ភ្នំពេញៈ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយគណបក្សនយោបាយដែលគ្មានអាសនៈក្នុងរដ្ឋសភាអាចចូលរួមដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងដោយអនុលោមតាមលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងព្រះរាជក្រឹត្យនេះ។
ព្រះរាជក្រឹត្យស្តីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះមាន ៧ ជំពូក និង ២១ មាត្រា ដោយបានឡាយព្រះហស្ថលេខាដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី ២៦ ខែសីហា និងទើបចេញផ្សាយនាពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣។
ព្រះរាជក្រឹត្យលើកឡើងថា គណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ទទួលបានបុព្វសិទ្ធិជាគណបក្សស្ថាបនិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ក្នុងលក្ខខណ្ឌដែលគណបក្សនយោបាយនោះបានដាក់ពាក្យស្នើសុំជាផ្លូវការក្នុងរយៈពេល ២ សប្តាហ៍ បន្ទាប់ពីការចូលជាធរមាននៃព្រះរាជក្រឹត្យនេះ និងទទួលបានការសម្រេចយល់ព្រមពីនាយករដ្ឋមន្ត្រី សម្រាប់ការតែងតាំងជាសមាសភាពដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយអនុលោមតាមព្រះរាជក្រឹត្យនេះ។
ព្រះរាជក្រឹត្យដដែលបន្តថា ក្រៅពីគណបក្សស្ថាបនិក គណបក្សនយោបាយផ្សេងទៀត ទាំងគណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ទាំងគណបក្សនយោបាយដែលមិនបានចូលរួមក្នុងការបោះឆ្នោតនេះ ប៉ុន្តែ បានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ អាចស្នើសុំចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បាន ដោយត្រូវដាក់ពាក្យស្នើសុំជាផ្លូវការ និងត្រូវមានការសម្រេចយល់ព្រមពីនាយករដ្ឋមន្ត្រី។
ប្រភពដដែលបញ្ជាក់ថា ៖ «ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បំពេញភារកិច្ចរបស់ខ្លួនក្រៅក្របខ័ណ្ឌសភា ក្នុងការផ្តល់ធាតុចូលដោយផ្ទាល់ជូនរាជរដ្ឋាភិបាល ក្នុងន័យស្ថាបនា សំដៅលើកស្ទួយប្រសិទ្ធភាពការងាររបស់ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើប្រជាជន និងសង្គមជាតិ»។
មួយវិញទៀតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មានសិទ្ធិផ្តួចផ្តើមគំនិតតាក់តែងរៀបចំធ្វើសេចក្តីព្រាងច្បាប់និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតស្នើជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងចាត់ចែងប្រគល់ជូន រដ្ឋមន្ត្រីក្រសួង ឬលេខាធិការដ្ឋាន ដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្បីពិនិត្យសិក្សានិងផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីសម្រេច។
ប្រធានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ត្រូវជ្រើសចេញពីប្រធានប្រតិភូគណបក្សដោយត្រូវអនុវត្តតាមគោលការណ៍ប្ដូរវេនរៀងរាល់ ១ ខែម្តងដោយយកតាម លំដាប់លេខរៀងគណបក្សនៅក្នុងសន្លឹកឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់គណបក្សស្ថាបនិក និងលំដាប់លេខរៀងជាបន្តបន្ទាប់តាមកាលបរិច្ឆេទនៃការសម្រេចយល់ព្រមរបស់នាយករដ្ឋមន្ត្រី ចំពោះគណបក្សនយោបាយផ្សេងទៀតដែលមិនមែនជាគណបក្សស្ថាបនិក។
លោក គឹមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនថ្លែងថា ជារួមការបង្កើតគណបក្ស គឺក្នុងគោលបំណងដើម្បីចូលរួមការបោះឆ្នោត និងចង់ធ្វើជាអ្នកប្រកួតប្រជែង មិនមែនធ្វើជាគូសត្រូវនោះទេ។ លោកបានពន្យល់ថា ក្នុងន័យនេះ បើចូលរួមការប្រកួតប្រជែង ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋកម្រិតណា នោះគណបក្សនឹងចូលរួមកសាងប្រជាធិបតេយ្យក្នុងការអភិវឌ្ឍប្រទេសទៅតាមកម្រិតនោះ។ ប៉ុន្តែគណបក្សលោកមិនបានចូលរួមប្រកួតប្រជែង ហើយបើឱ្យគណបក្សចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ទៀតមិនសមនោះទេ។
លោកថ្លែងថា៖ «គេថា យើងមិនស្របច្បាប់ប៉ុន្តែនៅពេលដែលយើងចូលទៀតរឹតតែមិនស្របច្បាប់ទៀតតែវាជាសិទ្ធិរបស់រាជរដ្ឋាភិបាលទេក្នុងការបង្កើតនេះដើម្បីទទួលយកយោបល់ព្រោះជួនកាលទីប្រឹក្សារាប់ពាន់វាមិនគ្រប់ ហើយបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះក្នុងការផ្តល់យោបល់ផ្សេងៗ វាជាសិទ្ធិរបស់រាជរដ្ឋាភិបាល»។
ចំណែកលោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការបង្កើតឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ក្នុងអាណត្តិទី៧ នេះ មិនខុសពីអាណត្តិទី៦ នោះទេ។
លោកថ្លែងថា៖«ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះ គ្រាន់តែជាជំនួយស្មារតីត្រួតពិនិត្យផ្តល់យោបល់ និងពិគ្រោះយោបល់ប៉ុណ្ណោះ មិនមានឥទ្ធិពលខ្លាំងលើរដ្ឋាភិបាលនោះទេ។ រីឯការដេញដោលផ្សេងៗ គឺជាអំណាចសភា រីឯឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះមិនមានអំណាចដូចសភាឡើយ»៕