល្លារ និង ១ ក្រុមទៀត ដែលជាសហជីពឯករាជ្យ ៥ រូប គ្រោងស្នើ ២០,២០ ដុល្លារ។ តួលេខនេះ យើងគ្រោងនឹងដាក់ស្នើឡើងនៅក្នុងកិច្ចប្រជុំលើកទី ៣ នាថ្ងៃទី ៤ ខែកញ្ញា ខាងមុខ»។
ទោះជាបែបនេះក្តី លោក អាត់ ធន់ បានបន្តថា ខាងសហជីព អាចនឹងមានកិច្ចប្រជុំបន្តបន្ទាប់ទៀតដើម្បីដាក់ចេញតួលេខសមស្របមួយ មុននឹងទៅពិភាក្សានាពេលខាងមុខ ដោយលោករំពឹងថា នាយករដ្ឋមន្ត្រីថ្មី និងរដ្ឋមន្ត្រីក្រសួងការងារថ្មី នឹងយកចិត្តទុកដាក់លើជីវភាពកម្មករនិយោជិតបន្ថែម ដើម្បីបង្ហាញស្នាដៃនៃការចាប់ផ្តើមការងារជាអ្នកដឹកនាំ។
ដោយឡែកខាងភាគីតំណាងនិយោជកវិញ នៅតែអះអាងមិនចង់ឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៤ ទេ ដោយលើកហេតុផលថា ការបញ្ជាទិញមានការធ្លាក់ចុះច្រើន បើធៀបនឹងឆ្នាំមុន។ លោកលី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាបានថ្លែងថា ភាគីទាំងអស់នឹងពិភាក្សាគ្នារកចំណុចរួមមួយ ជាពិសេសលោកសង្ឃឹមថា ក្រៅពីការបារម្ភពីសុខទុក្ខរបស់កម្មករនិយោជិតហើយ តំណាងសហជីព ក៏មានការយោគយល់ពីការលំបាករបស់ថៅកែផងដែរ។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើមានការឡើង ធ្វើឱ្យនិយោជកមានការព្រួយបារម្ភ ដោយសារការបញ្ជាទិញធ្លាក់ចុះ ខណៈដែលរោងចក្រភាគច្រើនមិនមានការធ្វើការបន្ថែមម៉ោងទេ ក្នុងមួយពេលចុងក្រោយនេះ។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចពិភពលោក មិនទាន់មានភាពប្រសើរឡើងនៅឡើយនៅក្នុងឆ្នាំ ២០២៣ នេះ ខណៈឆ្នាំ ២០២៤ ខាងមុខ ក៏មិនទាន់មានភាពប្រាកដប្រជានៅឡើយដែរ»។
សូមជម្រាបថា នៅក្នុងឆ្នាំនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានចំនួន ២០០ ដុល្លារ ក្នុង ១ ខែ ហើយប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗពួកគាត់ម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២១៧ ទៅ ២២៨ ដុល្លារ ក្នុង ១ ខែ៕