កណ្តាលៈ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់មន្ដ្រីជំនាញពាក់ព័ន្ធ យកចិត្ដទុកដាក់សិក្សាបន្ថែមក្នុងការបើកមុខទឹកដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង និងទឹកហូរមកពីផ្នែកខាងលើស្ទឹងព្រែកត្នោត ដែលធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងខូចខាតដល់ទ្រព្យសម្បត្តិសាធារណជន។
ការណែនាំនេះធ្វើឡើង ខណៈលោករដ្ឋមន្ត្រីបានបន្តចុះទៅពិនិត្យមើលប្រឡាយសំខាន់ៗមួយចំនួន សម្រាប់ជួយបញ្ចៀសជំនន់ទឹកភ្លៀង ដែលស្ថិតនៅផ្នែកខាងក្រោម នៃស្ទឹងព្រែកត្នោត កាលពីថ្ងៃទី ២៧ សីហា ឆ្នាំ ២០២៣។ នេះបើតាមលោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម។
លោកបានឱ្យដឹងនៅថ្ងៃទី ២៨ សីហាថា លោករដ្ឋមន្ត្រីបានពិនិត្យស្ថានភាពគ្រឿងចក្រធុនធ្ងន់សម្រាប់ការត្រៀមអន្តរាគមន៍ពេលមានទឹកជំនន់កើតឡើង។ ជាមួយគ្នានោះ លោកក៏បានពិនិត្យ ប្រឡាយលេខ ៩២ ប្រឡាយលេខ ៩៤ និងប្រឡាយលេខ ៩៦។ ប្រឡាយទាំងនោះ មានតួនាទីយ៉ាងសំខាន់ក្នុងការជួយរំដោះជំនន់ទឹកភ្លៀងកុំឱ្យលិចលង់ក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ និងមួយផ្នែកនៃស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្ដកណ្ដាល។
លោកបន្តថា ទោះបីជាមកដល់ពេលនេះមិនទាន់មានការគំរាមកំហែងអ្វីធ្ងន់ធ្ងរ ប៉ុន្តែនេះជាការត្រៀមទុកជាមុន ព្រោះគ្រោះធម្មជាតិគេមិនអាចមើលឃើញបានទេ វានឹងអាចកើតឡើងនៅពេលណា ១ ព្រោះពេលនេះ កំពុងស្ថិតក្នុងពាក់កណ្តាលរដូវវស្សានៅឡើយយ៉ាងហោចណាស់រដូវវស្សានៅមានរយៈពេល ២ ខែទៀត។
លោកបញ្ជាក់ថា កន្លងមកក្រសួងបានធ្វើការកែលម្អប្រព័ន្ធរំដោះទឹកស្ទឹងព្រែកត្នោតចាប់តាំងពីកំពង់ទួល ទៅផ្នែកខាងក្រោមផ្លូវជាតិលេខ ២ បាន ១ ចំនួនធំហើយប៉ុន្តែនៅសល់ការងារខ្លះៗមួយចំនួនទៀតនៅផ្នែកខាងក្រោមនោះទើបលោករដ្ឋមន្ត្រីទៅពិនិត្យមើល។
លោកបានថ្លែងថា៖ «ឯកឧត្តមរដ្ឋមន្ត្រីលោកចុះទៅពិនិត្យ ហើយដាក់ចេញវិធានការទាក់ទងប្រព័ន្ធដោះទឹកនេះដើម្បីឱ្យក្រុមការងារចាប់ផ្តើមសិក្សាទីតាំងក្នុងការបើកមុខទឹកហើយយើងនឹងរៀបចំប្រព័ន្ធរំដោះយ៉ាងណាបន្ថែមទៀត ដើម្បីឱ្យការរំដោះទឹកស្ទឹងព្រែកត្នោត ក្នុងករណីដែលមានជំនន់គឺអាចដោះបានកាន់តែមានប្រសិទ្ធភាព»។
