
ជំនួបពិភាក្សាការងារចុងក្រោយ រវាងលោកស្រី Carmen Moreno ជាមួយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមន្ត្រីជំនាញ។ រូបថត chrc
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលផុតអាណត្តិ លោកស្រីCarmen Morenoបានស្នើដល់រាជរដ្ឋាភិបាលកម្ពុជាធ្វើការពិចារណាក្នុងការពិនិត្យលទ្ធភាពឱ្យមានកិច្ចសហការគ្នា ឬលម្ហ នៃការចូលរួមសកម្មភាពឡើងវិញរបស់សង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្សប្រកបដោយលក្ខណៈបរិយាប័ន្ន និងគួរជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។ នេះបើយោងតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ការស្នើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារចុងក្រោយ រវាងលោកស្រីCarmen Morenoជាមួយនឹងលោកកែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយនឹងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបផ្សេងទៀតនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។
ជាការឆ្លើយតបទៅនឹងសំណើនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា៖«ឯកឧត្តម កែវ រ៉េមី បានសន្យាពាំនាំសំណូមពរទាំង២ខាងលើដល់ប្រមុខរាជរដ្ឋាភិបាល»។ បន្ថែមពីនោះ លោកបានលើកឡើងថា ថ្នាក់ដឹកនាំបន្តវេនរបស់កម្ពុជា គឺប្រកបដោយសមត្ថភាពខ្ពស់ ឈ្លាសវៃ និងគំនិតអភិវឌ្ឍន៍ថ្មីៗជាច្រើន។ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាមានការយកចិត្តទុកដាក់ខ្ពស់លើការងារអប់រំ និងផ្សព្វផ្សាយក្នុងស្មារតីឱ្យអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយទទួលបានព័ត៌មានពេញលេញលើប្រវត្តិសាស្ត្ររបស់ខ្លួនដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព ពង្រឹងដល់ការចងចាំ និងការមិនវិលត្រឡប់ឡើងវិញនៃរបបប៉ុលពតនៅក្នុងសង្គមជាតិ។
លើសពីនោះ លោកស្រីបានលើកឡើងអំពីសារៈសំខាន់នៃការងារអប់រំ និងផ្សព្វផ្សាយបណ្ណសារនៃសំណុំរឿង និងដំណើរការកាត់សេចក្ដីរបស់សាលាក្ដីខ្មែរក្រហមឱ្យបានទូលំទូលាយ និងមានអត្ថន័យដល់សាធារណជន យុវជនជំនាន់ក្រោយ ព្រមទាំងនៅថ្នាក់តំបន់ និងអន្តរជាតិ ព្រោះថា នេះជាសមិទ្ធផលនិងកេរដំណែលរបស់ជាតិ ហើយក៏ជាសមិទ្ធផលរួមរបស់មនុស្សជាតិទាំងមូលផងដែរ។
លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររបស់សហភាពអឺរ៉ុបក្នុងរយៈពេល៤ឆ្នាំកន្លងមក ដែលបានរួមចំណែកដល់ដំណើរការកាត់សេចក្ដីរបស់ អ.វ.ត.ក. ប្រកបដោយជោគជ័យ និងបន្តគាំទ្រដល់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក និងលទ្ធផលរំពឹងទុកសម្រេចបានក្នុងរយៈពេល៣ឆ្នាំ(២០២៣-២០២៥)។
លោកកែវ រ៉េមី ដែលជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាល ទទួលដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)ផងនោះ បានថ្លែងថា រដ្ឋបាលសាលាក្ដីខ្មែរក្រហមកំពុងតែមមាញឹកក្នុងការរៀបចំ និងកសាងបន្ទប់តាមស្ដង់ដាអន្តរជាតិសម្រាប់គ្រប់គ្រង និងរក្សាបណ្ណសារសំណុំរឿងដែលមានជិត៤លានទំព័រ។ ក្រៅពីនោះក៏កសាងបណ្ណាល័យ និងបន្ទប់សវនាការត្រាប់( Library and Moot Court) សម្រាប់បម្រើឱ្យការងារផ្សព្វផ្សាយ ស្រាវជ្រាវ និងបណ្តុះបណ្តាលផងដែរ។ នេះបើយោងតាមប្រភពដដែលនេះ៕