ភ្នំពេញៈការរៀបចំឱ្យមានការប្រកួតដាក់ខ្សែក្រវាត់គ្រុឌរវាងជើងខ្លាំងចាស់វស្សា ឃីម បូរ៉ា និងអ្នកប្រដាល់កំពុងល្បីឈ្មោះ មានរហស្សនាម «ក្របីព្រៃ» ពេជ្រ សម្បត្តិ បាននិងកំពុងក្លាយជាប្រធានបទក្តៅ និងទាក់ទាញខ្លាំងចំពោះអ្នកគាំទ្រ ព្រោះម្នាក់ៗពិតជាចង់ដឹងនិងចង់ឃើញច្បាស់ថាតើរវាងកីឡាករវាយប្រើក្បាច់ល្អដូច ឃីម បូរ៉ា អាចយកឈ្នះអ្នកប្រយុទ្ធមានកម្លាំងស៊ុហ្វខ្លាំងដូច ពេជ្រ សម្បត្តិ បានទេ?
សម្រាប់ការជួបគ្នាជាលើកដំបូងរវាងម្ចាស់មេដាយមាសស៊ីហ្គេម ឃីម បូរ៉ា និងជើងខ្លាំងជំនាន់ក្រោយ ពេជ្រ សម្បត្តិនឹងត្រូវធ្វើឡើងនៅលើសង្វៀនប្រដាល់ទទក ក្នុងកម្មវិធីគ្រុឌគុនខ្មែរ ស្ថិតក្នុងទីតាំងផ្សាររុងរឿង 6A ខណ្ឌជ្រោយចង្វារនៅថ្ងៃអាទិត្យទី៣ ខែកញ្ញាខាងមុខ។ ដោយសារ បូរ៉ា និងសម្បត្តិសុទ្ធតែមានខ្សែក្រវាត់គ្រុឌដូចគ្នានោះ អ៊ីចឹងអ្នកឈ្នះក្នុងការប្រកួតនេះនឹងទទួលបានខ្សែក្រវាត់២តែម្នាក់ឯងអមដោយប្រាក់រង្វាន់ជាច្រើនទៀត។
ចំពោះការប្រកួតដាក់ខ្សែក្រវាត់របស់អ្នកទាំង២នាក់នេះធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជននិងអ្នកគាំទ្រ ហើយពួកគេបានព្យាករ និងវាយតម្លៃខុសៗគ្នាទៅលើបច្ចេកទេសប្រកួតរបស់ពេជ្រ សម្បត្តិ និងឃីម បូរ៉ា។ អ្នកគាំទ្រភាគច្រើនបានមើលឃើញថា បូរ៉ា អាចឈ្នះទៅលើបច្ចេកទេសវាយក្បាច់ជាមួយការវាយចេញចូលបានលឿនសម្រាប់ការប្រកួត៣ទឹកដំបូង ប៉ុន្តែប្រសិនបើ បូរ៉ា ធ្លាក់កម្លាំង គឺឱកាសឈ្នះ ត្រូវធ្លាក់ទៅលើ សម្បត្តិ វិញ ដោយសារគេមានកម្លាំងស៊ុហ្វធន់ល្អជាង។
ចំណែកលោកគ្រូ អេ ភូថង បានព្យាករបែបនេះថា៖ «ឃីម បូរ៉ា លើសតែបន្តិចទេ អាចឈ្នះដោយវ៉ៃបែក តែបើនិយាយពីភាពស៊ូ អត់ធ្មត់ គឺពេជ្រ សម្បត្តិ ហើយបើចូលវាយពីមុខងាប់របស់សម្បត្តិ ហើយ ប៉ុន្តែក្បាច់របស់ ឃីម បូរ៉ា ដឹងតែវាយឆាកចេញឆ្វេង-ស្តាំហើយ អ៊ីចឹងគូនេះឈ្នះចាញ់គ្នាតែបន្តិចទេ គឺខ្ញុំឱ្យ៦០-៥០ ដោយខ្ញុំឱ្យ ឃីម បូរ៉ាលើស១០ភាគរយចុះព្រោះគេជារៀមច្បង»។
ដោយឡែកលោក ពេជ្រ សុផាន់ គ្រូបង្វឹករបស់ ពេជ្រ សម្បត្តិ បានមើលឃើញថា ឱកាសឈ្នះរបស់សម្បត្តិ និង ឃីម បូរ៉ា គឺមាន៥០-៥០ ដូចគ្នា ដោយលោកបង្ហើបថា ការប្រកួត៣ទឹកដំបូង បូរ៉ា អាចល្អជាង តែបើចូលទឹកទី៤និងទឹកទី៥ សម្បត្តិ អាចមានឱកាសច្រើនជាងវិញ។ ទោះបីជាយ៉ាងណា លោក សុផាន់ ចង់ឃើញគូដណ្តើមខ្សែក្រវាត់នេះបញ្ចប់ដោយមានអ្នកសន្លប់ ហើយនេះជាអ្វីដែលលោកផ្តោតខ្លាំងទៅលើការពង្រឹងអាវុធ ពេជ្រ សម្បត្តិ ឱ្យបានធ្ងន់។
