ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលើកឡើងថា កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានគោរពគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងសម្លឹងទៅមុខ លើសពីផលប្រយោជន៍នយោបាយតែមួយមុខ ខណៈភាគីសហរដ្ឋអាមេរិកវាយតម្លៃខ្ពស់លើទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីដ៏យូរអង្វែងជាមួយកម្ពុជា។
យោងតាមជំនួបរវាងលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិកដែលដឹកនាំដោយលោក អាឡិច ខានស៍ (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណ:កម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកនាំពាក្យនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ បានឱ្យដឹងថា ជំនួបដែលធ្វើឡើងនៅវិមានសន្តិភាព កាលពីរសៀលនៅថ្ងៃទី ២៨ ខែសីហា ក៏មានវត្តមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy ផងដែរ។
ប្រភពដដែលថា លោក អាឡិច ខានស៍ បានសម្តែងការអបអរចំពោះលោកហ៊ុន ម៉ាណែត ដែលលោកយល់ថា អាចជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ធ្វើឱ្យប្រសើរឡើងថែមទៀតចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជាសហរដ្ឋអាមេរិក ដែលជាចំណងការទូតយូរអង្វែង។សហរដ្ឋអាមេរិកបានចូលរួមជួយកម្ពុជាតាមរយៈកម្មវិធីជំនួយអភិវឌ្ឍសង្គម,ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា ហើយលោកបានវាយតម្លៃខ្ពស់លើចំណងកិច្ចសហប្រតិបត្តិការនេះ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក មកកាន់កម្ពុជានេះជាការឆ្លុះបញ្ចាំងពីកម្រិតទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកបានប្រាប់មន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភាអាមេរិកថា កម្ពុជាតែងបើកចំហទ្វារ និងទទួលស្វាគមន៍ ជានិច្ចរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានាសំដៅជំរុញទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា៖ «កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋ អាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយសម្លឹងទៅមុខឱ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ»។
លោកក៏បានបញ្ជាក់បន្ថែមថា គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិកសំដៅពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាពហុភាគី។ លោកក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលកន្លងមកនេះបានដើរតួនាទីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍកម្ពុជា តាមរយៈការជួយដល់ដំណើរប្រជាធិបតេយ្យសេរីពហុបក្ស។
ការបណ្តុះបណ្តាលធនធានមនុស្ស, ការបោសសម្អាតមីន និងការផ្តល់នូវទីផ្សារដ៏ទូលំទូលាយសម្រាប់ផលិតផលវាយនភណ្ឌ និងកាត់ដេររបស់កម្ពុជា តាមរយៈប្រព័ន្ធ GSP, ការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩, ការផ្តល់ជំនួយថវិកាសម្រាប់វិស័យសុខាភិបាល និងការស្តារសេដ្ឋកិច្ចឡើងវិញជាដើម។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះឱ្យដឹងថា ភាគីទាំង ២ ក៏បានពិភាក្សាគ្នាបន្ថែមពាក់ព័ន្ធទៅនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស, បញ្ហាសិទ្ធិមនុស្ស, សន្តិសុខ, សុវត្ថិភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
យោងតាមការប្រកាសពីស្ថានទូតអាមេរិកប្រចាំកម្ពុជានៅយប់ថ្ងៃទី ២៨ ខែសីហា បានឱ្យដឹងថា នៅក្នុងជំនួបនេះ ភាគីកម្ពុជានិងសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងបញ្ហាសន្តិសុខក្នុងពិភពលោក។
លោកW. Patrick Murphy បានជំរុញឱ្យលោក ហ៊ុន ម៉ាណែត បើកឡើងវិញនូវលម្ហពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ធ្វើឱ្យមានវឌ្ឍនភាពលើលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីធានាឱ្យប្រជាជនកម្ពុជាអាចចូលរួមបានដោយសេរីក្នុងដំណើរការនយោបាយ។ ជាពិសេស លោកក៏បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងបុគ្គល និងសកម្មជននយោបាយ រួមមានលោក កឹម សុខា និងកញ្ញា សេង ធារី មេធាវីសញ្ជាតិខ្មែរអាមេរិកផងដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ទាំងក្នុងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងទំនាក់ ទំនងរវាងរដ្ឋ ២ បានលុះត្រា រដ្ឋទាំង ២ ទាមទារឱ្យមានការគាំទ្រពីចរន្តទ្វេទិស ពោលគឺមិនអាចមានតែម្ខាងៗបានឡើយ គឺទាំងសហរដ្ឋអាមេរិក និងកម្ពុជា តែងប្រកាន់ជំហរពង្រឹងទំនាក់ទំនងជាមួយគ្នា។
លោកថា ទំនាក់ទំនងទ្វេភាគីកម្ពុជាសហរដ្ឋអាមេរិក នៅរវាងមួយរយៈចុងក្រោយនេះ មិនបានវិវត្តទៅរកភាពវិជ្ជមានឡើយ ព្រោះសហរដ្ឋអាមេរិកហាក់មិនមានសុច្ឆន្ទៈពិតប្រាកដក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយតែងធ្វើកិច្ចការនានាដែលរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
លោក គិន ភា បានថ្លែងថា៖ «សហរដ្ឋអាមេរិកហាក់ប្រកាន់នូវស្តង់ដា ២ ដែលខ្លួននិយាយពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋហ្នឹង ប៉ុន្តែនៅក្នុងប្រទេសមួយចំនួនសហរដ្ឋអាមេរិកមិនបានលើកឡើងឡើយ បែរជាពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទៅវិញ ទោះបីប្រទេសទាំងនោះគ្មានការអនុវត្ត គ្មានគោលការណ៍ប្រជាធិបតេយ្យ»៕