ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បទដ្ឋានឌីហ្សាញកម្រាលផ្លូវថ្នល់» រួមគ្នា ដើម្បីមើលឡើងវិញនូវការងារដែលបានអនុវត្តកន្លងមក និងចែករំលែកបទពិសោធន៍ ក្នុងការរចនា (ឌីហ្សាញ) និងការសាងសង់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ថា «បទដ្ឋានឌីហ្សាញកម្រាលផ្លូវ» ត្រូវបានប្រកាសបើកជាផ្លូវការក្រោមសហអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ និង មន្ត្រីបច្ចេកទេសពាក់ព័ន្ធកម្មវិធី P4I និងសិក្ខាកាមជាច្រើនរូប ដែលរំពឹងថានឹងទទួលបានលទ្ធផលជាផ្លែផ្កា ជាមួយការផ្តល់ធាតុចូលពីក្រុមការងារ P4I និងAustRoads។
សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន កម្មវិធីនេះបានផ្តល់នូវការគាំទ្រដល់ការធ្វើបច្ចុប្បន្នភាពស្តង់ដាឌីហ្សាញ សម្រាប់ការសាងសង់ ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធលូ និងបទដ្ឋានបច្ចេកទេសសំណង់ ដែលត្រូវបានរៀបចំឡើងតាំងពីដើមឆ្នាំ២០០០ ក្រោមជំនួយឥតសំណងពីប្រទេសអូស្ត្រាលី។
យោងតាមក្រសួងដដែលនេះ លោក Justin Whyatt បានលើកឡើងថា ជាមួយនឹងការរៀបចំរាជរដ្ឋាភិបាលសម្រាប់នីតិកាលថ្មី ភាគីអូស្ត្រាលីនៅតែមានគោលជំហរបន្តកិច្ចសហប្រតិបត្តិការល្អៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនបន្ថែមទៀត ដោយផ្តោតសំខាន់លើ ការបន្តអភិវឌ្ឍលើការងារគ្រប់គ្រងទឹកកខ្វក់ វិស័យភ័ស្តុភារកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ត្រជាក់ (Cold Chain)។
លោកបានថ្លែងថា៖ «ដោយមើលឃើញពីសក្តានុពលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ជាមួយនឹងកម្មវិធីនយោបាយ គោលនយោបាយជាអាទិភាព និងយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងនាមរដ្ឋាភិបាលអូស្ត្រាលី បានបង្ហាញនូវឆន្ទៈសុទិដ្ឋិនិយម ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់»។
ជុំវិញបញ្ហានេះ លោក ប៉េង ពោធិ៍នា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយៈលោក ឯកអគ្គរដ្ឋទូត សម្រាប់ជំនួយគាំទ្រតាំងពីដើមរៀងមក ជាពិសេសជំនួយបច្ចេកទេសដល់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈកម្មវិធី ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (P4I) និង AustRoads។
លោកមានប្រសាសន៍ថា ៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈជំនួយ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នឹងនាំមកនូវការអភិវឌ្ឍក្នុងវិស័យនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
នាឱកាសនោះដែរ លោកប៉េង ពោធិ៍នា ក៏បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី បន្តការគាំទ្រ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ អនាម័យទីក្រុង និងឯកសារស្ដង់ដាបច្ចេកទេសនានា ក៏ដូចជាការកសាងសមត្ថភាពស្ថាប័ន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន និងដើម្បីលើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាប័ន្នសម្រាប់កម្ពុជាផងដែរ៕