
លោក ឌិត ទីណា ក្នុងកិច្ចពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នៅថ្ងៃទី៣១ សីហា។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ក្រសួងនឹងប្រើប្រាស់ឧបករណ៍ដ្រូន ដែលហោះបានឆ្ងាយៗ សម្រាប់ឈ្លបយកការណ៍ដើម្បីបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។
លោក ឌិត ទីណា បានលើកឡើងបែបនេះ ក្នុងពេលជួបពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថល (Digital Transformation) ជាមួយអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម។
ក្នុងជំនួបនោះ លោករដ្ឋមន្ដ្រីបានបញ្ជាក់ប្រាប់ទៅអគ្គនាយកក្រុមហ៊ុនមិត្ដហ្វូនថា ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ ក្រសួងកសិកម្ម នឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើជំនាញកសិកម្ម សំដៅជួយដល់កសិករនៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស ព្រោះនេះជាគោលដៅអាទិភាព១ ក្នុងចំណោមគោលដៅសំខាន់ៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា ក្រសួងកសិកម្មកំពុងបន្តធ្វើទំនើបកម្មបែបឌីជីថលដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាដល់ប្រជាកសិករ។ ការងារនេះក្រសួងមានការចាំបាច់ត្រូវការការសហការចូលរួមពីវិស័យឯកជន ដែលមាន២ផ្នែកសំខាន់ៗ ទី១គឺ ផ្នែករឹង និងទី២ គឺផ្នែកទន់។
លោកបានបញ្ជាក់ថា៖«សម្រាប់ផ្នែករឹង (Hardware) គឺក្រសួងត្រូវការប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការណ៍ ដោយមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង»។
ចំណែកផ្នែកទន់វិញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវការការបណ្តុះបណ្តាលធនធានមនុស្សដែលក្នុងនោះរួមមានជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេសដើម្បីពង្រឹងគុណភាពនិងបង្កើនប្រសិទ្ធភាពការងារផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ឌិត ទីណា។
ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្សនេះដែរ លោករដ្ឋមន្ត្រីកសិកម្ម បានសម្ដែងការអរគុណដល់ក្រុមហ៊ុនមិត្ដហ្វូនដែលកន្លងមកបានជួយដល់សាលាកសិកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស៕