សមាជិករដ្ឋសភាកម្ពុជាចំនួន ៨៧ រូប បន្តសម័យប្រជុំរដ្ឋសភាលើកទី១ ក្នុងនីតិកាលទី៧ នៅថ្ងៃនេះ ដើម្បីប្រកាសសុពលភាពតំណាងរាស្ត្រថ្មីចំនួន ២៩ រូប និងបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។
តាមការប្រកាសរបស់រដ្ឋសភា បានឱ្យដឹងថា កិច្ចប្រជុំ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ដោយចាប់ផ្តើមសម័យប្រជុំចំនួន ៨៧រូប។
រដ្ឋសភា បានបញ្ជាក់ថា៖«របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ ១ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង។ ២ ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧»
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំនៅព្រឹកនេះផងដែរបានឱ្យដឹងថា រដ្ឋសភាបានសម្រេចសុពលភាពអាណត្តិតំណាងរាស្ត្រថ្មី ចំនួន២៩រូបជំនួសតំណាងរាស្ត្រដែលបានលាលែងនិងបានបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមួយរូប៕