សៀមរាបៈ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំនេះ មន្ទីរពេទ្យកុមារអង្គរ ប្រមូលជំនួយមូលនិធិសប្បុរសធម៌បានប្រមាណ ៤ លានដុល្លារពីសប្បុរសជនក្នុង និងក្រៅប្រទេសខណៈមន្ទីរពេទ្យត្រូវការថវិកា ១ លាន ៥ សែនដុល្លារបន្ថែមទៀត ដើម្បីដំណើរការបេសកកម្មជួយសង្គ្រោះជីវិតកុមាររហូតដល់ដំណាច់ឆ្នាំ ២០២៣។
មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានដំណើរការជិត ២៥ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៩ មក ហើយក្នុងរយៈពេលជិត ២៥ ឆ្នាំមកនេះ មន្ទីរពេទ្យកុមារអង្គរ អាចប្រតិបត្តិការទៅបាន គឺដោយសារតែជំនួយទាំងស្រុងពីមូលនិធិទាំងនៅក្នុងស្រុក និងក្រៅស្រុក។
ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកាប្រមាណ ៥,៥ លានដុល្លារអាមេរិក ដើម្បីដំណើរការមន្ទីរពេទ្យទាំងមូល ហើយតាមការប៉ាន់ ប្រមាណមានថវិកាប្រមាណជា ២៥ ភាគរយ ជាជំនួយមកពីសប្បុរសជនក្នុងប្រទេស ក្នុងនោះក៏មានរាជរដ្ឋាភិបាលកម្ពុជាផងដែរ និង ៧៥ ភាគរយទៀត ជាជំនួយសប្បុរសធម៌មកពីបរទេស។ នេះបើតាមលោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិមន្ទីរពេទ្យកុមារអង្គរ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៩ សីហា។
លោកស្រីឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០២៣ នេះ មន្ទីរពេទ្យកុមារអង្គរ នៅតែត្រូវការថវិកាប្រមាណជា ៥ លាន ៥ សែនដុល្លារ សម្រាប់ដំណើរប្រតិបត្តិការដដែល ហើយក្នុងរយៈពេល ៦ ខែ ដើមឆ្នាំនេះ មន្ទីរពេទ្យកុមារអង្គរ បានប្រមូលជំនួយមូលនិធិសប្បុរសធម៌បានចំនួន ៤ លានដុល្លារពីក្នុង និងក្រៅប្រទេស។ ដូច្នេះមន្ទីរពេទ្យកុមារអង្គរ នៅត្រូវការថវិកាប្រមាណ ១ លាន ៥ សែនដុល្លារទៀត សម្រាប់ដំណើរការរបស់មន្ទីរពេទ្យរហូតដល់ដំណាច់ឆ្នាំ ២០២៣។
លោកស្រីបញ្ជាក់ថា៖ «មន្ទីរពេទ្យកុមារអង្គរ ពិតជាត្រូវការជំនួយពីសប្បុរសជនគ្រប់ទិសទី ដូចជាបុគ្គលឯកជនក្រុមហ៊ុន និងស្ថាប័ននានាជាប្រចាំ ដើម្បីបន្តដំណើរប្រតិបត្តិការ និងរក្សានិរន្តរភាពនៃសេវាពិនិត្យ ព្យាបាល និងថែទាំជំងឺកុមារនានា ការបណ្តុះបណ្តាលមន្ត្រីសុខាភិបាល ការអប់រំសុខភាព ដើម្បីបង្ការ និងការពារជំងឺនៅក្នុងសហគមន៍។ ហេតុនេះមន្ទីរពេទ្យកុមារអង្គរ សូមអំពាវនាវដល់សប្បុរសជននានាឬម្ចាស់ក្រុមហ៊ុនអាជីវកម្មផ្សេងៗសូមបន្តបរិច្ចាគដោយផ្ទាល់ ឬតាមរយៈការបង្កើតកម្មវិធីរៃអង្គាសមូលនិធិផ្សេងៗ ដើម្បីជួយបំពេញបង្គ្រប់ថវិកាដែលកំពុងតែត្រូវការ»។
យោងតាមតួលេខពីការិយាល័យរៃអង្គាសមូលនិធិឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ មន្ទីរពេទ្យកុមារអង្គរ បានទទួលថវិកាពីសប្បុរសជនចំនួន ៣៤ ភាគរយបានមកពីមូលនិធិអន្តរជាតិ និងស្ថាប័នអន្តរជាតិនានា និង ២៧ ភាគរយបានមកពីសប្បុរសជន និងព្រឹត្តិការណ៍រៃអង្គាសនៅក្រៅប្រទេស ខណៈ ២៦ ភាគរយបានមកពីការរៃអង្គាសក្នុងប្រទេស ហើយចំណែកដែលនៅសល់ គឺបានមកពីសកម្មភាពផ្សេងៗទៀតរបស់មន្ទីរពេទ្យ។
លោកស្រី ស៊ិនកេត អរុណ ថ្លែងថា មូលនិធិរៃអង្គាសពីសប្បុរសជនគឺមានការឡើងចុះ ពី ១ ខែទៅ ១ ខែហើយនិយាយរួម គឺមិនអាចកំណត់បានទេ។ ប៉ុន្តែលោកស្រីបញ្ជាក់ថា បើគិតជាមធ្យម មន្ទីរពេទ្យកុមារអង្គរត្រូវការមូលនិធិប្រមាណ ៤៥០ ០០០ ដុល្លារជារៀងរាល់ខែ ដើម្បីដំណើរការលើការពិនិត្យ ព្យាបាល និងថែទាំ និងប្រតិបត្តិការនានា របស់មន្ទីរពេទ្យ។
លោកស្រីថា៖ «ថវិកាដែលទទួលបានក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន យើងឃើញថា មានភាពប្រសើរឡើងខ្លះ។ ទោះជាយ៉ាងនេះក្តី មន្ទីរពេទ្យ សូមលើកទឹកចិត្តសាធារណជនទាំងអស់ឱ្យបន្តគាំទ្រ ដើម្បីជួយយើងសម្រេចបានគោលដៅរបស់យើង»។
តាមទិន្នន័យរបស់មន្ទីរពេទ្យកាលពីឆ្នាំ ២០២២ ឱ្យដឹងថា ក្រុមគ្រូពេទ្យបានពិនិត្យព្យាបាល និងពិគ្រោះលើកុមារសរុប ៩៧ ៩៧៨ ករណី ក្នុងនោះការពិនិត្យព្យាបាលផ្នែកជំងឺធ្ងន់កុមារមាន ១ ៤៤៧ ករណី និងករណីវះកាត់ ១២ ៣៣០ ករណី៕