​ព្រះសីហនុៈ ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាននិងកំពុង​ព​ន្លឿ​ន​ការចុះបញ្ជី​នាវា និង​ទូក​នេសាទ នៅ​ភូមិសាស្ត្រ​ខេត្ត​ដើម្បី​ងាយស្រួល​គ្រប់គ្រង បញ្ចៀស​ឧបទ្ទវហេតុ​ណាមួយ​ដែល​អាច​កើតឡើង​នៅក្នុង​លម្ហ​សមុទ្រ ជាពិសេស​ដើម្បី​ចេញពី​កាត​ក្រហម​របស់​សហភាព​អឺរ៉ុប​។​

​ការ​ព​ន្លឿ​ន​ការងារ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ភាគី​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​ ២៩ ខែសីហា ឆ្នាំ ​២០២៣​។​

​យោងតាម​ការប្រកាសរ​បស់​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បានលើកឡើង​ក្នុង​កិច្ចប្រជុំ​នោះ​ថា គោលបំណង​នៃ​កិច្ចប្រជុំ​នោះ​គឺ​ដើម្បី​ជំរុញ​ការ​លើកទឹកចិត្ត និង​ការផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​ឱ្យ​ចូលមក​ស្នើសុំ​ចុះបញ្ជី​ទូក​នេសាទ​របស់ខ្លួន ខណៈ​រដ្ឋបាលខេត្ត​នឹង​បញ្ចុះតម្លៃ ​៥០​ ភាគរយ​សម្រាប់​ឆ្នាំ​ ២០២៣ ​នេះ​។​

​លោក​បន្តថា​៖ «​សូម​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ យក​ស្មារតី​នៃ​អង្គប្រជុំ​ទៅ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជា​នេសាទ​របស់ខ្លួន ពិសេស​ជួយ​សម្រប​សម្រួល​ជូន​ពួកគាត់​តាម​នីតិវិធី ហើយក៏​សុំឱ្យ​ប្រជា​នេសាទ​មកកាន់​ច្រកចេញចូល​តែ ​១ ​របស់​រដ្ឋបាលខេត្ត​ដែល​នៅ​រង់ចាំ​បម្រើសេវា ដោយ​ត្រូវ​ធ្វើយ៉ាងណា​ធ្វើ​ភ្លាមៗ​ឱ្យបាន​កាន់តែ​លឿន និង​មាន​តម្លាភាព​ដើម្បីឱ្យ​កម្ពុជា​ចេញផុត​ពី​កាត​ក្រហម​របស់​សហភាព​អឺរ៉ុប​»​។​

​ជាមួយគ្នានេះ លោក ​គួច ចំរើន ក៏បាន​ស្នើឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវខិតខំ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​ឱ្យមក​ចុះបញ្ជី​ទូក​នេសាទ​ឱ្យបាន​ទាន់ពេលវេលា​។​

​ជាមួយគ្នានេះ លោក ពុំ សេដ្ឋា ប្រតិភូ​អម​រាជរដ្ឋាភិបាល ជា​ប្រធាន​រដ្ឋបាល​ជលផល បានលើកឡើង​ដែរ​ថា ការចុះបញ្ជី​សម្រាប់​នាវា និង​ទូក​នេសាទ​នេះ គឺ​ផ្តោត​សំខាន់​សម្រាប់​ការ​គ្រប់​គ្រង​ឱ្យមាន​តម្លាភាព ប្រសិទ្ធភាព និង​ការងារ​ជួយសង្គ្រោះ​ដោយ​ឧបទ្ទវហេតុ​ណាមួយ​នៅក្នុង​លម្ហ​សមុទ្រ ដោយ​លោក​អះអាងថា បច្ចុប្បន្ន​ទូក​នេសាទ​ក្នុង​ខេត្ត​ព្រះសីហនុ​មិនទាន់បាន​ចុះបញ្ជី​នៅឡើយ​ទេ​។​

