ភ្នំពេញៈ ប្រធានកម្មវិធីអង្គការ ហេទ្បែន ខេលល័រ ប្រចាំកម្ពុជា លោក ជុំ សែនវាសនា បានឱ្យដឹងថា ការបង្កើតទារកដ្ឋាននៅតាមតំបន់រោងចក្រ ជាការល្អដែលនឹងជួយដល់ស្ដ្រីជាកម្មការិនីរោងចក្រ ដោយពួកគាត់អាចផ្ដល់ការបំបៅកូនៗដោយទឹកដោះបានគ្រប់គ្រាន់។
លោកបានបន្តថា នៅពេលទារក និងកុមារទាំងអស់នោះទទួលបានទឹកដោះពីម្ដាយបានគ្រប់គ្រាន់ នោះនឹងធ្វើឱ្យសុខភាពរបស់ទារកមានភាពរឹងមាំ និងមិនងាយប្រឈមនឹងជំងឺឡើយ។
លោក ជុំ សែនវាសនា បានលើកឡើងដូចនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងកិច្ចការនារី, ក្រសួងអប់រំ តំណាងនិយោជក និងភាគីកម្មករនិយោជិត សិក្សាពីលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍តាមតំបន់ដែលមានរោងចក្រ សហគ្រាស។
លោក ហ៊ុន ម៉ាណែត លើកឡើងដូចនេះ នាឱកាសលោកបានចុះជួបសំណេះសំណាលជាមួយនឹងកម្មករ កម្មការិនី ប្រមាណជិត២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលបានគិតគូរជាជំហានៗ ដើម្បីជួយសម្រួលដល់កម្មករកម្មការិនីដែលមកធ្វើការជួបការលំបាកមិនមានអ្នកថែទាំកូន ដោយខ្លះអាចយកកូនទៅផ្ញើអ្នកជិតខាង ឬជួលអ្នកថែទាំ។ ដូចនេះ សុំឱ្យបង្កើតទារកដ្ឋាន ឬមត្តេយ្យសហគមន៍ នៅក្នុងបរិវេណរោងចក្រនោះ ប៉ុន្តែកុំយកទារកដ្ឋានទៅដាក់ជាប់រោងចក្រ ដែលអាចប៉ះពាល់សុខភាពដល់ទារក ឬកុមារដូចជាផ្សែងចេញពីរោងចក្រជាដើម»។
ជាមួយគ្នានេះ លោក ជុំ សែនវាសនា ក៏បានប្រាប់ឱ្យដឹងដែរថា៖ «បើកាលណាមានកន្លែងបំបៅដោះកូនហ្នឹង ខ្ញុំគិតថា គឺវាល្អ ពីព្រោះវាធ្វើឱ្យស្ដ្រីគាត់អាចយកកូនមកកន្លែងធ្វើការ ទោះបីគាត់កំពុងបំពេញការងារក៏ដោយ។ អ៊ីចឹងវាធ្វើឱ្យសុខភាពកូនល្អ បើស្ដ្រីគាត់បានបំបៅដោះកូន។ នេះយោងតាមអនុសាសន៍ពីអ្នកជំនាញជាតិ និងអង្គការសុខភាពពិភពលោកផងដែរ»។
លោកបន្តថា អនុសាសន៍ទាំងនោះ គឺតម្រូវឱ្យទារកដែលទើបនឹងកើត រហូតទៅដល់ ៦ខែ គឺពួកគាត់ត្រូវតែបំបៅទឹកដោះកូន ខណៈដែលច្បាប់ការងាររបស់កម្ពុជា កំណត់បានតែរយៈពេល ៣ខែនោះទេសម្រាប់ឈប់សម្រាកសម្រាលកូន ស្របពេលបច្ចុប្បន្ននេះ រោងចក្រ និងសហគ្រាសជាច្រើន មិនទាន់មានកន្លែងសម្រាប់ស្ដ្រីក្នុងការបំបៅទឹកដោះកូន។
លោកបន្ថែមថា ៖ «ដូច្នេះក្នុងករណីដែលមានទារកដ្ឋានបំបៅដោះកូន គឺពួកគាត់អាចយកកូនមកកន្លែងធ្វើការបាន ដើម្បីបំបៅទឹកដោះកូន និងជួយឱ្យកូនរបស់ពួកគាត់មានសុខភាពល្អ»។
ចំណែក លោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ បានឱ្យដឹងដែរថា អ្វីដែលរាជរដ្ឋាភិបាលបានគិតគូរនេះ គឺជារឿងល្អមែនទែន ប៉ុន្តែការរៀបចំបង្កើតកន្លែងទាំងនេះ រដ្ឋាភិបាលក៏ត្រូវត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយដែរ។
លោកស្រីថា ពីព្រោះការយកទារក ឬកុមារមកកន្លែងទារកដ្ឋាននៅតំបន់រោងចក្រ វាអាចមានផលប៉ះពាល់ទៅដល់សុខភាពរបស់ក្មេងៗទាំងនោះ ដោយការធ្វើដំណើរទៅមកប៉ះនឹងខ្យល់ ឬប៉ះនឹងកម្កៅថ្ងៃជាដើម។
លោកស្រី ទូច សើ បន្តថា៖ «ការបង្កើតទារកដ្ឋាន ដើម្បីឱ្យមាតាផ្ដល់ការបំបៅដោះកូននៅក្នុងរោងចក្រ គឺវាជារឿងមួយល្អប្រសើរ តែយើងបារម្ភចំពោះបញ្ហាដឹកទៅដឹកមក ពីព្រោះកម្មករមិនមែនមានលំនៅឋាននៅជិតរោងចក្រនោះទេ អ៊ីចឹងបើគ្មានការរៀបចំការធ្វើដំណើររបស់កម្មករឱ្យល្អទេ កូនៗគាត់ដែលយកមកតាម អាចប៉ះពាល់សុខភាព»។
ទោះបីជាយ៉ាងណា ការមានទារកដ្ឋាននៅតាមតំបន់រោងចក្រ វាបានផ្ដល់អត្ថប្រយោជន៍ទៅដល់កម្មការិនីផងដែរ ដោយពួកគាត់អាចមានពេលវេលាបំបៅដោះកូនគ្រប់គ្រាន់ កាត់បន្ថយការចំណាយលើការទិញទឹកដោះគោ និងកាត់បន្ថយការចេញមុនម៉ោងធ្វើការរបស់កម្មករផងដែរ។ លោកស្រី ទូច សើ បន្ថែម។
លោកស្រីថា៖ «ហេតុនេះ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ត្រូវតែសិក្សាលម្អិតពីការបង្កើតទារកដ្ឋាននៅតាមតំបន់រោងចក្រ ជាពិសេសគឺស្វែងយល់ពីបញ្ហាប្រឈមរបស់កម្មករ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងហានិភ័យមកលើកូនៗរបស់កម្មករ»។
យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) បានឱ្យដឹងថា អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែ ១ មុខគត់សម្រាប់កុមារអាយុពី ០ ដល់ ៥ខែ បានធ្លាក់ចុះយ៉ាងខ្លាំងពីអត្រា ៧៤% ក្នុងឆ្នាំ២០១០ ដល់ ៦៥% ក្នុងឆ្នាំ២០១៤ និងមក ៥១% ក្នុងឆ្នាំ២០២១-២០២២៕