ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យមានតំណាងក្រុមហ៊ុន Facebook អាចបន្តបំពេញការងារនៅកម្ពុជាឡើងវិញ ក្រោយពីក្រុមហ៊ុន Meta Platforms Inc បានបដិសេធនូវការផ្តល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Incចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍នៅថ្ងៃទី ២៩ ខែសីហានេះ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានទទួលយក និងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc. ហើយបានលើកឡើងថា ការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook ផ្លូវការ របស់លោកហ៊ុន សែន។
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានបញ្ជាក់ថា៖«.ក.ប.ទ. សូមស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន Meta Platforms Inc. ដើម្បីបន្តបំពេញការងារនៅកម្ពុជា តទៅទៀត»។
ទោះយ៉ាងណា ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍មិនស្វាគមន៍ចំពោះបុគ្គលទាំង ២២រូប ជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platfoms Inc. ដែលបានផ្តល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