កំពតៈ អង្គការ Aide et Action បានអះអាងថា គម្រោង CO-SAVED បានដឹកនាំឱ្យសហគមន៍នេសាទជិត ៤០ ម៉ឺន នាក់ នៅកម្ពុជា ចាប់ផ្តើមសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតលើការធានានិរន្តរភាពសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងមូលនិធិប្រកបដោយប្រសិទ្ធភាព និងការសម្រេចចិត្តជាក្រុម។
សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងគាំទ្រសំឡេងដើម្បីសមធម៌សង្គម (CO-SAVED) គឺជាគម្រោងមួយដឹកនាំដោយ Aide et Action ក្នុងបំណងផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋកម្ពុជាជិត ៤០ ម៉ឺន នាក់នៅក្នុងសហគមន៍នេសាទ ដោយទទួលបានមូលនិធិចំនួន ៤ លាន អឺរ៉ូ ពីសហភាពអឺរ៉ុប។ គម្រោងនេះ បានផ្តោតការអនុវត្តនៅក្នុងខេត្តកែប កំពត កោះកុង និងខេត្តព្រះសីហនុ ដោយបានគ្របដណ្តប់ទៅលើស្រុកចំនួន ១០និងឃុំចំនួន ៤៧ ដែលសុទ្ធសឹងជាប្រជានេសាទរស់នៅតាមបណ្តាយឆ្នេរក្នុងប្រទេសកម្ពុជា។
អង្គការ Aide et Action បានអះអាងថា ពិភពលោកបានជួបប្រទះខែក្តៅបំផុតរបស់ខ្លួន ក្នុងកំណត់ត្រាកាលពីខែកក្កដា ឆ្នាំ២០២៣ ក្នុងនោះសហគមន៍ក្រីក្របំផុតនៅក្នុងអឌ្ឍគោលខាងត្បូង គឺជាប្រទេសដំបូងគេដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ទោះបីជាមានកត្តាជាក់ស្តែងជាច្រើនបានបង្កើនការជូនដំណឹងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក៏ដោយ។
អង្គការនេះបានអះអាងបន្តថា ការប្រែប្រួលអាកាសធាតុដែលមានផលវិបាកខាងសង្គម និងសេដ្ឋកិច្ច ក៏កំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរសមុទ្រជាច្រើននៅកម្ពុជាផងដែរ ព្រោះពួកគេស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារការពឹងផ្អែកលើការនេសាទ និងផលជលផល ដោយរាប់ចាប់ពីកម្មករក្នុងវិស័យជលផលរហូតដល់អតិថិជន(ទទួលផលពីត្រី) ខណៈលទ្ធភាពទទួលបានស្បៀងអាហារ គឺមានគ្រោះថ្នាក់បំផុត ដោយសារតែផលនេសាទធ្លាក់ចុះ ហើយស្ថានភាពសេដ្ឋកិច្ចលំបាកនៅក្នុងតំបន់នៃខេត្តជាប់មាត់សមុទ្រទាំងនេះ។
Aide et Action ក៏បានបន្តថា៖«ក្រៅពីជាប្រទេស១ក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ កម្ពុជាក៏ជាប្រទេស១ក្នុងចំណោមប្រទេសដែលទទួលខុសត្រូវតិចបំផុតផងដែរ។ ដូច្នេះសព្វថ្ងៃនេះ បណ្តាប្រទេសនៅអឺរ៉ុបមានឱកាសដោះស្រាយកាតព្វកិច្ចប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហានេះ»។
លោក កើត ម៉ាត់ត្រហេត ប្រធានគ្រប់គ្រងតំបន់ឆ្នេរនៃអង្គការ Aide et Action បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៩ សីហាថា ដើម្បីសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ Aide et Action និងដៃគូអនុវត្តរបស់ខ្លួន រួមទាំងអង្គការ Heiffer បានលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មតាមរយៈការដាក់សហគមន៍នេសាទ ឱ្យនៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដីនេះ។