​លោក​បន្តថា​៖ «​ប្រសិនបើ​មាន​ទូក​នេសាទ​ណា​បាន​ចុះបញ្ជី​រួចហើយ​យើង​នឹង​បំពាក់​ឧបករណ៍ GPS ព្រោះ​សហភាព​អឺរ៉ុប IU បានផ្តល់​ថវិកា​ក្នុងការ​បំពាក់​ឧបករណ៍​ GPS ​តាមដាន​ទូក​នេសាទ​ដែល​បាន​ចុះបញ្ជី​រួច​»​។

​ជុំវិញ​រឿងនេះ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បានលើកឡើង​នៅ​ថ្ងៃទី ​៣០ ខែសីហា ថា ការចុះបញ្ជី​នេះ​គឺ​រឿង​សំខាន់​ដើម្បី​ងាយស្រួល​គ្រប់គ្រង​សណ្តាប់ធ្នាប់​លើ​ទូក កប៉ាល់ កាណូត នាវា ដែល​ធ្វើ​អាជីវ​កម្ម​នៅក្នុង​ខេត្ត​ទាំងមូល​។​

​លោក​ថា​៖«​បើ​ការងារ​ចុះបញ្ជី​នេះ​ទទួលបាន​ជោគជ័យ យើង​នឹង​អាច​បញ្ចៀស​ផលប៉ះពាល់​បាន​ច្រើន ព្រោះថា កាលណា​យើង​កំណត់​បាន​អត្តសញ្ញាណ​នៃ​ទូក​នេសាទ​ទាំងអស់ មិន​ត្រឹម​តែ​ជួយ​ធានា​សុវត្ថិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​លើ​ផ្ទៃ​​សមុទ្រ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ចំណែក​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ខេត្ត​ថែមទៀត​...»​។​

​បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ តាមច្បាប់​កម្ពុជា​ទូក​អូស​មិន​អនុញ្ញាតឱ្យ​អូស​នៅក្រោម​ជម្រៅ​ទឹក ​២០ ​ម៉ែត្រ​ទេ ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​ត្រូវ​កំណត់​ដែន​នេសាទ​សម្រាប់​ទូក​នេសាទ​មានដូចជា​៖ អួន​អូស ទូក លប​ក្តាម ត្រូវ​ពង្រីក​ដែន​នេសាទ​នៅក្នុង​សហគមន៍ ដើម្បី​រួមគ្នា​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​ជលផល​ឱ្យ​សម្បូរបែប​ថែមទៀត​។​

​កម្ពុជា​បាន​ជាប់​បញ្ជី​កាត​ក្រ​ហម​របស់​សហភាព​អឺរ៉ុប ​(Illegal Unreported and Unregulated Fishing, IUU")​ តាំងពី​ឆ្នាំ​ ២០១៤ ​មក​មាន​រយៈ​ពេល​ ៩​ ឆ្នាំ​ហើយ ពាក់ព័ន្ធ​នឹង​ការនេសាទ​ខុសច្បាប់ គ្មាន​របាយ​ការណ៍ ហើយ​កម្ពុជា​មិន​បានធ្វើ​របាយការណ៍​សុំ​ការអនុញ្ញាត​ទុកជាមុន​ទៅកាន់​សហគមន៍​អន្តរជាតិ​។​

​ការកើតមាន​ការនេសាទ​ខុសច្បាប់​នេះ​ដោយសារតែ​ទូក​នេសាទ​ទាំងនោះ​មិនទាន់បាន​ចុះបញ្ជី​ត្រឹមត្រូវ​។ ហេតុនេះ​ការ​ជំរុញ​ចុះបញ្ជី​នាវា ទូក​នេសាទ​នេះ គឺជា​យន្តការ​សំខាន់​ដើម្បី​ដោះ​កាត​ក្រហម​ពី​សហភាព​​អឺរ៉ុប នៅពេល​ខាងមុខ​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន នៅ​ខេត្ត​ព្រះសីហនុ​មាន​ ២ ​ក្រុង និង ​៣ ​ស្រុក មាន​ទូក​នេសាទ​តូច ធំ សរុប​ចំនួន ២ ៥២៣ ​ទូក ហើយ​ទូក​ដែល​បាន​សុំ​បង់ពន្ធ​ដែន​នេ​​សាទ​មាន​ចំនួន ៦៥ ​ទូក​៕