ភ្នំពេញៈ លោកដួង តារា ជំនួយការផ្ទាល់លោក ហ៊ុន សែន បានឱ្យដឹងថា លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នឹងប្រើប្រាស់គណនីហ្វេសប៊ុកផេចរបស់លោកកាលពីមុនវិញក្នុងពេលឆាប់ៗ បន្ទាប់ពីក្រុមហ៊ុន Meta សម្រេចមិនដាក់ពិន័យតាមសំណើសមាជិកក្រុម ប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc ខណៈរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានតំណាងក្រុមហ៊ុនហ្វេសប៊ុកនៅកម្ពុជាឡើងវិញ។
កាលពីថ្ងៃទី ២៩ សីហា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) បានអនុញ្ញាតឱ្យមានតំណាងក្រុមហ៊ុនហ្វេសប៊ុកឡើងវិញ ដោយអាចបន្តបំពេញការងារនៅកម្ពុជា ក្រោយពីក្រុមហ៊ុន Meta Platforms Inc បានបដិសេធការផ្តល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុននេះចំនួន ២២ រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនីហ្វេសប៊ុកផ្លូវការរបស់លោកហ៊ុន សែន។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ថា៖ «ក.ប.ទ សូមទទួលយក និងអបអរសាទរចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.។ ការសម្រេចនេះគឺបញ្ជាក់អំពីសុចរិតភាព នៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន។ ក.ប.ទ សូមស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន Meta Platforms Inc. ដើម្បីបន្តបំពេញការងារនៅកម្ពុជាតទៅទៀត»។
ប៉ុន្តែទោះជាប្រកាសបែបនេះក្តី ក៏ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា កម្ពុជាមិនស្វាគមន៍ចំពោះបុគ្គលទាំង ២២ រូប ដែលជាសមាជិកក្រុមប្រឹក្សា ភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.នោះទេ ដោយចាត់ទុកពួកគេថា បានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ជាមួយនឹងការប្រកាសនេះលោក ដួង តារា ជំនួយការផ្ទាល់របស់លោកហ៊ុន សែន និងជាអ្នកបន្តកាន់ផេចនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣០ សីហាថា លោកនឹងប្រគល់គណនីផេចឈ្មោះ Samdech Hun Sen of Cambodia ជូនលោក ហ៊ុន សែន សម្រាប់ប្រើប្រាស់ជាផេចផ្លូវការឡើងវិញ នៅពេលបញ្ហានានាជុំវិញផេចនេះ ត្រូវបានពិនិត្យថា គ្មានបញ្ហាបច្ចេកទេសទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំពិតជារីករាយដែលក្រុមហ៊ុនហ្វេសប៊ុកមិនធ្វើតាម Meta Oversight Board ស្នើសុំផ្អាកផេចសម្តេចតេជោ ហ៊ុន សែន ១ នេះ។ នៅពេលដែលផេចនេះមិនមានបញ្ហាអ្វីទៀតទេ គឺខ្ញុំនឹងប្រគល់ផេចនេះជូនសម្តេចសម្រាប់ប្រើប្រាស់ជាប្រយោជន៍សម្រាប់ប្រទេសជាតិឡើងវិញ។ ខ្ញុំយល់ថា ចំនួនអ្នកប្រើប្រាស់ជាង ១៤ លាននាក់ គឺសំខាន់ខ្លាំងណាស់ ដើម្បីសម្តេចលោកប្រើប្រាស់ធ្វើទំនាក់ទំនងជាមួយបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងតំណាងក្រុមហ៊ុន Meta Platforms Inc ដើម្បីឆ្លើយតប និងជំហរក្នុងការបើកតំណាងក្រុមហ៊ុនហ្វេសប៊ុកឡើងវិញនៅកម្ពុជាបានទេ។ ប៉ុន្តែតាមការឆ្លើយតបជាមួយនឹងការសម្រេចចិត្តមិនដាក់ពិន័យ និងធ្វើតាមសំណើរបស់ក្រុមប្រឹក្សាភិបាលរបស់ខ្លួន គឺក្រុមហ៊ុនបានបញ្ជាក់ថា៖ «យើងបានលុបខ្លឹមសារដែលជាកម្មវត្ថុនៃករណីនេះចេញពីបណ្តាញសង្គម ហើយវាស្របតាមគោលការណ៍របស់យើង ដោយបានអនុវត្តការផាកពិន័យកម្រិតគណនីសមស្របដែលទាក់ទងនឹងសកម្មភាពនោះ។ បច្ចុប្បន្នមិនមានមូលដ្ឋានណាមួយ ដើម្បីព្យួរគណនីរបស់លោក ហ៊ុន សែន តាមគោលនយោបាយរបស់យើងទេ»។
ទន្ទឹមនឹងការអះអាងបែបនេះ ក្រុមហ៊ុន Meta ក៏បង្ហាញដែរថា ដូចដែលបានពិភាក្សានៅក្នុងការឆ្លើយតបចំពោះអនុសាសន៍ទី១ ក្រុមហ៊ុន Meta បានកំណត់ថា ការព្យួរគណនីរបស់លោក ហ៊ុន សែន គឺមិនសមស្របតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុនស្តីពីការរឹតបន្តឹងគណនីរបស់បុគ្គលសាធារណៈក្នុងអំឡុងពេលចលាចល។
ក្នុងការសម្រេចចិត្តនេះ ក្រុមហ៊ុនបានពឹងផ្អែកលើបញ្ញត្តិគោលនយោបាយវិបត្តិរបស់ខ្លួន ដើម្បីវាយតម្លៃក្នុងការបើក និងបិទគណនីដែលមានហានិភ័យនៃគ្រោះថ្នាក់ដែលនឹងមានកើតឡើងពីគណនីលោក ហ៊ុន សែន ប៉ុន្តែហានិភ័យទាំងនោះ គឺមិនមានកើតឡើងនោះទេនៅកម្ពុជា។
លោក ដួង តារា បានលើកឡើងថា ការប្រើប្រាស់គណនីផេចរបស់លោក ហ៊ុន សែន វិញ នឹងបន្តឱ្យលោក ហ៊ុន សែន បាននៅក្បែរពលរដ្ឋ ដែលជាអ្នកតាមដាន ឬមិត្តក្នុងបណ្តាញសង្គមមួយនេះ ដើម្បីទទួលចែករំលែក និងទទួលបានព័ត៌មានបានឆាប់រហ័ស និងជិតស្និទ្ធ។
លោកដួង តារា បញ្ជាក់ថា៖«ការទាត់ចោលរបស់ហ្វេសប៊ុកនៃសំណើនេះ គឺដោយសារហ្វេសប៊ុក យល់ពីតម្លៃធំធេងផេចរបស់សម្តេចដែលជាផេច ១ ផ្តល់នូវទំនាក់ទំនងរវាងពលរដ្ឋទៅនឹងថ្នាក់ដឹកនាំហើយជាផេច ១ ផ្តល់នូវសំណើ សំណូមពរ និងសុខទុក្ខដោយផ្ទាល់។ ដូច្នេះហើយហ្វេសប៊ុក បានមើលឃើញពីចំណុចល្អៗនៃការប្រើប្រាស់បណ្តាញសង្គមនេះ ទើបមិនធ្វើតាមការស្នើសុំ Meta Oversight Board»។
កាលពីខែកក្កដា ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជា បានប្រកាសបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាជាមួយក្រុមហ៊ុននេះ ព្រមទាំងបានសម្រេចមិនឱ្យសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនៃក្រុមហ៊ុន Meta ចំនួន ២២ នាក់ ចូលប្រទេសកម្ពុជាផងដែរ។
វិធានការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ទាំង ២២ នាក់នោះ បានស្នើឱ្យក្រុមហ៊ុនព្យួរគណនីផេចរបស់លោក ហ៊ុន សែន រយៈពេល ៦ ខែ៕