ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា ការអភិវឌ្ឍធនធានមនុស្សកម្ពុជា គឺជារឿងសំខាន់ ដែលត្រូវបន្តលើកកម្ពស់កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំកម្ពុជាឱ្យចំទិសដៅផងដែរ។
ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនមន្ត្រីរាជការ នៃមន្ទីរអប់រំ យុវន និងកីឡាខេត្តពោធិ៍សាត់ព្រមទាំងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស ១២+៤ ជំនាន់ទី១ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងកាលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានអះអាងថា ក្រសួងក៏នឹងបន្តធ្វើកំណែទម្រង់ចំទិសដៅ តាមរយៈការលើកកម្ពស់កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ សំដៅកសាងប្រព័ន្ធ និងអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យកាន់តែមានគុណភាពថែមទៀត។
លោក ហង់ជួន ណារ៉ុន បានថ្លែងថា៖ «កន្លងមក និងពេលបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស...ប្រកបដោយគុណភាព និងប្រសិទ្ធភាព»។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា នៅថ្ងៃទី ៣០ ខែសីហា បានថ្លែងថា ការធ្វើកំណែទម្រង់វិស័យអប់រំរបស់ក្រសួង តាមរយៈការពង្រឹងវិជ្ជាជីវៈគ្រូបង្រៀន និងការលើកកម្ពស់កិច្ចសហការជាមួយគ្រប់ភាគី ទាំងវិស័យសារធារណៈ និងវិស័យឯកជន ដើម្បីពង្រឹងគុណភាពអប់រំកម្ពុជាឱ្យរីកចម្រើនទៅមុខ។
លោកបានថ្លែងថា៖ «ដោយមើលឃើញថា អត្រាបោះបង់ការសិក្សារបស់សិស្សនៅតំបន់ដាច់ស្រយាលនៅតែមាន ហេតុនេះខ្ញុំសូមជំរុញឱ្យក្រសួងបន្តលើកទឹកចិត្តដល់គ្រូបង្រៀនតាមរយៈការដំឡើងប្រាក់បៀវត្សរ៍ និងផ្តល់អត្ថប្រយោជន៍បន្ថែមទៀត ដើម្បីជំរុញឱ្យគ្រូ អាចទៅបង្រៀននៅតាមសាលារៀននៅតំបន់ដាច់ស្រយាលសំដៅទទួលបានគុណភាពអប់រំស្មើគ្នា»។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីធ្លាប់ថ្លែងថា ដើម្បីលើកកម្ពស់គុណភាពអប់រំ រាជរដ្ឋាភិបាលនឹងផ្តោតលើការពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យឡើង៕