ភ្នំពេញៈ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានប្រកាស​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​ក្រុម​ធំ​ជម្រើសជាតិ និង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ​២៣​ ឆ្នាំ ក្នុងពេល​ដំណាលគ្នា ដើម្បី​ធ្វើការ​ប្រមូលផ្តុំ ត្រៀម​ការប្រកួត​មិត្តភាព​អន្តរជាតិ និង​ការប្រកួត​ជើងឯក​យុវជន​អាស៊ី​អាយុ​ក្រោម​២៣​ឆ្នាំ AFC U23 Asian Cup 2024 ដែល​នឹង​ចាប់ផ្តើម នៅ​ដើមខែ​កញ្ញា ខាងមុខនេះ​។​

​សម្រាប់​បញ្ជីរាយនាម​ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជាទាំង​ ២៧​ នាក់ដែល FFC ទើបតែ​បានប្រកាស​នេះគឺ​បានសម្រេច​កោះហៅ​កីឡាករ​ចំណូល​ថ្មី និង​កីឡាករ​ចាស់វស្សា​មួយចំនួនឱ្យមក​ប្រមូលផ្តុំ​ជុំគ្នាដើម្បី​ត្រៀម​ការប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២ ដែល​ត្រូវធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកគឺ​ការប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ហុងកុង នៅ​ថ្ងៃទី​៧ និង​ការជួប​ក្រុម​ជម្រើសជាតិ​ម៉ា​កាវ នៅ​ថ្ងៃទី​១១ ខែកញ្ញា​។​

​ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្គោល លោក Felix Dalmas គឺ​ការប្រមូលផ្តុំ​ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា លើក​នេះ ក៏មាន​វត្តមាន​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ផងដែរ ហើយ​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លិប Al Shahania Sport របស់​ប្រទេស​កាតា ក៏ត្រូវ​បាន​កោះហៅ រីឯ​កីឡាករ​វ័យក្មេង កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ចន្ថា ច​ន្ធា​កា ក៏ត្រូវ​បាន​កោះហៅ​ឱ្យចូល​ជម្រើសជាតិ​ផងដែរ ហើយ​កាលពី​ឆ្នាំ​២០១៨ រូបគេ​ជា​កីឡាករ​ជម្រើសជាតិ​ហ្វុ​ត​សាល​កម្ពុជា​។​

​ចំណែក​កីឡាករ​ចំនួន ​២៤​ នាក់​ទៀត ដែល​ត្រូវបាន​ប្រមូលផ្តុំ​លើក​នេះ រួមមាន វ៉ាន់ តៃ​ឡា​ម៉ី​, ជា វេស​លី​, ឃាន់ សុ​ប៉ិន​, កាន់ ពិ​សាស​, ឈ​ង់ ប៊ុន​ណាត​, គួច សុ​កុម្ភៈ​, អ៊​ន ចាន់​ប៉ូ​លីន​, លឹម ពិសុទ្ធ​, យ៉ើ មូស្លីម​, ផា​ច សុជា​វីឡា​, ជួន ចាន់​ចាវ​, គីម ចាន់​វាសនា​, គង់ លី​ហួរ​, សឿ​យ វិសាល​, ថេ​ឡរ ឌឿ​ង នី​កូ​ឡាស​, គួច ដា​នី​, ហ៊ុល គឹម​ហ៊ុយ​, អ៊ិន សុដាវី​ដ​, អ៊ុក សុវណ្ណ​, ស៊ុន សុ​ផា​ណាត់​, កែវ សុខ​សិលា​, រ៉ឹង ប៊ុន​ហៀ​ង​, ស៊ិន កក្កដា និង ឆេង ម៉េង​។​

​ដោយឡែក ចំពោះ​បញ្ជីរាយនាម​កីឡាករ​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់ ត្រៀម​ចូលរួម​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U23 Asian Cup Qatar 2024 វិញ គឺមាន​ចំនួន ​២៣​ នាក់ ដូចជា ស៊ិន សុវណ្ណ​មករា​, សារ ទី​, ឡេង ណូ​រ៉ា​, ស រតនា​, ភឿ​ក ថា​ត​ថៃ​, តាំង ប៊ុនឆៃ​, ក​យ សា​លីម​, កើត ពេជ្រ​, ជា សុខ​ម៉េង​, ហួត វ៉ន់​ណេ​ត​, ផាត សុខា​, រ៉េត លី​ហេង​, ជូ ស៊ី​នទី​, មិន រតនៈ​, វីរៈ ដា​រ៉ា​, អ៊ី​ម រ៉ា​ឃីម​, សុផល ឌី​ម៉​ង់​, សុវណ្ណ ដូ​ណា​, អ៊ា​ន ពិសី​, ចាន់ សា​រ៉ា​ពេជ្រ​, រឿន វ៉ា​, ហារ សុខ​នោ​ត និង អ៊ី​ត សូ​នី​។​

​តាមរយៈ​បញ្ជីរាយនាម​នេះ បានបង្ហាញ​ឱ្យឃើញថា ការប្រមូលផ្តុំ​ក្រុម​U23​ជម្រើសជាតិ​កម្ពុជា លើក​នេះមានការ​ផ្លាស់ប្តូរ​សមា​សភាព​កីឡាករ​ចំនួន​១០​នាក់ បើ​ធៀប​ទៅនឹង​ការប្រកួត​ពានរង្វាន់ AFF U23 Championship 2023 នៅ​ប្រទេស​ថៃ កាលពីពេល​ថ្មីៗ​នេះ ហើយ​គ្រូ​បង្គោល ដែល​ត្រូវ​ដឹកនាំ​ក្រុម ​U23​ កម្ពុជា លើក​នេះ ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ផងដែរ​ គឺ​គ្រូ​បង្គោល​ជនជាតិ​ជប៉ុន លោក Koji Gyotoku ដោយសារ​គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទីន លោក Felix ជាប់​ភារកិច្ច​ដឹកនាំ​ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា​។​

​យ៉ាងណាក៏ដោយ លោក Koji Gyotoku ក៏​ជា​គ្រូបង្វឹក ដែលមាន​គុណ​វុ​ធ​ខ្លាំង​ផងដែរ ដោយ​លោក​ធ្លាប់​ដឹកនាំ​ក្រុមយុវជន​U18​កម្ពុជា ឈ្នះ​ក្រុមយុវជន​U18​វៀតណាម និង​ធ្លាប់​នាំ​ក្រុមយុវជន​U19​កម្ពុជា ឈ្នះ​ក្រុមយុវជន U19 ថៃ កាល​ឆ្នាំ​២០១៩ ហើយ​កីឡាករ​មួយចំនួន ដែល​ត្រូវ​ប្រមូលផ្តុំ​លោក​នេះ ក៏​ធ្លាប់​ហ្វឹកហាត់​ជាមួយ​លោក នាពេល​កន្លងមក​ផងដែរ​។​

គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U23 Asian Cup Qatar 2024​នេះ ក្រុម ​U23 ​កម្ពុជា នឹង​ចាប់​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល J ពីថ្ងៃ​ទី​៦ ខែកញ្ញា ​តទៅ ដោយ​ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​U23​លី​បង់ មុនគេ រួច​បន្តទៅ​ប៉ះ​ក្រុម​ម៉ុង​ហ្គោ​លី នៅ​ថ្ងៃទី​៩ កញ្ញា និង​ចុងក្រោយ ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​អារ៉ាប៊ីសាអ៊ូឌីត នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៣៕