លោក អះអាងថា តាមរយៈគម្រោងនេះបានចូលរួមឱ្យប្រជានេសាទ មានការអភិវឌ្ឍដែលមានភាពជាម្ចាស់ក្នុងមូលដ្ឋាន គឺទទួលបានជោគជ័យជាងគំនិតផ្តួចផ្តើមដែលត្រូវបានជំរុញពីខាងក្រៅ ព្រោះនេះជាយុទ្ធសាស្ត្រដ៏ល្អបំផុត ក្នុងការគាំទ្រសហគមន៍មូលដ្ឋានផ្នែកហិរញ្ញវត្ថុ ដែលនាំឱ្យពួកគាត់អាចជ្រើសរើស និងបន្តដំណើរឆ្ពោះទៅរកភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ពួកគាត់។
លោកបានបញ្ជាក់ថា៖«គម្រោងនេះបានផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋកម្ពុជាជិត៤០០ ០០០នាក់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់អាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ សមាជិកសហគមន៍ បានបង្កើតគណៈកម្មាធិការ១ ដែលផ្តោតលើការធានានិរន្តរភាពសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងមូលនិធិប្រកបដោយប្រសិទ្ធភាព និងការសម្រេចចិត្តជាក្រុម។ ក្តីសង្ឃឹមរបស់ពួកគាត់ គឺផលិត និងលក់ត្រីទៅឱ្យអ្នកចែកចាយភោជនីយដ្ឋានក្បែរនោះក្នុងតំបន់ទេសចរណ៍នៅពេលដែលបែចិញ្ចឹមត្រីរបស់ពួកគាត់បានបង្កើតឡើងនិងចាប់ផ្តើមបង្កើតប្រាក់ចំណូល»។
ភូមិត្រពាំងសង្កែ គឺជាភូមិ១ ស្ថិតនៅតាមដងព្រែកក្នុងខេត្តកំពត ដែលកំពុងមានគ្រួសារចំនួន៧ បានបង្កើត និងកំពុងគ្រប់គ្រងបែចិញ្ចឹមត្រីចំនួន៧កន្លែង។ លោក ហ៊ឹម នី ដែលជាអ្នកនេសាទចូលនិវត្តន៍ម្នាក់ និងកំពុងគ្រប់គ្រងបែចិញ្ចឹមត្រីផ្ទាល់ខ្លួន បានថ្លែងថា សុបិនរបស់លោក គឺចង់បង្កើនចំនួនត្រី និងបង្កើនផលិតភាពសម្រាប់គ្រួសារ និងសហគមន៍របស់លោក។
ក្នុងអាជីពជាអ្នកនេសាទដ៏យូរឆ្នាំ និងជាជីតារបស់ចៅចំនួន៥នាក់ ខណៈមានកូនដល់ទៅ៦ នាក់ លោក ហ៊ឹម នី បានបង្ហាញក្តីបារម្ភពីការកើនឡើងនៃតម្រូវការត្រី ប៉ុន្តែចំនួនត្រីបែរជានៅទ្រឹង។ ដូច្នេះ លោកយល់ថា ការចូលរួមដោះស្រាយបញ្ហាដែលសហគមន៍នេសាទរបស់លោកកំពុងប្រឈមគឺជារឿងមួយដែលចាំបាច់ ហើយតាមរយៈការចិញ្ចឹមត្រី គឺផ្តល់ជម្រើសសុវត្ថិភាពជាងសកម្មភាពនេសាទដែលប្រើកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋ ស្របពេលកំពុងមានការឡើងខ្ពស់នៃតម្លៃគ្រឿងសមុទ្រ។
ចំណែកលោក នី ហ្វារីដាស់ ដែលបានបោះបង់ការនេសាទ ដើម្បីផ្តោតលើការចិញ្ចឹមត្រី បានថ្លែងដែរថា ឥឡូវនេះ ក្រៅពីការចិញ្ចឹមត្រី លោកក៏បាននាំភ្ញៀវទេសចរក្នុងស្រុកនិងបរទេសទៅទស្សនាកម្សាន្តតាមទូកវេទមន្តរបស់លោកជុំវិញព្រៃកោងកាងផងដែរ។
លោកបានបញ្ជាក់ថា៖«សមាជិកសហគមន៍អញ្ជើញភ្ញៀវមកដាំដើមកោងកាងនៅក្នុងតំបន់ការពាររបស់ខ្លួន ហើយរីករាយក្នុងការចែករំលែកចំណេះដឹងអំពីរុក្ខជាតិដ៏អស្ចារ្យនិងសត្វព្រៃក្នុងតំបន់របស់ពួកយើង។
ទីតាំងដ៏ស្រស់ស្អាតបំផុត១នៅក្នុងប្រទេសកម្ពុជា គឺព្រែកកំពត ដែលអ្នកទេសចរធម្មជាតិមកពីគ្រប់ទិសទីទាំងអស់ អាចរួមចំណែកដល់កំណើនប្រកបដោយនិរន្តរភាព ភាពធន់នឹងអាកាសធាតុនិងការរីកចម្រើនប្រកបដោយបរិយាប័ន្ន»៕