ភ្នំពេញៈសមាគមត្រចៀកកាំខ្មែរបានឱ្យដឹងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ការសាងសង់ផ្ទះត្រចៀកកាំ មានកំណើនគួរឱ្យកត់សម្គាល់ ប៉ុន្តែដោយសារកំណើននៃតម្រូវការសម្បុកត្រចៀកកាំ ធ្វើឱ្យការផ្គត់ផ្គង់មិនទាន់អាចបំពេញសេចក្តីត្រូវការរបស់ទីផ្សារបាននៅឡើយ។
លោកស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា ក្នុងរយៈពេល៣ទៅ៤ ចុងក្រោយនេះ នៅក្នុងប្រទេសកម្ពុជា មានការសម្រុកសាងសង់ផ្ទះត្រចៀកកាំច្រើន បើទោះបីជាក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ ក៏ការសាងសង់ផ្ទះត្រចៀកកាំមានច្រើនដែរ។
លោកបានបញ្ជាក់ថា៖«បើទោះជាមានកំណើននៃការចិញ្ចឹម និងសាងសង់ផ្ទះត្រចៀកកាំច្រើនបែបនេះក៏ដោយ តែយើងនៅតែមិនទាន់អាចបំពេញតម្រូវការទីផ្សារបាននៅឡើយទេ។ បរិមាណនៃតម្រូវការសម្បុកត្រចៀកកាំមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅទីផ្សារក្រៅប្រទេស ដូចជា ក្រុងហុងកុង ក៏ដូចជាប្រទេសចិន»។
លោក ស៊ុយ កុកធាន បានបន្តថា តម្រូវការសម្បុកត្រចៀកកាំពីប្រទេសកម្ពុជាច្រើននេះ ដោយសារតែកម្ពុជា មានលក្ខខណ្ឌអាកាសធាតុល្អ ដោយសត្វត្រចៀកកាំនេះ វារស់នៅក្នុងសីតុណ្ហភាពមួយជាក់លាក់ គឺ៣១អង្សារ និងមានទន្លេបឹងបួច្រើន រួមទាំងព្រៃឈើដែលសម្បូរដោយចំណីរបស់ត្រចៀកកាំ ធ្វើឱ្យផលិតផលសម្បុកត្រចៀកមានគុណភាពល្អជាងប្រទេសមួយក្នុងតំបន់។
«ប្រទេសកម្ពុជាយើងមិនទាន់មានការបំពុលបរិយាកាសខ្លាំង ដូចស្រុកគេនៅឡើយទេ។ ដូច្នេះប្រភពនៃចំណីរបស់ត្រចៀកកាំ នៅមានច្រើន ដែលជាហេតុធ្វើឱ្យការសាងសង់ផ្ទះត្រចៀកកាំនៅខេត្តណាក៏ទទួលបានជោគជ័យដែរ ប្រសិនបើអ្នកចិញ្ចឹម គាត់រៀបចំបច្ចេកទេសបានត្រឹមត្រូវ»។ នេះបើតាមលោកប្រធានសមាគមត្រចៀកកាំខ្មែរ បានបញ្ជាក់បន្ថែម។
ជាមួយគ្នានេះដែរ លោក ទ្រី និមល អ្នកឯកទេសផ្ទះត្រចៀកកាំមកពីប្រទេសម៉ាឡេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Swiftlet Cultivation .,Co Ltd បានឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ដែរថា តម្រូវការសម្បុកត្រចៀកកាំនៅតែមានជាធម្មតា ទាំងក្នុងនិងក្រៅស្រុក គ្រាន់តែថាតម្លៃមានការធ្លាក់ចុះជាងឆ្នាំមុនបន្តិច។
ដោយឡែកការសាងសង់ផ្ទះត្រចៀកកាំវិញ លោកបានឱ្យដឹងថា នៅឆ្នាំនេះ ការសាងសង់មានការកើនឡើង២ទៅ៣ដង បើធៀបនឹងឆ្នាំមុន ដោយសារពលរដ្ឋយល់ឃើញថា របរចិញ្ចឹមត្រចៀកកាំនេះ មានទីផ្សារខ្ពស់ មិនសូវមានភាពប្រកួតប្រជែងខ្លាំង មានន័យថា ទីផ្សារទូលាយ។
លោកបានបញ្ជាក់ថា៖«ឆ្នាំនេះ មានការសាងសង់ផ្ទះត្រចៀកកាំច្រើន ដោយអតិថិជន ដែលក្រុមហ៊ុនបានរៀបចំផ្ទះត្រចៀកកាំឱ្យ មាននៅស្ទើរគ្រប់ខេត្ត។ ដោយសារកម្ពុជាយើងមានអំណោយផលអាកាសធាតុល្អ ដូចនេះការសាងសង់ផ្ទះត្រចៀកកាំ មានស្ទើរទូទាំងប្រទេស គ្រាន់តែថាយើងមិនសាងសង់នៅតំបន់ក្បែររោងចក្រសហគ្រាស ឬក៏តំបន់ដែលមានការបំពុលដោយផ្សែងច្រើននោះទេ»។
លោក ទ្រី និមល បានឱ្យដឹងទៀតថា ផលិតផលសម្បុកត្រចៀកកាំពីខាងក្រុមហ៊ុនលោក បាននាំចេញទៅកាន់ទីផ្សារមួយចំនួនដូចជា ទីផ្សារចិន តាមរយៈឈ្មួញម៉ាឡេស៊ីនិងប្រទេសវៀតណាម ជាដើម។
លោកបានបញ្ជាក់ដែរថា ការនាំចេញត្រង់ទៅកាន់ទីផ្សារចិន មិនទាន់បានប្រព្រឹត្តទៅនៅឡើយទេ ម្យ៉ាងវិញការបំពេញបែបនាំចេញត្រង់ទៅចិនមានភាពស្មុគស្មាញច្រើន និងត្រូវចំណាយពេលយូរ។ទោះជាបែបនេះក្តី លោក ទ្រី និមល បានបង្ហាញការយល់ឃើញថា ការនាំចេញទៅចិនដោយត្រង់ ទទួលបានផលចំណេញច្រើនជាងមានឈ្មួញកណ្តាល ដោយលោកបានបញ្ជាក់បែបនេះ៖«មិនយូរមិនឆាប់ទេ យើងនឹងទទួលបានឱកាសក្នុងការនាំចេញទៅចិនដោយផ្ទាល់ ព្រោះចំនួនផ្ទះត្រចៀកកាំរបស់យើងកាន់តែមានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ខណៈដែលសម្បុកត្រចៀកកាំដែលអ្នកចិញ្ចឹមប្រមូលបានក៏មានកំណើនច្រើនដែរ»។
បើតាមប្រធានសមាគមត្រចៀកកាំខ្មែរ បច្ចុប្បន្ននេះ ការនាំចេញសម្បុកត្រចៀកកាំទៅក្រៅប្រទេស ធ្វើឡើងក្រៅផ្លូវការ ដោយបាននាំចេញទៅកាន់ប្រទេសមួយចំនួនដូចជា វៀតណាម ថៃ ចិន ជាដើម។ ទោះជាយ៉ាងណា សមាគមបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញឱ្យមានការរៀបចំគោលនយោបាយជាតិសម្បុកត្រចៀកកាំ ដើម្បីធ្វើឱ្យផលិតផលនេះ ក្លាយជាផលិតផលសក្តានុពលធំមួយសម្រាប់ការនាំចេញនាពេលខាងមុខ៕