គ្រូបង្វឹករូបនេះបានថ្លែងថា៖«គូនេះ បើចិត្តជាកូនប្រុសដូចគ្នានឹងអាចមានម្នាក់សន្លប់ ហើយនៅពេលកីឡាករដ៏ល្អប៉ះគ្នាដែលមានអ្នកទស្សនានៅទូទាំងប្រទេសកំពុងទន្ទឹងរង់ចាំមើលបែបនេះគឺក្នុងនាមខ្ញុំជាគ្រូបង្វឹកខ្ញុំនឹងមិនធ្វើឱ្យពួកគាត់ខកចិត្តនោះទេតែខ្ញុំចង់ឱ្យគូនេះអត់ចប់ទឹកវិញដើម្បីមានភាពងាយស្រួលក្នុងការកាត់សេចក្តីព្រោះបើកាត់សេចក្តីពេលប្រកួតចប់៥ទឹក គឺឱ្យខាងណាឈ្នះ ក៏នៅតែមានការអន់ចិត្តពីអ្នកគាំទ្រដែរ»។
ដោយឡែកងាកមកចាប់អារម្មណ៍បេក្ខភាព ពេជ្រ សម្បត្តិ និង ឃីម បូរ៉ា ផ្ទាល់វិញ គឺអ្នកទាំង២នេះសុទ្ធតែបានបង្ហាញឆន្ទៈខ្ពស់ក្នុងការស្វែងរកជ័យជម្នះដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់២ខ្សែក្នុងប្រភេទទម្ងន់៦០គីឡូក្រាមជាពិសេស ពេជ្រ សម្បត្តិ ដែលបានបង្ហាញមហិច្ឆតាខ្ពស់ក្នុងការយកឈ្នះ បូរ៉ា ទោះបីជាដឹងថារៀមច្បងម្នាក់នេះមានបច្ចេកទេសវាយចេញ ដោយប្រើក្បាច់បានល្អក៏ដោយ។
ពេជ្រ សម្បត្តិ បាននិយាយថា៖«ខ្ញុំសប្បាយចិត្តដែលបានជួបរៀមច្បង ឃីម បូរ៉ា ដើម្បីបានដកស្រង់បច្ចេកទេស និងបទពិសោធន៍ថ្មីៗបន្ថែម ព្រោះគាត់ជាកីឡាករវ៉ៃក្បាច់ ហើយលឿន ជាពិសេសអាវុធរបស់គាត់ធ្ងន់ ហេតុនេះខ្ញុំបានបុកហាត់ខ្លាំងត្រៀមការប្រកួតមួយនេះ។ខ្ញុំប្តេជ្ញាចិត្តថានឹងយកឈ្នះ ឃីម បូរ៉ា ឱ្យបានដើម្បីស្ពាយខ្សែក្រវាត់២ខ្សែ ពី Krud Kun Khmer»។
ចំណែក ឃីម បូរ៉ា បាននិយាយថា៖ «ពេជ្រ សម្បត្តិ ជាកីឡាករល្អស៊ុហ្វ អ៊ីចឹងអ្វីដែលសំខាន់ ខ្ញុំត្រូវពង្រឹងគុណភាពកម្លាំងខ្លួនឯងឱ្យបានល្អ ព្រោះជាធម្មតា មិនមែនតែខ្ញុំទេ គឺកីឡាករគ្រប់រូប បើអស់កម្លាំងហើយ ទោះក្បាច់ល្អប៉ុនណា ក៏មិនអាចវាយចេញរួចដែរ ហេតុនេះបើស៊ុហ្វរបស់ខ្ញុំមិនអស់ទេ ខ្ញុំគិតថា ការប្រកួតនេះវាមិនមែនជាបញ្ហាអ្វីឡើយចំពោះខ្ញុំ»។
យ៉ាងណាមិញ ចំពោះការប្រកាសក្តែងៗរបស់ពេជ្រ សម្បត្តិ ដែលមានរំពឹងខ្ពស់ថា នឹងទទួលបានជ័យជម្នះដើម្បីបានខ្សែក្រវាត់ទាំង២ខ្សែក្នុងការប្រកួតដណ្តើមខ្សែក្រវាត់នេះគឺឃីម បូរ៉ា បានឆ្លើយតបទៅវិញក្នុងនាមជារៀមច្បងថា៖ «ពេជ្រសម្បត្តិបើចង់បានខ្សែក្រវាត់ ត្រូវឆ្លងកាត់ ឃីម បូរ៉ា ឱ្យបានសិន»៕