ភ្នំពេញៈយុទ្ធនាការសៀវភៅអាន ១ ម៉ឺន ក្បាល ដើម្បីកុមារកម្ពុជា ទទួលបានសៀវភៅពីសាធារណជនចំនួន ១ ម៉ឺន ៦០ ក្បាល ក្នុងរយៈពេល ៥ ខែនិងបានប្រគល់សៀវភៅទាំងនោះទៅដល់ជំរំអំណានសម្រាប់កុមារនៅតាមជនបទដាច់ស្រយាល ដែលជួបប្រទះការខ្វះសៀវភៅអាននៅក្នុងតំបន់ចំនួន ៩ ក្នុងខេត្តចំនួន២។
កាលពីថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៣ អង្គការទស្សនៈពិភពលោក បានប្រកាសអនុវត្តយុទ្ធនាការសៀវភៅអាន ១ ម៉ឺន ក្បាល ដើម្បីកុមារកម្ពុជា ដោយភ្ជាប់ជាមួយកម្មវិធី «អំណានឮៗ» ដើម្បីផ្សព្វផ្សាយ និងប្រមូលការចូលរួមពីសាធារណជន បន្ទាប់ពីយុទ្ធនាការនេះត្រូវបានបង្កើតឡើងជាលើកដំបូងកាលពីឆ្នាំ២០២២។
លោក ជា សុភាព ប្រធានជាន់ខ្ពស់ផ្នែកកៀរគរធនធានក្នុងស្រុក និងភាពជាដៃគូនៃអង្គការទស្សនៈពិភពលោក បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៣១ សីហាថា គិតមកទល់ពេលនេះ ក្រុមការងារ ទទួលបានសៀវភៅអានចំនួន ១០ ០៦០ ក្បាលពីសប្បុរសជនគ្រប់ទិសទី។
លោកបានឱ្យដឹងទៀតថា សៀវភៅអានទាំងនោះ ១ ចំនួនធំ គឺបានប្រគល់ជូនជំរំអំណាន ដែលមាននៅក្នុងតំបន់គោលដៅចំនួន ៩ កន្លែង ស្ថិតក្នុងខេត្តក្រចេះ និងព្រះវិហារ ដើម្បីផ្តល់ជូនដល់កុមារនៅក្នុងតំបន់ទាំងនោះ ឱ្យទទួលបានសៀវភៅអានដោយសម្បូរបែប។
លោកបានបញ្ជាក់ថា៖«យើងប្រមូលបានគ្រប់តាមផែនការដោយទទួលបានចំនួន ១០ ០៦០ ក្បាល ហើយនៅក្នុងចំណោមនោះ យើងបានប្រគល់ជូនទៅកាន់ខេត្តគោលដៅយើងចំនួន២ គឺខេត្តក្រចេះ និងខេត្តព្រះវិហារ។ សៀវភៅភាគច្រើនដែលយើងទទួលបានពីសប្បុរសជននោះ គឺយើងបានដាក់នៅក្នុងជំរំអំណាន ដែលមាននៅក្នុងតំបន់ចំនួន ៩ របស់កម្មវិធីអង្គការទស្សនៈពិភពលោក»។
ក្រៅពីប្រគល់ជូនទៅដល់ជំរំអំណាន លោក ជា សុភាព បានអះអាងថា សៀវភៅអានមួយចំនួន ក៏នឹងត្រូវផ្តល់ជូនទៅដល់បណ្តាល័យនៅតាមសាលារៀនមួយចំនួនផងដែរ ដើម្បីបន្តចែករំលែកទៅដល់សិស្សានុសិស្សឱ្យទទួលបានសៀវភៅ សម្រាប់សិក្សាក្នុងទិសដៅជួយពង្រឹងសមត្ថភាពកុមារ និងបណ្តុះធនធានមនុស្ស។
ការអប់រំគឺជាវិស័យ១ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីការបិទខ្ទប់រយៈពេលយូរបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ហើយផលប៉ះពាល់នៃការបិទសាលារៀនរយៈពេល១៨ខែបានធ្វើឱ្យការអប់រំរបស់កុមាររាប់លាននាក់ត្រូវប្រឈមនឹងហានិភ័យកាន់តែខ្ពស់។ នេះបើតាមការអះអាងរបស់លោក វ៉ា សុរិន្ទ ប្រធានកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោក។
តាមការសិក្សារបស់ក្រសួងអប់រំកាលពីចុងឆ្នាំ២០២១ បានរកឃើញថា កុមារសិក្សាថ្នាក់ទី៦ ដែលអាចអានបានមានត្រឹម ៤៥ ភាគរយចំណែក ៥៥ ភាគរយទៀត មិនមានសមត្ថភាពអាន ដោយសារកត្ដាជីវភាពនិងភូមិសាស្ដ្រ។
លោក វ៉ា សុរិន្ទ បានបញ្ជាក់ថា៖«ការវិនិយោគលើការអានជាពិសេស សម្រាប់កុមារពិតជាមានសារៈសំខាន់ណាស់សៀវភៅជាឃ្លាំងផ្ទេរចំណេះដ៏សំខាន់បំផុត១ សម្រាប់សិស្សានុសិស្សសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីមុខវិជ្ជាផ្សេងៗ តាំងពីវប្បធម៌ និងមុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀត»។
ក្នុងយុទ្ធនាការសៀវភៅ ១ ម៉ឺនក្បាល កាលពីឆ្នាំ២០២២ កន្លងទៅ អង្គការទស្សនៈពិភពលោក បានទទួលបានថវិកាចំនួនជាង២ ៤០០ដុល្លារ និងសៀវភៅអានចំនួនជាង៥០០ក្បាល ហើយក៏បានប្រគល់ជូនជំរំអំណាន និងសាលារៀនគោលដៅ ដែលស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកស្រី មាស សិរី អ្នកសម្របសម្រួលស្ម័គ្រចិត្តនៅជំរំអំណានស្ថិតនៅឃុំកន្ទួត ខេត្តព្រះវិហារ ដែលទទួលបានការបរិច្ចាគពីកម្មវិធី«អំណានឮៗ» បានថ្លែងថា ជំរំអំណាននៅទីនេះ មានកុមារចន្លោះពី៣០ ទៅ៤០នាក់ មកអានសៀវភៅជុំគ្នា បន្ទាប់ពីទំនេរពីការសិក្សា នៅថ្ងៃចុងសប្តាហ៍។
លោកស្រី បានចាត់ទុកថា៖«ជំរំអំណាន មិនត្រឹមតែជួយអភិវឌ្ឍបំណិនអំណានរបស់កុមារប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យពួកគេបង្កើនមិត្តភាព និងសាមគ្គីភាពផងដែរ។ ការបរិច្ចាគថវិកា ឬសៀវភៅ មកអានជំរំអំណាន គឺជាផ្នែក១ជួយដល់កុមារដែលកំពុងជួបភាពខ្វះខាត»៕