ភ្នំពេញៈ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមអនុវត្តវិធានតឹងរ៉ឺងដោយបានរុះរើតូប កាត់សំយាប ស្លាកយីហោ ចេញពីចំណីផ្លូវជាតិលេខ ៥ ប្រវែង ៥ ម៉ែត្រ ទាំងសងខាងផ្លូវក្រុង និងនៅតាមបណ្តោយផ្លូវជាតិលេខ៥ បន្ទាប់ពីពលរដ្ឋមិនបានអនុវត្តាមការណែនាំជាច្រើនដងមក។
ការអនុវត្តរុះរើ និងកាត់សំយាប និងស្លាកយីហោនេះ បានធ្វើឡើងកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ ការចុះអនុវត្តរុះរើតូប កាត់សំយាប កាត់ស្លាកយីហោ ដែលដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។
លោក គាត ហ៊ុល បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ថា យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ គឺខេត្តធ្វើនៅទូទាំងគ្រប់ផ្លូវនៃក្រុងប៉ោយប៉ែតនេះតែម្តងដោយក្នុងនោះ មានការរុះរើសំណង់ អនាធិបតេយ្យផ្សេងៗដែលសាងសង់រំលោភចូលចំណីផ្លូវសាធារណៈ ដោយក្រុមការងារនឹងចុះរុះរើចេញដោយមិនលើកលែងនោះឡើយដែលផែនការនេះ អនុវត្តឱ្យចប់សព្វគ្រប់ក្នុងរយៈពេល ១ ខែទៅ ២ ខែទៀត។
លោកបានប្រាប់ថា ៖ «ការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ យើងបានឱ្យប្រជាពលរដ្ឋ អាជីវករ ម្ចាស់សហគ្រាសចូលរួម ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ ផ្លូវថ្មើរជើង របៀបរៀបរយល្អ ទីក្រុងមានសោភណស្រស់ស្អាត ការរស់នៅដោយមានសណ្តាប់ធ្នាប់ល្អ និងជាមុខមាត់ខេត្ត ក៏ដូចជាប្រទេសយើងដែរ»។
លោក គាត ហ៊ុន បានបន្ថែមថា ក្នុងយុទ្ធនាការអនុវត្តរុះរើតូប កាត់សំយ៉ាប កាត់ស្លាកយីហោ ពីចំណីផ្លូវនេះដែរ ប្រជាពលរដ្ឋភាគច្រើនបានចូលរួមយ៉ាងសស្រោកសស្រាំ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួន មិនសប្បាយចិត្តដែរ តែយ៉ាងណាប្រជាពលរដ្ឋភាគច្រើន ជាពិសេសអ្នកលេងបណ្តាញសង្គម បានសាទរចំពោះវិធានការរបស់រដ្ឋបាលក្រុង។
លោកបញ្ជាក់ថា៖ «និយាយរួមប្រជាពលរដ្ឋសប្បាយចិត្ត នៅពេលដែលយើងធ្វើនេះ ប៉ុន្តែមានប្រជាពលរដ្ឋតិចតួចណាស់ដែលមិនសប្បាយចិត្តលើការងារនេះ។ យើងធ្វើគឺដើម្បីសោភណភាព និងសណ្តាប់ធ្នាប់សាធារណៈ រៀបរយល្អ នៅក្នុងក្រុងប៉ុណ្ណោះ»។
បើតាម លោក គាត ហ៊ុល នៅពេលខាងមុខ បន្ទាប់ពីអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ និងកាត់សំយាបដែលធ្វើរំលោភផ្លូវសាធារណៈនេះរួច តាមផែនការគឺរដ្ឋបាលក្រុងនឹងរៀបចំឱ្យមានផ្លូវធ្វើដំណើរថ្មើរជើង សម្រាប់សាធារណជនប្រើប្រាស់ តែយ៉ាងណាផែនការនេះ អាស្រ័យលើថវិកាដែលមានប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ លោក ស៊ុំ ចន្ទគា មន្ត្រីសម្របសម្រួលនៃអង្គការអាដហុកប្រចាំខេត្តបន្ទាយមានជ័យ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៣ ខែសីហា បានឱ្យដឹងថា កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលក្រុងប៉ោយប៉ែត បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋ ដែលបានរស់នៅ និងប្រកបអាជីវកម្ម លើដីចំណីផ្លូវសាធារណៈឱ្យ រុះរើដោយស្ម័គ្រចិត្ត ប៉ុន្តែពួកគាត់មិនចូលរួមអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលក្រុងឡើយ៕