ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យពិនិត្យលទ្ធភាព លើកិច្ចសហការគ្នារវាងក្រសួងកសិកម្ម និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្នុងការសិក្សាពីស្ថានភាពរបស់កសិករទូទាំងប្រទេស ដោយមានការវិភាគសេដ្ឋកិច្ចនៃផលិតភាពកសិកម្មធៀបនឹងផ្ទៃដីនិងខ្សែចង្វាក់ផលិតកម្មគ្រប់ដំណាំទាំងអស់។
លោករដ្ឋមន្ត្រីលើកឡើងបែបនេះ នៅអំឡុងពេលចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងាររបស់ CDRI កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីការងារទាក់ទងនឹងកម្មវិធីគំរូនវានុវត្តន៍ក្នុងវិស័យកសិកម្មផងដែរ ដោយលោកបានណែនាំឱ្យខាងវិទ្យាស្ថាន CDRI សហការជាមួយសាកលវិទ្យាល័យកសិកម្មក្នុងប្រទេស ដើម្បីឱ្យសិស្សនិស្សិតទទួលបានគំនិតថ្មីៗបន្ថែមក្នុងការច្នៃប្រឌិតនេះ។
យោងតាមហ្វេសប៊ុករបស់ក្រសួងកសិកម្ម លោក ឌិត ទីណា បានថ្លែងថា៖«ក្រសួងនឹងជួយគាំទ្របច្ចេកទេស និងជំរុញឱ្យមានសហគមន៍កសិកម្មគំរូថ្មី ដែលអាចមានលទ្ធភាពពង្រឹងខ្សែចង្វាក់តម្លៃ មានភាពម្ចាស់ការពិតប្រាកដ និងមានទុនគ្រប់គ្រាន់ ដើម្បីបង្កើនផលិតភាព គុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើម មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ដើម្បីសម្រេចនូវគោលនយោបាយ និងចក្ខុវិស័យរួម ក្នុងការចូលរួមជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»។
នាយកវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) លោកស្រី អេង នេត្រា បានឱ្យដឹងនៅថ្ងៃទី៣០ ខែសីហាថា វិទ្យាស្ថានលោកស្រី កំពុងតែរៀបចំក្រុមការងារជំនាញ និងឯកសារពាក់ព័ន្ធនានា ដើម្បីសិក្សាលម្អិត មុននឹងចាប់ផ្តើមអនុវត្តការងារនាពេលខាងមុខ។
លោកស្រីបានបន្ថែមថា កិច្ចសហការរវាងវិទ្យាស្ថានជាមួយនឹងក្រសួងកសិកម្ម មានយូរមកហើយ តែនេះដោយសារតែជាអាណត្តិនៃថ្នាក់ដឹកនាំថ្មី ទើបវិទ្យាស្ថានត្រូវចាប់ផ្តើមកិច្ចពិភាក្សាថ្មី ដើម្បីជំរុញការងារអភិវឌ្ឍន៍វិស័យកសិកម្ម។
លោកស្រី អេង នេត្រា បានបញ្ជាក់ថា៖«ក្រុមការងារយើងកំពុងពិភាក្សាគ្នា ដើម្បីរៀបចំឯកសារ ការងារអាទិភាព និងយុទ្ធសាស្ត្រថ្មីៗ មុននឹងដល់ការចុះអនុវត្តស្រាវជ្រាវផ្ទាល់នៅទូទាំងប្រទេស ដែលអាចនឹងជំរុញឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យនាពេលខាងមុខ»។
សូមជម្រាបថា វិទ្យាស្ថាន CDRI មានមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ (CPARD) ដែលមានអ្នកស្រាវជ្រាវមានបទពិសោធន៍ មានជំនាញផ្នែកសេដ្ឋកិច្ច កសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច អភិវឌ្ឍ និងប្រើប្រាស់ឧបករណ៍បរិមាណនិងគុណភាពប្រកបដោយភាពច្នៃប្រឌិត ដើម្បីសិក្សាពីបញ្ហាសំខាន់ៗជាច្រើនក្នុងវិស័យកសិកម្ម រួមទាំងអាហារូបត្ថម្ភនិងសុវត្ថិភាពចំណីអាហារ ខ្សែចង្វាក់តម្លៃកសិកម្ម និរន្តរភាពកសិកម្ម ការអភិវឌ្ឍកសិកម្មនិងការលើកកម្ពស់ជីវភាពរស់នៅជនបទ៕