ភ្នំពេញៈព្រឹត្តិការណ៍ប្រកួតអ្នកលេងគុន «Neak Leng Kun» ត្រូវបានរៀបចំឱ្យមានជាលើកដំបូងនៅកម្ពុជា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ដើម្បីរួមចំណែកលើកកម្ពស់ដល់កីឡាគុនល្បុក្កតោកម្ពុជា ហើយការប្រកួតដែលមាន ៤ ប្រទេស ចូលរួមនេះ វាក៏បានផ្តល់ឱកាសឱ្យកីឡាករគុនល្បុក្កតោបានដកស្រង់បច្ចេកទេសជាមួយកីឡាករអន្តរជាតិដើម្បីពង្រឹងសមត្ថភាពផងដែរ។
ក្រោមការសហការជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានិងដោយមានក្រុមហ៊ុនសម្រស់ធម្មជាតិជាអ្នកឧបត្ថម្ភគឺក្រុមអ្នកលេងគុននៅកម្ពុជាបាននាំគ្នាផ្តួចផ្តើមបង្កើតឱ្យមានព្រឹត្តិការណ៍ «អ្នកលេងគុន» នេះឡើង ដើម្បីរំឭក និងបង្ហាញពីទម្លាប់របស់អ្នកហាត់គុនជំនាន់ដើមដែលតែងណាត់គ្នាសាកល្បងវិជ្ជាគុននៅតាមតំបន់ ដែលមានសាលាគុនឬអ្នកហាត់គុនច្រើន ហើយសកម្មភាពនោះបានក្លាយជាទម្លាប់ដ៏ល្អមួយក្នុងការជំរុញឱ្យមានសកម្មភាពអ្នកហាត់គុនកាន់តែច្រើននៅតាមភូមិ ឃុំ ហេតុនេះហើយទើបកាលពីសម័យដើម ខ្មែរយើងសម្បូរអ្នកចេះក្បាច់គុន និងគ្រូគុន។
បន្ថែមទៅលើការរំឭកពីទម្លាប់អ្នកហាត់គុនជំនាន់មុន ដល់អ្នកជំនាន់ក្រោយនេះ គឺព្រឹត្តិការណ៍អ្នកលេងគុន នេះ បានក្លាយជាការប្រកួតមិត្តភាពអន្តរជាតិបែបគុនល្បុក្កតោដំបូងគេដែលត្រូវបានរៀបចំឡើងដោយមានការចូលរួមពីកីឡាករបរទេសមកពីប្រទេសវៀតណាម អេស្ប៉ាញ និងអ៊ូសបេគីស្ថាន ដើម្បីរួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់ «គុនល្បុក្កតោ» ឱ្យកាន់តែមានភាពល្បីល្បាញ នៅលើឆាកអន្តរជាតិ។
លោក សយ ផាន់និច អ្នកគ្រប់គ្រងកម្មវិធីអ្នកលេងគុន បានប្រាប់កាលពីថ្ងៃទី៣០ ខែសីហា ថា៖ «ការប្រកួតនេះ វាជាការចាប់ផ្តើមរបស់យើងដើម្បីរំឭកនិងបង្ហាញពីទម្លាប់របស់អ្នកហាត់គុនខ្មែរយើងកាលពីជំនាន់ដើម ចំណែកគោលបំណងធំនៃការរៀបចំរបស់យើងគឺដើម្បីផ្សព្វផ្សាយក្បាច់គុនដូនតារបស់យើងទៅមជ្ឈដ្ឋានជុំវិញទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយមួយទៀតយើងចង់ពង្រឹងគុណភាព និងបទពិសោធន៍កីឡាករយើងឱ្យកាន់តែមានកម្រិតខ្ពស់»។
លោក សយ ផាន់និច បានឱ្យដឹងទៀតថា ការប្រកួតអ្នកលេងគុននេះ នឹងត្រូវរៀបចំនៅទីតាំងដីឡូត៍កំបូលជាប់វត្តស្ងួនពេជ្រ ដោយមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែកញ្ញា និងមានការប្រកួតសរុបចំនួន១២គូ ស្មើនឹង២៤នាក់ ក្នុងនោះមានការប្រកួតមិត្តភាពអន្តរជាតិចំនួន៣គូផងដែរ រវាងកីឡាករកម្ពុជាជាមួយកីឡាកររបស់អ៊ូសបេគីស្ថាន អេស្ប៉ាញ និងវៀតណាម ហើយគ្រប់គូទាំងអស់ សុទ្ធតែជាការប្រកួតដណ្តើមយកពាន។
ជាមួយគ្នានេះ លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រាប់ថា៖ «កម្មវិធីអ្នកលេងគុន នឹងអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់កីឡាករ កីឡាការិនីរបស់យើង ក្នុងការបន្ថែមនូវបទពិសោធន៍ប្រកួត ព្រោះកន្លងមក យើងមានតែការប្រកួតជើងឯកថ្នាក់ជាតិទេ ដែលមិនអាចបំពេញគ្រប់តម្រូវក្នុងការបន្ថែមនូវកម្រិតបច្ចេកទេស និងបទពិសោធន៍របស់អត្តពលិកយើងឡើយ អ៊ីចឹងអ្នកលេងគុន អាចជាស្ពានមួយផ្តល់ឱ្យអត្តពលិកយើង ទាំងនៅភ្នំពេញ និងរាជធានីខេត្តទាំងអស់ចូលរួម ដើម្បីបន្តជាអាជីពក្នុងការលេងកីឡាគុនល្បុក្កតោ»។
តាមកម្មវិធីប្រកួតអ្នកលេងគុនដែលផ្តល់ដោយលោក សយ ផាន់និច គឺការប្រកួតនៅថ្ងៃទី២ដែលចាប់ផ្តើមពីរសៀលម៉ោង៤ដល់ល្ងាចម៉ោង៦:៣០យប់នោះ គឺម្ចាស់មេដាយមាសស៊ីហ្គេម ឌិប ង៉ែត ត្រូវប្រកួតដណ្តើមពានជាមួយកីឡាករអ៊ូសបេគីស្ថាន Akodbir Eshplilatov ក្នុងទម្ងន់៥៨គីឡូក្រាម រីឯការប្រកួតចំនួន៥គូទៀត ជាជំនួបរវាងកីឡាករ និងកីឡាការិនីគុនល្បុក្កតោក្នុងស្រុក។
ចំណែកការប្រកួតថ្ងៃទី២ នាថ្ងៃទី៣ ខែកញ្ញា មាន៦គូដូចគ្នា ហើយជំនួបដ៏ធំនិងគួរឱ្យចាប់អារម្មណ៍ជាងគេ គឺការប្រកួតដណ្តើមពានរវាងម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ ចុន ចិត្ត ជាមួយអ្នកប្រដាល់មកពីប្រទេសអេស្ប៉ាញ Francisco Jose Vinlielas Borras ក្នុងទម្ងន់៦៥គីឡូក្រាម រីឯកីឡាករគុនល្បុក្កតោកម្ពុជា ពេជ្រ ខាំតែ ត្រូវប្រកួតជាមួយវៀតណាម Nguyen Quang Luan ក្នុងទម្ងន់៥២គីឡូក្រាម ហើយ៤គូទៀត ជាការប្រកួតរវាងកីឡាករក្នុងស្រុក៕