លោក ចាន់ យុត្ថា បានឱ្យដឹងទៀតថា ការដោះស្រាយរំដោះទឹកស្ទឹងព្រែកត្នោតក្នុងករណីមានទឹកជំនន់នេះ មិនមែនដោះតែត្រឹមផ្នែកខាងក្រោមហើយជាការស្រេចនោះទេ ត្រូវមានការដោះជាប្រព័ន្ធ។ ករណីទឹកជំនន់នេះ មិនមែនទើបតែកើតមានក្នុងសម័យនេះទេ សម័យមុនក៏មានទឹកជំនន់ដែរតាំងពីទសវត្សរ៍ ៥០ មក កម្ពុជាធ្លាប់មានទឹកជំនន់ញឹកញាប់ ហេតុនេះនៅចុងទសវត្សរ៍ ៥០ មានការសិក្សា ១ ដើម្បីរៀបចំអាងទឹកនៅផ្នែកខាងលើ ពោលគឺនៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីប្រមូលទឹកស្ទឹងព្រែកត្នោត។
លោកបន្តថា នៅក្នុងរង្វង់ចុងទសវត្សរ៍ ៦០ អាងទឹកនោះ ចាប់ផ្តើមមានការសាងសង់ជាបណ្តើរៗ ប៉ុន្តែជាអកុសលស្រុកទេសចាប់ផ្តើមមានចម្បាំងរាំងជល់ ទើបបណ្តាលឱ្យអាងទឹកដែលជាកន្លែងជួយកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោតនោះរងការប៉ះពាល់ទៅវិញ។
លោកបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ អាងទឹកចាស់ដែលបានសាងសង់នៅក្នុងចុងទសវត្សរ៍ ៦០ នោះបានក្លាយជាទីប្រជុំជន លំនៅឋានរបស់ប្រជាពលរដ្ឋអស់ទៅហើយ រដ្ឋមិនអាចទៅធ្វើការសាងសង់កន្លែងនោះបានទៀតទេ ហេតុនេះកន្លងមកក្រសួងបានធ្វើការសិក្សាទីតាំងថ្មីចំនួន ៣ សម្រាប់សាងសង់អាងទឹកដែលស្ថិតនៅផ្នែកខាងលើនោះបន្ថែមទៀតជំនួសទីតាំងចាស់គឺនៅតំបន់ចង្កេះជួរភ្នំក្រវាញ។
បើតាមលោកចាន់ យុត្ថា ក្នុងចំណោមអាងទឹកទាំង ៣ ទើបតែមានការសាងសង់រួចចំនួន ១ ប៉ុណ្ណោះ គឺអាងទឹកតាសាលដែលស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំណែកអាងទឹក ២ ទៀត ទី១ គឺអាងទឹកខ្វៀច ដែលស្ថិតនៅលើទួលស្ទឹងខ្វៀចស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី២ គឺអាងទឹកស្វាហាប់ដែលនៅ ១ ផ្នែក នៃផ្ទៃរងទឹកភ្លៀងពីស្រុកភ្នំស្រួចរបស់ខេត្តកំពង់ស្ពឺ។ អាងទឹកទាំង ៣ នេះមានទំហំប្រហាក់ប្រហែលគ្នាក្នុងរង្វង់ប្រមាណជាង ១០០ លានម៉ែត្រគុប ដែលសរុបទាំង ៣ អាងទឹកនោះអាចស្តុកទឹកបាន ៤០០ ទៅ ៥០០ លានម៉ែត្រគុប។
លោករដ្ឋលេខាធិកាបញ្ជាក់ថា នៅពេលអាងទឹកទាំង ៣ ធ្វើរួចរាល់អស់ ព្រមទាំងមានការធ្វើប្រព័ន្ធរំដោះទឹកនៅផ្នែកខាងក្រោមគ្រប់គ្រាន់នោះ ទឹកជំនន់ដែលធ្លាប់កើតមានកន្លងមកនៅរាជធានីភ្នំពេញ ក៏ដូចជាផ្នែកខ្លះនៃខេត្តកណ្តាលនឹងអាចកាត់បន្ថយបានសឹងតែ ១០០ ភាគរយមិនខាន។
លោកថ្លែងថា៖ «បើដូចឆ្នាំកន្លងទៅដែលយើងមិនទាន់បានស្តារស្ទឹងព្រែកត្នោត រាជធានីភ្នំពេញ ក៏ដូចជាផ្នែកខ្លះនៃខេត្តកណ្តាល គឺប្រឈមខ្លាំងមែនទែន។ ឆ្នាំនេះយើងក៏ប្រឈមដែរ តែដោយសារយើងបានរៀបចំស្ទឹងហ្នឹងឡើងវិញទៅលទ្ធភាពនៃការដោះទឹកហ្នឹងគឺវាកើន អ៊ីចឹងយើងប្រឈមដែរ តែមិនប្រឈមខ្លាំងដូចឆ្នាំកន្លងទៅទេ»៕