​ភ្នំពេញៈ គណៈប្រតិភូ​តំណាងឱ្យ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ទាំងអស់​ចំនួន ១៦៤ ​ប្រទេស បានបង្ហាញ​ការ​គាំទ្រ​ចំពោះ​ទស្សនវិស័យ និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា និង​បន្ត​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការងារ​បោស​សម្អាត​មីន​ផងដែរ​។​

​លោក Juan Carlos Ruan នាយក​​អង្គភាព​គាំទ្រ​ការអនុវត្ត​អនុសញ្ញា​ស្តីពី​ការហាម​ប្រាម ការប្រើប្រាស់ ការរក្សា​ទុក ការផលិត និង​ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​ការបំផ្លាញ​គ្រាប់មីន​ចោល (​អនុសញ្ញា​អូ​តា​វ៉ា​-ISU-APMBC) និង​ជា​តំណាងឱ្យ​រដ្ឋ​ភាគី​នៃ​អនុ​សញ្ញា​អូ​តា​វ៉ា​ទាំងអស់​ចំនួន ១៦៤ ប្រទេស លើកឡើង​ដូចនេះ ក្នុងជំនួប​ជាមួយនឹង​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា នា​ថ្ងៃទី ​២៨ ខែសីហា ឆ្នាំ ២០២៣​។​

​លោក លី ធុជ បាន​លើកឡើងថា បេសកកម្ម​របស់​គណៈ​ប្រតិភូ​នៃ​អនុ​សញ្ញា​អូ​តា​វ៉ា​-ISU-APMBC នាពេល​នេះ គឺ​ផ្តោត​សំខាន់​លើ​ដំណើរ​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ និង​ធ្វើជា​ប្រធាន​ដឹកនាំ​របស់​កម្ពុជា សម្រាប់​កិច្ចប្រជុំ​ត្រួត​ពិនិត្យឡើងវិញ​លើក​ទី​៥ អនុសញ្ញា​អូ​​តា​វ៉ា ក្នុង​ខែធ្នូ ឆ្នាំ​ ២០២៤ ដែលមាន​តំណាង​មកពី​ប្រទេស​ជា​រដ្ឋ​ភាគី​ចំនួន ១៦៤ និង​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​ទៀត​ចូលរួម​។​

​លោក​បាន​បញ្ជាក់ដែរថា ក្នុងនោះរូបលោក​ត្រូវបាន​សម្រេច​ជ្រើសតាំង​ជា​ប្រធាន​តែងតាំង (Designated President)​ ផងដែរ​។​ លោក លី ធុជ បាន​បញ្ជាក់ថា​៖ «​ក្នុងឱកាស​នោះ លោក Juan Carlos Ruan បាន​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ហើយ​លោក​បាន​គាំទ្រ​ចំពោះ​ទស្សន​វិស័យ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ក្នុងការ​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា ព្រមទាំង​បាន​ប្តេជ្ញា​បន្ត​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ និង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ការងារ​បោស​សម្អាត​មីន ផងដែរ​»​។​

​ក្នុងនាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ ISU-APMBC ដែល​តែង​​តែ​ផ្តល់​ការគាំទ្រ​ដល់​កម្ពុជា​ក្នុងការ​រៀបចំ​ផែនការ​បោសសម្អាត​មីន ឱ្យសម្រេចបាន​នូវ​កាតព្វកិច្ច​នៃ​អនុសញ្ញា​អូ​តា​វ៉ា ក្នុងនាម​កម្ពុជា​ជា​រដ្ឋ​ភាគី​។

​លោក​មានប្រសាសន៍ថា​៖ «​ដោយមាន​ការគាំទ្រ​ពី ISU-APMBC និង​សហគមន៍​អឺរ៉ុប កម្ពុជា បាន​ត្រៀមខ្លួន​រួចជាស្រេច​ស្វាគមន៍ និង​ទទួល​ប​ដិ​ស​ណ្ឋា​រ​កិច្ច​ចំពោះ​គណៈប្រតិភូ​មកពី ៤០​ ប្រទេស ក្នុងនាម​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​សកល​ស្តីពី​ជំនួយ​ដល់​ជនរងគ្រោះ​ដោយសារ​មីន​ប្រឆាំង​មនុស្ស និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​សិទ្ធិ​ជនពិការ​នា​ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ​»​។​

​ជាមួយគ្នានេះ ក្នុងនាម​ជា​ប្រធាន​តែងតាំង​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា លោក លី ធុជ ក៏បាន​នាំនូវ​សារ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ដល់​រដ្ឋ​ភាគី​ទាំងអស់​នៃ​អនុសញ្ញា​អូ​តា​វ៉ា និង​បាន​អះអាងថា​កម្ពុជា​បាន​ត្រៀម​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​សម្រាប់​គណៈប្រតិភូ​មកពី ១៦៤ ​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ដទៃទៀត ក្នុងនាម​ជា​ប្រធាន​ដឹកនាំ និង​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​ ៥ អនុ​សញ្ញា​អូ​តា​វ៉ា នៅ​ខេត្តសៀមរាប នា​ឆ្នាំ​ក្រោយនេះ​។​

​សូមបញ្ជាក់ថា កម្ពុជា​បានក្លាយ​ជា​រដ្ឋ​ភាគី​មួយ​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ចាប់ពី​ឆ្នាំ ​២០០០​។ ក្នុងនាម​ជា​រដ្ឋ​ភាគី កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​វិស័យ​មីន ហើយក៏​បាននិងកំពុង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​សស្រោក​សស្រាំ ព្រមទាំង​ទទួលបាន​នូវ​ការវាយតម្លៃ​ខ្ពស់​ពី​គ្រប់​រដ្ឋ​ភាគី​៕