ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលទើបចូលកាន់តំណែងលោក ឈាង រ៉ា បានប្តេជ្ញាចិត្តថា នឹងខិតខំពង្រឹងសេវាសុខភាពសាធារណៈរបស់រដ្ឋ និងឯកជនបន្ថែមទៀតដើម្បីលើកកម្ពស់សុខភាពប្រជាជន ពិសេសអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង ។
ការលើកឡើងដូច្នេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូសុខាភិបាលចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាលនៅតាមបណ្ដាខេត្ដជុំវិញបឹងទន្លេសាបពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣។
ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសនោះ លោក ឈាង រ៉ា បានលើកឡើងថា បើទោះជាវិស័យសុខាភិបាលកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែសម្រាប់ជាយុទ្ធសាស្ត្រថ្មី លោកនឹងខិតខំកែលម្អ ផ្តល់សេវាមូលដ្ឋានសាធារណៈដល់ពលរដ្ឋឱ្យស្របតាមគោលនយោបាយរាជរដ្ឋាភិបាលដែលផ្តោតលើសុខុមាលភាពប្រជាជន ទាំងការផ្តល់សេវា និងគាំពារសង្គម តាមរយៈការពង្រឹងសេវាសុខភាពសាធារណៈរបស់រដ្ឋ និងឯកជនជាដើម។
លោកបានបន្តថា៖ «ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាក្រសួងនឹងខំកែលម្អបន្ថែមលើសេវាសាធារណៈឱ្យបានប្រសើរ ទន្ទឹមគ្នានោះយើងក៏ខិតខំកែលម្អធ្វើនិយតកម្មសេវាឯកជន ធ្វើម៉េចឱ្យក្លាយជាដៃគូសេវាសាធារណៈរបស់រដ្ឋក្នុងដំណើរការអភិវឌ្ឍន៍ ហើយវិស័យសុខាភិបាលយើងនេះ យើងក៏នឹងធ្វើនិយតកម្មសេវាទៅលើបងប្អូនដែលបំពេញសេវាសាធារណៈទាំងរដ្ឋ និងឯកជនឱ្យបានប្រសើរក្នុងភាពត្រឹមត្រូវផងដែរ»។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានអះអាងថា ក្រសួងនឹងខិតខំលើកកម្ពស់សេវាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែទូលាយ លើកកម្ពស់សេវាសុខភាពពលរដ្ឋឱ្យកាន់តែកៀក ខណៈក្រសួងក៏ខំលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ សម្ដីសំដៅរបស់គ្រូពេទ្យកម្ពុជាឱ្យកាន់តែល្អ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានថ្លែងនៅថ្ងៃទី ២៩ ខែសីហាថា ក្នុងនាមជាអង្គការដែលធ្វើការផ្នែកសិទ្ធិមនុស្ស លោកគាំទ្រចំពោះការជំរុញឱ្យគ្រូពេទ្យទាំងអស់ ទាំងនៅមន្ទីរពេទ្យរដ្ឋ និងឯកជនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យល្អ ពិសេសកែលម្អបន្ថែមលើសេវាសាធារណៈទាំងរដ្ឋ និងឯកជនបន្ថែមទៀត។
លោកបានបញ្ជាក់ថា៖ «បើយើងពិនិត្យលើវិស័យសុខាភិបាល ឃើញថា ជំនាញសមត្ថភាពរបស់គ្រូពេទ្យយើងគឺមិនអន់ជាងគេប៉ុន្មានទេ តែបើយើងពិនិត្យមើលទៅលើក្រមសីលធម៌វិជ្ជាជីវៈ តាមរយៈពាក្យសម្តីលើកទឹកចិត្តដល់អ្នកជំងឺ គឺនៅមានកម្រិត និងនៅមានចំណុចខ្វះខាតច្រើននៅឡើយ»។
លោកបានបន្តថា៖ «អ៊ីចឹងខ្ញុំក៏សូមឱ្យខំពង្រឹង និងពង្រីកគុណភាពព្យាបាលឱ្យកាន់តែល្អ ពង្រឹងឧបករណ៍ពិនិត្យឱ្យមានស្តង់ដា និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈទាំងពាក្យសម្ដី ការថែទាំ និងការពិនិត្យព្យាបាលឱ្យបានល្អបន្ថែមទៀត»។
ក្នុងដំណើរចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាលនៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាបនោះ ក្រៅពីការប្តេជ្ញាចិត្ដអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើងហើយនោះ លោក ឈាង រ៉ា ក៏បានណែនាំឱ្យមន្ត្រី និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា ធ្វើការដោយយកចិត្តទុកដាក់ខ្ពស់ គោរពវិន័យការងារ មានក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ព្រមទាំងត្រូវគោរពឋានានុក្រមការងារហើយត្រូវពួតដៃគ្នាដើម្បីបម្រើប្រជាពលរដ្ឋ៕